ចៅសង្កាត់និងមេឃុំមួយចំនួននៅសៀមរាបរងការចោទថាកឹបកេងថវិកា គ.ជ.ប

ចៅសង្កាត់និងមេឃុំមួយចំនួននៅខេត្ដសៀមរាបរងការចោទថា កឹបកេងថវិកា គ.ជ.ប ដែលបានឧបត្ថម្ភដល់មន្ដ្រីឃុំ-សង្កាត់ សម្រាប់ឲ្យពួកគាត់ធ្វើសកម្មភាពចុះជួយមន្ដ្រី គ.ជ.ប ចុះឈ្មោះបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ខាងមុខ។

ជំទប់ទី២នៃសង្កាត់ស្លក្រាម ក្រុងសៀមរាប លោក ឈន គឹមឃន ឲ្យVODដឹងនៅថ្ងៃអង្គារនេះថា ថវិកា គ.ជ.បដែលបានឧបត្ថម្ភដល់សង្កាត់ស្លក្រាមចំនួន៦សែនរៀល សម្រាប់ចំណាយដល់មន្ដ្រីសង្កាត់ ពេលចុះធ្វើសកម្មភាពក្នុងអំឡុងការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មី ប៉ុន្ដែលោកថា ចៅសង្កាត់ លោក ខៀវ សត មិនបានផ្ដល់ចំណែកខ្លះដល់លោកដែលបំពេញការងាររាល់ថ្ងៃនោះទេ ខណៈដែលមន្ដ្រីឃុំសង្កាត់ផ្សេងទៀតនៅក្នុងខេត្ដនេះ ទទួលបានស្ទើរគ្រប់គ្នា។ លោកបន្ដថា លោកបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីបំពេញការងារនេះមិនថាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យនោះទេ ប៉ុន្ដែផ្ទុយទៅវិញចៅសង្កាត់រូបនោះអះអាងថា ថវិកានោះបានចំណាយថ្លៃភ្លើងនៅការិយាល័យបោះឆ្នោតទៅវិញ ដែលលោកចាត់ទុកថាជាការជិះជាន់កម្លាំងពលកម្មមន្ដ្រីសង្កាត់។ លោកបន្ដថា៖ “គ.ជ.ប គេឲ្យមកសំដៅទៅលើក្រុមប្រឹក្សាដែលចុះធ្វើការជាមួយគណៈកម្មការចុះឈ្មោះបោះឆ្នោត ប៉ុន្ដែត្រូវជាដក់ថ្លៃភ្លើងថ្លៃអីវិញ គ្នាអ្នកចុះបានអីចាយ ដេកចាយប្រាក់ខែ៥០ម៉ឺនមួយខែ“។

ភាពមិនប្រក្រតីនេះ មិនមែនកើតមានតែនៅក្នុងសង្កាត់ស្លក្រាមនោះទេ។ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប និងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ក៏កើតមានករណីដូចគ្នានេះដែរ។

សមាជិកក្រុមប្រឹក្សាឃុំ នៅស្រុកប្រាសាទបាគង លោក សយ សីហា ឲ្យដឹងដែរថា មេឃុំត្រពាំងធំ លោក ងង នឿម បែកចែកថវិកា គ.ជ.ប នេះគ្មានតម្លាភាព ដោយលោកថាមេឃុំរូបនោះបានបែកចែកឲ្យសមត្ថកិច្ចប៉ូលិស ដែលជាបក្សពួកនិយម ចំណែកមន្ដ្រីឃុំដែលបំពេញការងារនៅកន្លែងចំឈ្មោះបោះឆ្នោត មេឃុំមិនបានលើកទឹកចិត្ដឡើយ។ លោកបន្ដថា ថវិកាចំនួន៦០ម៉ឺនរៀល បានបែកចែកឲ្យសមាជិកក្រុមប្រឹក្សាឃុំអស់៤០ម៉ឺនរៀលនៅសល់២០ម៉ឺនរៀលទៀត មេឃុំរូបនោះកឹបកេងរក្សាទុកដោយខ្លួនឯង។ លោកស្នើឲ្យ គ.ជ.ប ដែលបានឧបត្ថម្ភថវិកាដល់ឃុំសង្កាត់នីមួយៗ ឲ្យមានភាពច្បាស់លាស់។ លោកបន្ដថា៖ “គ.ជ.ប ដែលផ្ដល់ថវិកាមកដល់ថ្នាក់ឃុំ ធ្វើម៉េចឲ្យមានតម្លាភាព ក្រុមប្រឹក្សាណាដែលគេចុះអនុវត្ដផ្ទាល់ គឺតម្រូវឲ្យចំឈ្មោះរបស់ក្រុមប្រឹក្សាឃុំតែម្ដងទៅ ដូចខ្ញុំអី មេឃុំគាត់បានដាក់បញ្ជាឲ្យខ្ញុំទៅជាមួយក្រុមការងារចុះឈ្មោះបោះឆ្នោតដែលពេលដែលគាត់ផ្ដល់សម្ភារៈថវិកាអីគាត់សំដៅតែលើបុគ្គល“។

VODមិនអាចទាក់ទងមេឃុំត្រពាំងធំ លោក ងង នឿម និងលោក ខៀវ សត ចៅសង្កាត់ស្លក្រាម ដើម្បីសាកសួរពីករណីនេះបានទេ។

ប្រធានគណៈកម្មការខេត្ដរៀបចំការបោះឆ្នោត ប្រចាំខេត្ដសៀមរាប លោក ណឹម វ៉ាន់សំ មានប្រសាសន៍ថា ថវិកាដែល គ.ជ.ប ផ្ដល់ឲ្យមានចំនួន៦សែនរៀលក្នុងមួយឃុំសង្កាត់ សម្រាប់ឧបត្ថម្ភដល់មន្ដ្រីចុះជួយដល់ការងារចុះបោះឆ្នោតរបស់ គ.ជ.ប  ប៉ុន្ដែលោកថាថវិកានោះមិនមែនសម្រាប់បង់ថ្លៃភ្លើងនៅការិយាល័យឬឧបត្ថម្ភដល់សមត្ថកិច្ចនោះទេ ចំណែកមេភូមិមានថវិកាឧបត្ថម្ភ៤ម៉ឺនរៀលផ្សេងទៀត។ លោកបន្ដថា៖ “វាមានពីរវគ្គវគ្គទី១គេចែកលិខិតអញ្ជើញ មានក្រុមគេ មានក្រុមប្រឹក្សាផង មានមេភូមិផង ចឹងវគ្គទី១បានទៅលើក្រុមប្រឹក្សាអនុភូមិ៤ម៉ឺនដាច់ដោយឡែក៦០ម៉ឺនទេ ហើយ២០ម៉ឺនទៀតបានទៅលើក្រុមប្រឹក្សារយៈពេលមួយខែសីហាហើយ៤០ម៉ឺនឲ្យក្រុមប្រឹក្សាដំណើរការចុះឈ្មោះបោះឆ្នោត“។

បើតាមមន្ដ្រី គ.ជ.ប ប្រចាំខេត្ដសៀមរាប ខេត្ដនេះមានឃុំសង្កាត់ចំនួន១០០និងភូមិចំនួន៩៤៤ភូមិ។ ចំណែកថវិកាចំនួន៦សែនរៀលសម្រាប់ឧបត្ថម្ភក្នុងមួយឃុំសង្កាត់និង៤ម៉ឺនរៀលក្នុងមួយភូមិ សម្រាប់ដំណើរការទាក់ទងការចុះឈ្មោះបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ