សាលារាជធានីភ្នំពេញទុករយៈពេលមួយខែ ឲ្យពលរដ្ឋដែលកាន់កាប់ដីតំបន់បឹងទំពុន និងបឹងជើងឯក ដាក់ឯកសារផ្សេងៗ ដែលទាក់ទងនឹងការកាន់កាប់ដីធ្លី ដើម្បីពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។
រដ្ឋបាលនៃសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី៦ ខែ តុលា ស្ដីពីការស្រង់ទិន្នន័យក្បាលដីដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបបឹងទំពុននិងបឹងជើងឯក ដោយសាលារាជធានី ទុករយៈពេលមួយខែ រហូតដល់ថ្ងៃទី៦ ខែក្រោយ ដើម្បីឲ្យពលរដ្ឋយកឯកសារកាន់កាប់ដីច្បាប់ដើម មករដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។
សាលារាជធានីបន្តថាអនុគណៈកម្មការបច្ចេកទេសនឹងចុះធ្វើការបោះបង្គោលកំណត់ទីតាំងតំបន់អភិវឌ្ឍន៍ ដើម្បីឈានទៅដោះស្រាយបញ្ចប់ជូនពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានឆាប់ ដើម្បីអភិវឌ្ឍតំបន់នេះតាមគោលការណ៍គ្រោងទុករបស់រដ្ឋាភិបាល។
សេចក្កីជូនដំណឹងដដែលបន្តថាពលរដ្ឋដែលកាន់កាប់ដីតំបន់នោះ ហើយពុំបានយកឯកសារមកប្រគល់តាមកាលកំណត់នោះទេ រដ្ឋបាលរាជធានីភ្នំពេញពុំទទួលខុសត្រូវចំពោះការខូចខាត និងបាត់បង់ផលប្រយោជន៍ផ្សេងៗរបស់ពលរដ្ឋនោះទេ។
សាលារាជធានីបញ្ជាក់ថាកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានទទួលយកឯកសារនៃការកាន់កាប់ដីរបស់ពលរដ្ឋនៅទីស្នាក់ការក្រុមហ៊ុន អាយ អ៊ិន ជី ហូលឌីង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍នេះបានមួយចំនួនហើយ ប៉ុន្តែនៅមានពលរដ្ឋមួយចំនួនទៀតមិនទាន់ប្រគល់ ដែលជាហេតុធ្វើឲ្យការស្រង់ទិន្នន័យនៃការកាន់កាប់ក្បាលដីពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍នេះអួសបន្លាយពេលយូរ៕