ភរិយា​លោក កែម ឡី ខក​ចិត្ត​នឹង​សាលា​​រាជ​ធា​នី​មិន​ឲ្យ​រៀប​ចំ​បុណ្យ​គម្រប់​ខួប​១០០ថ្ងៃ

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

ភរិយាសពលោកបណ្ឌិត កែម ឡី បានបង្ហាញការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នៅរាជធានីភ្នំពេញ។

កាលពីថ្ងៃទី០៥ ខែតុលាកន្លងមកនេះ លោក សៅ កុសល សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ស្ដីពីការរៀបចំបុណ្យខួបគម្រប់ ១០០ថ្ងៃ សពលោកបណ្ឌិត កែម ឡី នៅឯវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ។ ពិធីបុណ្យនេះ ត្រូវបានគេគ្រោងធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានេះ នៅរាជធានីភ្នំពេញ និងនៅស្រុកត្រាំកក់ ខេត្តតាកែវ។

ប៉ុន្តែ កាលពីថ្ងៃម្សិលមិញ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានឆ្លើយតបទៅលោក សៅ កុសល ដោយបញ្ជាក់ថា ពុំអនុញ្ញាតឲ្យរៀបចំពិធីបុណ្យនៅរាជធានីភ្នំពេញនោះឡើយ។

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី បានថ្លែងតាមវីដេអូខនហ្វឺរេនក្រុមព័ត៌មានសង្គមទាន់ហេតុការណ៍ថា៖ “យើងខកចិត្តជាមួយអាជ្ញាធរ ដែលយើងសុំធ្វើអីហ្នឹង។ រូបសំណាក់អីហ្នឹង យើងធ្វើដោយសារជារូបគ្មានវិញ្ញាណ។ ពួកគាត់នាំគ្នាខ្លាចអីអីចឹង។ ខ្ញុំមិនដឹងថា ពួកគាត់គិតរបៀបម៉េច”។

អ្នកស្រី ប៊ូ រចនា ដែលទើបឆ្លងទន្លេកូនប្រុសទី ៥កាលពីប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ បានបន្តថា «យើងសុំការអនុញ្ញាតពីគាត់ យើងមិនមែនធ្វើតាមទំនើងចិត្តយើងឡើយ ហើយគាត់អត់ឲ្យអីចឹង។ គាត់បដិសេធអីចឹង យើងសោកស្ដាយចំពោះអាជ្ញាធរនៅស្រុកយើងអីចឹង»

កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងមក គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ក៏បានស្នើសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃផងដែរ ប៉ុន្តែ ក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បដិសេធផងដែរ។

លោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ