សមត្ថកិច្ចដាក់របាំងបន្លាលួសនៅច្រកចូលភ្នំពេញ ខណៈពលរដ្ឋឡើងមកគាំទ្រ លោក កឹម សុខា

របាំងបន្លាលួសនៅច្រកចូលភ្នំពេញ

សមត្ថកិច្ចបានដាក់របាំងបន្លាលួសនៅតាមផ្លូវសំខាន់ៗមួយចំនួនចូលមករាជធានីភ្នំពេញ ខណៈដែលសកម្មជនគណបក្សសង្រ្គោះជាតិរាប់រយនាក់ប្រកាសឡើងមកគាំទ្រ លោក កឹម សុខា នៅថ្ងៃបើកសវនាការ។

របាំងបន្លាលួសត្រូវបានដាក់នៅតាមផ្លូវជាតិ៦ក្នុងឃុំព្រែកអញ្ចាញខេត្តកណ្តាល ជាច្រកចូលសំខាន់មួយ មកពីខេត្តកំពង់ចាមនិងត្បូងឃ្មុំ ដែលគណបក្សសង្រ្គោះជាតិឈ្នះអសនៈគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៣។

អភិបាលរងស្រុកមុខកំពូលលោក សាន ប៊ុនថុល ដែលដឹកនាំការត្រួតពិនិត្យនៅព្រឹកនេះបានឲ្យអ្នកសារព័ត៌មានវីអូឌីឲ្យដឹងថា ការដាក់របាំងនេះគឺ ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះតែប៉ុណ្ណោះ ដោយមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទេ ក៏ប៉ុន្តែលោកស្នងការនគរបាលខេត្តកណ្តាលបានប្រាប់កាសែត ខាំបូឌា ដេលី ថាការដាក់បន្លាលួសនេះដើម្បីត្រួតពិនិត្យអ្នកគាំទ្របក្សប្រឆាំងដែលចូលមកភ្នំពេញ។

វិធានការរបស់អាជ្ញាធរនេះធ្វើឡើងមុនពេលដែលតុលាការបើកសវនាការករណី លោក កឹម សុខា នៅថ្ងៃទី៩ខែកញ្ញានេះ ដោយគណបក្សសង្រ្គោះជាតិអំពាវនាវឲ្យសកម្មជនឡើងមកគាំទ្រតាមគម្រោងប្រហែល១០០០នាក់។

អ្នកគាំទ្រគណបក្សប្រឆាំងដែលមានទីលំនៅក្នុងស្រុកមុខកំពូលថា នេះជាសកម្មភាពរារាំងពួកគាត់និងបានគំរាមកំហែងមិនឲ្យចូលមកគាំទ្រលោក កឹម សុខា។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ លោក សេង ថាវីរៈ បានឲ្យដឹងថាការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ បានធ្វើឲ្យបះពាល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការសម្តែងការគាំទ្របក្សណាដែលខ្លួនពេញចិត្ត។

លោកបន្តថា៖ “គាត់ដាក់បារ៉ាសអញ្ចឹង គឺប៉ះពាល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមានសិទ្ធិទៅគាំទ្របក្សសង្គ្រោះជាតិនៅចាក់អង្រែជាសិទ្ធិរបស់គាត់តើ។ ព្រោះអីគណបក្សសង្គ្រោះជាតិ គាត់ចុះបញ្ជីនៅក្រសួងមហាផ្ទៃតើ។ អញ្ចឹងគាត់មិនអាចមកឃាត់ឃាំងអញ្ចឹងបានទេ“។

សមាជិកក្រុមប្រឹក្សាស្រុកមុខកំពូលមកពីគណបក្សសង្គ្រោះជាតិលោក ចុំ នៅ បានឲ្យដឹងថាលោកមិនពេញចិត្តទៅនឹងសកម្មភាពរបស់អភិបាលស្រុកនិងអភិបាលរងដែលបានចុះមកត្រួតពិនិត្យនេះទេនិងថាសកម្មភាពនេះបានគំរាមដល់សកម្មជនដែលបានចេញទៅចូលរួមការជួបជុំរបស់បក្សប្រឆាំងផងដែរ។

លោកថា៖ យើងជាប៉ូលីសយើងអាចធ្វើបាន ប៉ុន្តែយើងជាអភិបាលស្រុក យើងមិនអាចធ្វើអញ្ចឹងបានទេ។ រួចគាត់បានគំរាមមកប្រជាពលរដ្ឋធ្ងន់ថា បើបងប្អូននៅក្នុងផ្ទះមិនចេញពីស្រុកមុខកំពូលទេ គាត់រក្សាសុវត្ថិភាពឲ្យបាន បើសិនជាចេញពីហ្នឹង គ្រោះថ្នាក់ដោយសារបច្ច័យប្រការណាមួយ គាត់អត់ធានាខុសត្រូវទេ”។

ទាក់ទងទៅនឹងករណីនេះ អភិបាលរងស្រុកមុខកំពូលលោក សាន ប៊ុនថុល បានបដិសេធមិនធ្វើអត្ថធិប្បាយតាមទូរសព្ទឡើយនៅពេលដែលអ្នកសារព័ត៌មានបានសាកសួរពីរឿងនេះ។

សាលារាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ បានដាក់លក្ខខណ្ឌចំពោះការជួបជុំអ្នកគាំទ្របក្សប្រឆាំងនោះ ដោយមិនឲ្យមានការជួបជុំហៀមកលើចិញ្ចើមថ្នល់នៅមុខស្នាក់ការបក្ស មិនឲ្យភ្ជាប់ការជួបជុំនេះទៅសវនាការលោក កឹម សុខា និងហាមមិនឲ្យរិះគន់ឬក៏ជេប្រមាថលើរដ្ឋាភិបាលឡើយ។

សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការនៅថ្ងៃសុក្រស្អែកនេះ ដោយចោទថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីមិនចូលខ្លួនទៅតុលាការ ក្នុងសំណុំរឿងដែលគេចោទថា លោកមានស្នេហាលួចលាក់។

សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើមេដឹកនាំបក្សប្រឆំាងនោះផងដែរ។ ចំណែកអ្នកវិភាគ អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សយល់ថាសំណុំរឿងនោះ តុលាការធ្វើឡើងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រដោយផ្ទុយពីរដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ៕

ដោយ អឹុង ប៊ុនថន និង ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ