ផលិតករថារឿង​​ «​នាង​នាថ​បាត់ដំបង» ​ចំណាយ​ទុន​​លើស​កម្រិត

បន្ទាប់ពីរងការរិះគន់ពាក់ព័ន្ធនឹងរឿងទិញសិទ្ធិពីរឿង «នាងផ្កាយព្រឹក» របស់ថៃមកថតជាទម្រង់រឿងខ្មែរ ផលិតករប៉ុស្ដិ៍លេខ៥ បានប្រកាសពីការចេញថតរឿង «នាងនាថបាត់ដំបង» ភ្លាមៗកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ។ ខ្សែរឿងមួយនេះ ផលិតករបានអះអាងថា នឹងមានការចំណាយលើសកម្រិត គឺអាចស្មើនឹងការផលិតរឿងភាគផ្សេង២ទៅ៣ដង ដោយសារតែត្រូវប្រើពេលស្រាវជ្រាវប្រវត្តិខ្មោចនាងនាថនៅខេត្តបាត់ដំបងមុនដំឡើងឆ្អឹងរឿងផង ជួលលិតករថៃរាប់រងការផលិតផង និងពិសេសជាងគេ គឺការរៀបប្លង់ភូមិបែបបុរាណ និងការចំណាយស្នាក់នៅរបស់តារាៗ ទម្រាំតែនឹងថតចប់។15356983_1717833261869412_1295797232_n

លោក ហួង តារាមុន្នី ប្រធានផលិតភាពយន្តនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា បើធៀបនឹងការចំណាយក្នុងការផលិតរឿងភាគមុនៗ លោកថាគម្រោងផលិតរឿង «នាងនាថបាត់ដំបង» មានខ្ទង់ចំណាយដែលប៉ាន់ស្មានលែងដឹង។ លោកថា ការចំណាយជាបឋម គឺលើសពីរឿងមុនៗ មិនក្រោម២ដងនោះទេ ដោយលោកប្រកាសថា គ្រាន់តែការគិតគូរត្រួសៗ គឺដល់សែនដុល្លារទៅហើយ។

លោកថាប៉ុស្ដិ៍លេខ៥ បានឲ្យផលិតករថៃដែលមានជំនាញផ្នែកផលិតរឿងនាងនាថនៅក្នុងប្រទេសថៃចូលរួមដំឡើងឆ្អឹងរឿង ប៉ុន្តែចំណុចសំខាន់ដែលពាក់ព័ន្ធនឹងរឿងនាងនាថបាត់ដំបង ត្រូវបានរក្សាទុកមិនឲ្យខុសពីការនិទានរបស់ពលរដ្ឋនៅខេត្តបាត់ដំបងនោះឡើយ។ យ៉ាងណាមិញ លោកថាខ្សែរឿងមួយនេះ ត្រូវបានដំឡើងឲ្យមានឈុតឆាកកំប្លុកកំប្លែង និងភ័យរន្ធត់ស្របគ្នា តែមិនឲ្យបាត់ទម្រង់ដើមពីរឿងនិទាននាងនាថនៅខេត្តបាត់ដំបងនោះទេ។

លោកថា រឿងនេះគឺជារឿងរបស់ខ្មែរដែលល្បីនៅខេត្តបាត់ដំបង ដោយនៅប្រទេសថៃក៏ជឿលើវិញ្ញាណនាងនាថ និងមានការផលិតរឿងនេះគគ្រឹកគគ្រេងមកដែរ ទើបប៉ុស្ដិ៍លេខ៥ អញ្ជើញផលិតករដែលមានបទពិសោធន៍រឿងនោះឲ្យរ៉ាប់រងការផលិតរឿង «នាងនាថបាត់ដំបង» បើទោះជាត្រូវចំណាយខ្ពស់។ លោកថា រឿងនេះក្រុមការងារប៉ុស្ដិ៍លេខ៥ គ្រោងឲ្យផលិតករក្នុងស្រុករៀបចំ ប៉ុន្តែដោយយល់ឃើញថាបច្ចេកទេស និងការរៀបចំប្លង់ថត គឺខាងផលិតករថៃដែលបានផលិតរឿងនាថនៅក្នុងប្រទេសថៃនោះគេធ្វើបានល្អ ទើបទាក់ទងឲ្យផលិតករក្រុមនោះមកចាត់ចែងថតតែម្ដង តែមិនយកតាមលំនាំរឿងនាងនាថដែលបានកែច្នៃផលិតនៅក្នុងប្រទេសថៃនោះទេ ដើម្បីឲ្យស្របនឹងរឿងនិទានខ្មែរ១០០ភាគរយ។

លោក ហួង តារាមុន្នី ថាមួយរឿងហ្នឹងផលិតករថៃកំណត់ទារតម្លៃខ្លួនខ្ពស់ ដោយសារតែអះអាងថាត្រូវរៀបប្លង់ថ្មីគ្រប់ពេលត្រូវថត និងត្រូវថតពេលយប់ភាគច្រើន ខុសពីរឿងផ្សេងៗ។ ក្នុងនោះផលិតករថៃនិងក្រុមការងារក៏ត្រូវចំណាយខ្ពស់លើការស្វែងរកភូមិស្រុកនៅខេត្តបាត់ដំបង និងខេត្តមួយចំនួនសម្រាប់ធ្វើជាកន្លែងថតយ៉ាងលំបាកផងដែរ ទើបលោកយល់ថាការទាមទាររបស់ផលិតករថៃដ្បិតថាលើសម្រិតពីរឿងមុនៗ តែអាចទទួលយកបាន។

ក្នុងនោះការផលិតសម្ភារៈថ្មីបែបបុរាណ ដែលបម្រើឲ្យរឿងទាំងមូល ក៏ចំណាយអស់ច្រើនផងដែរ ទើបលោកបញ្ជាក់ថាខ្ទង់ចំណាយដឹងតែច្រើន តែអត់ដឹងច្បាស់នឹងដល់កម្រិតប៉ុន្មាន។ លោកថាសាច់រឿងនាងនាថ គឺខ្មែរភាគច្រើនសុទ្ធតែបានដឹងឮ និងបានទស្សនាតាមរយៈរឿងដុំជាហូហែរ តែលោកយល់ថាក្រោយការកែច្នៃជារឿងភាគទូរទស្សន៍ គឺនៅតែមានអ្នកទស្សនាច្រើនដដែលទេ ទើបប៉ុស្ដិ៍លេខ៥សម្រេចចិត្តបោះទុនផលិត។

លោក ហួង តារាមុន្នី បន្តថា ខ្សែរឿងមួយនេះបានថតខ្លះៗ សម្រាប់ផ្សព្វផ្សាយមុនពេលក្រុងពាលីរួចហើយ ដោយការចេញថតជាក់ស្ដែងគឺនឹងធ្វើពេញលេញចាប់ពីពាក់កណ្ដាលខែធ្នូតទៅ។ លោកមានការរំពឹងយ៉ាងខ្លាំងថារឿង «នាងនាថបាត់ដំបង» នឹងមានការចាប់អារម្មណ៍ខ្ពស់ក្នុងពេលដាក់ផ្សាយ ដោយគម្រោងដាក់ផ្សាយក៏មិនទាន់កំណត់ដូចគ្នា។

លោកនិយាយថា៖ «ម៉ារឿងហ្នឹងតាំងពីដើមរហូតដល់ថ្ងៃក្រុងពាលី គឺចំណាយមែនទែន តាំងពីដើររកទីតាំងថត តាំងពីស្រាវជ្រាវប្រវត្តិនាងនាថ តាំងពីដំឡើងឆ្អឹងរឿង ហើយអ្វីដែលលោកនឹងប្រឈមខ្លាំងជាងគេ គឺចំណាយលើតួដែលទៅសម្រាកថតនៅខេត្តបាត់ដំបងដល់ច្រើនខែទម្រាំតែចប់រឿងហ្នឹង!»។

លោកថារឿងហ្នឹងអត់រំពឹងបានរួចខ្លួន ឬចំណេញក្នុងពេលដាក់ផ្សាយនោះទេ ដោយសារតែភាពជាក់ស្ដែងគឺស្ពតពាណិជ្ជកម្មដែលសុំផ្សាយក្នុងអំឡុងម៉ោងតាំងពីដាក់រឿងខ្មែរក៏មិនដែលរួចខ្លួនសម្រាប់ការផលិតរឿងភាគខ្មែរធម្មតាមួយផង។

លោកថា៖ «រឿងហ្នឹងយើងដឹងតែខាតហើយ ព្រោះចំណាយច្រើនមែនទែន តែប៉ុស្ដិ៍លេខ៥អត់ខ្វល់ទេ សំខាន់យើងចង់បានរឿងនិទានរបស់ខ្មែរមួយអោយល្អ ហើយយើងចង់អោយភាពយន្តយើងមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង!»។

លោកថារឿងនេះប៉ុស្ដិ៍លេខ៥ក៏អត់បណ្ដោយលើផលិតករថៃទាំងស្រុងដែរ ដោយលោកក៏នឹងមានក្រុមការងារវិភាគពីការផលិតបន្ថែមផងដែរ ដើម្បីកុំអោយមានការរិះគន់ថាចំណាយអស់ទុនខ្ពស់តែគុណភាពមិនដូចការចង់បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ