ពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកកាំង លោក មាជ សុវណ្ណរ៉ា អាចប្រើប្រាស់សិទ្ធិរបស់លោកបោះឆ្នោតនៅក្នុងពន្ធនាគារ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់ប៉ុន្មានម៉ោងទៀតនេះ។
មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានផ្ញើសន្លឹកឆ្នោតឲ្យលោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនាគារព្រៃសនៅប្រទេសកម្ពុជា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅថ្ងៃទី៨ ខែវិច្ឆិកានេះ។ នេះបើតាមជំនួយការ លោក មាជ សុវណ្ណរ៉ា។
នៅលើហ្វេសប៊ុក លោក មាជ សុវណ្ណរ៉ា ដែលកាន់ដោយជំនួយការលោក បានសរសេរថា៖ «ច្បាប់នៅសហរដ្ឋអាមេរិកមិនតម្រូវឲ្យអ្នកទោសមានសិទ្ធិបោះឆ្នោតទេ ប៉ុន្តែលោក មាជ សុវណ្ណារ៉ា មានសិទ្ធិបោះឆ្នោត នេះហើយសបញ្ជាក់ឲ្យឃើញថា លោក មាជ សុវណ្ណារ៉ា គ្មានទោសទណ្ឌ ឧក្រិដ្ឋហិង្សា ឬមេក្លោងដឹកនាំកុបកម្មអ្វីនោះទេ»។
នៅលើហ្វេសប៊ុកដដែលបន្តថា លោក មាជ សុវណ្ណារ៉ា ត្រូវបានក្រសួងការបរទេសអាមេរិក រួមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកថាជា «អ្នកទោសនយោបាយ មនសិការ តស៊ូ ទាមទារ ដើម្បីសិទ្ធិសេរីភាពនៃការនិយាយស្តី និងការបញ្ចេញមតិរបស់បក្សប្រឆាំង»។ លោកត្រូវបានជាប់គុកនៅកម្ពុជា ព្រោះតែហេតុផលនយោបាយក្នុងនាម «អ្នកនយោបាយដ៏លេចធ្លោមួយរូបពោរពេញទៅដោយវោហាសព្ទដែលមិនចេះរីងស្ងួត»។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Jay Ramam ប្រាប់វីអូឌីតាមរយៈអ៊ីមែលនៅថ្ងៃអង្គារនេះថា លោកសុំមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ ដោយលោកថា នេះជាសិទ្ធិឯកជន។
ទោះជាយ៉ាងណា លោកបន្ថែមថា ការផ្តល់ព័ត៌មាននៃការបោះឆ្នោតដល់ពលរដ្ឋអាមេរិកាំងនៅក្រៅប្រទេសគឺជាការទទួលខុសត្រូវចាំបាច់របស់ស្ថានទូតអាមេរិក។
ដោយឡែក អ្នកនាំពាក្យ គ ជ ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការផ្ដល់សិទ្ធិឲ្យលោក មាជ សុវណ្ណារ៉ា អាចបោះឆ្នោតបាននោះ ជាសិទ្ធិរបស់រដ្ឋាភិបាលអាមេរិក ប៉ុន្តែសម្រាប់ច្បាប់នៅកម្ពុជាអ្នកដែលជាប់ពន្ធនាគារហើយមិនអាចបោះឆ្នោតបានទេ ។លោកថា៖” ដើម្បីបោះឆ្នោតបាន គឺត្រូវមានឈ្មោះក្នុងបញ្ជី ហើយដើម្បីមានឈ្មោះក្នុងបញ្ជីគឺត្រូវតែទៅចុះឈ្មោះបោះឆ្នោត ហើយដើម្បីទៅចុះឈ្មោះត្រូវមានលក្ខខណ្ឌអ្វីខ្លះ លក្ខខណ្ឌមួយនោះ គឺនិយាយអំពី មិនស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ។ ចឹងករណីលោក មាជ សុវណ្ណារ៉ា បើតាមច្បាប់នៅកម្ពុជាគឺគាត់កំពុងស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារចឹងគាត់មិនអាចចុះឈ្មោះបោះឆ្នោតបាន ហើយក៏មិនអាចបោះឆ្នោតបានដែរ បើសិនគាត់អត់បានចុះឈ្មោះ ។ ប៉ុន្តែរយៈពេល ៣ អាទិត្យតនេះប្រសិនគាត់ មិនស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ចឹងគាត់មានឱកាសចុះឈ្មោះ ចឹងគាត់អាចបោះឆ្នោតបាន ។ខ្ញុំចង់អំពីបញ្ជាក់ច្បាប់ នៅប្រទេសទាំងពីរ មានភាពខុសគ្នា យើងកំពុងស្ថិតនៅប្រទេសកម្ពុជា ចឹងយើងត្រូវអនុវត្តតាមច្បាប់កម្ពុជា”។
នាយកប្រតិបត្តិអង្គការណិចហ្វិចលោក សំ គន្ធាមី យល់ថា ប្រសិនបើច្បាប់ប្រទេសទាំងពីរដូចគ្នា ហើយសហរដ្ឋអាមេរិកឲ្យលោក មាជ សុវណ្ណារ៉ា អាចបោះឆ្នោតបាននោះ គឺដោយសារតែអាមេរិកចាត់ទុកថាលោក មាជ សុវណ្ណារ៉ា មិនមានទោស ដូចដែលតុលាការប្រទេសកម្ពុជាបានកាត់ទោសនោះទេ ។
លោកមានប្រសាសន៍ថា៖”ការកាត់ទោស ដូចខ្ញុំជម្រាបជូន ព្រោះអីកន្លងមកវាជារឿងនយោបាយច្រើន បរិបទ ករណីលោក មាជ សុវណ្ណារ៉ា ហ្នឹង ការរៀបចំចាប់ខ្លួននិងកាត់ទោសគាត់ហ្នឹង ជារឿងមួយដែលសហគមន៍អន្តរជាតិ កន្លងមកសូមឲ្យដោះលែង ឲ្យរដ្ឋាភិបាលដោះលែង ជាប់(ពន្ធនាគារ) ទោសនយោបាយដោយគ្មានលក្ខខណ្ឌ គេចាត់ទុកថាជារឿងនយោបាយ”។
លោក មាជ សុវណ្ណរ៉ា ជាប្រធាននាយកដ្ឋានព័ត៌មាន នៃគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការផ្តន្ទាទោស២០ឆ្នាំ ដោយចោទថា ដឹកនាំកុបកម្ម ខណៈលោកដឹកនាំការតវ៉ាឲ្យបើកទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤៕
រាយការណ៍ បន្ថែមដោយ ខាន់ លក្ខិណា