លោក សុខ ទូច ថាចំណាយ​លុយជិត​២ម៉ឺនដុល្លារ​ចុះស្រាវជ្រាវព្រំដែន​

ប្រធាន​ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភាកម្ពុជា

ក្រុមស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា-វៀតណាមនៅរាជបណ្ឌិត្យសភាកម្ពុជាអះអាងថាក្រុមស្រាវជ្រាវ​​បាន​​ចំណាយ​​ថវិកា​ប្រមាណ​២ម៉ឺនដុល្លារ​ក្នុងការចុះស្រាវជ្រាវរយៈ​ពេល​ជាង​៧ខែលើ​បញ្ហា​បង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម។

ក្នុងកម្មវិធីតុមូល​របស់វីអូឌីដែលផ្សាយផ្ទាល់កាលពីថ្ងៃចន្ទប្រធានក្រុមស្រាវជ្រាវលោក សុខ ទូច បានបញ្ជាក់ថា​នៅរាជបណ្ឌិត​សភា​បានត្រៀមថវិកាបម្រុងទុក​៨០លានរៀល(២ម៉ឺនដុល្លារ)​សម្រាប់ការស្រាវ​ជ្រាវ​បញ្ហាព្រំដែនកម្ពុជា-វៀតណាម។ លោ​កថា​កញ្ចប់​ថវិកា​​នេះរដ្ឋាភិបាល​យកលុយ​រដ្ឋ​ផ្តល់ឲ្យហើយរដ្ឋសភាជាអ្នក​អនុម័ត។​

លោក សុខ ទូច ធ្លាប់​ឲ្យ​ដឹងថា​ក្រុមការងារលោកបានចុះស្រាវ​ជ្រាវចំនួនជាង៧ខែចម្ងាយ​៥០០គីឡូម៉ែត្រក្នុង​ខេត្តចំនួន៤រួមមាន​ខេត្តកំពត ត្បូងឃ្មុំ កណ្តាល និងខេត្តស្វាយរៀងបានរកឃើញ​បង្គោលព្រំដែនរវាងកម្ពុជា​វៀតណាមដែលបោះហើយនោះរួម​មានបង្គោលរៀង បង្គោលរណប បង្គោល៨៥ និងបង្គោល​បារំាង​។ លោកថាបង្គោលព្រំដែនកម្ពុជា-វៀតណាមដែលបោះរួច​ទំាង​នោះបានបោះចូលដីគ្នាទៅវិញទៅមកដោយ​​​លោកអះអាងថាករណីនេះមិនមែនជាកំហុសថ្នាក់ដឹកនាំនៃប្រទេសទំាងពីរនោះ​ទេ។

លោក សុខ ទូច ឲ្យដឹង​ទៀតថាការស្រាវជ្រាវបង្គោលព្រំដែននេះ​នឹង​បញ្ចប់​នៅឆ្នាំ២០​១៧។​

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង​ មានប្រសាសន៍ថាការ​ស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជាមិនពាក់ព័ន្ធនឹង​គណៈកម្មាធិការព្រំដែនលោកទេ។ នៅពេលសួរ​ថាបើថ្ងៃណាមួយក្រុមស្រាវជ្រាវនេះដាក់របាយការណ៍រឿងព្រំដែនជូនរដ្ឋាភិបាលតើអាចធ្វើឲ្យអ្នក​នយោបាយ​ឈប់និយាយរិះគន់​រដ្ឋាភិបាលរឿងព្រំដែនដែរឬទេ? លោក វ៉ា គឹមហុង ឆ្លើយថា លោកមិនដឹងទេ ប៉ុន្តែលោកថារាល់ការបោះបង្គោលព្រំដែនរដ្ឋាភិបាលធ្វើដើម្បីបង្ហាញសាធារណៈជនប៉ុណ្ណោះ។ លោកបន្តថា៖”គេធ្វើអី[ធ្វើទៅ]រាជបណ្ឌិតសភាតែខាង​ព្រំដែន[ដាច់ដោយឡែក] រួចមួយទៀតវាអត់មានអីធ្វើនេះធ្វើនោះត្បិតលើគណបក្ស​ប្រឆំាង​គណបក្ស​អីទេរួច​យើងធ្វើគោលការណ៍របស់រដ្ឋាភិបាលគឺបំភ្លឺធ្វើកិច្ចការនូវ​រដ្ឋាភិបាល​ទៅតាមតម្លាភាពដែលរដ្ឋាភិបាលគណៈកម្មាធិការព្រំដែននៃរដ្ឋាភិបាលលោកគិតថាវាជាការបំភ្លឺដល់មតិមហាជនដែលគេចង់ដឹងចង់ឮមិនអញ្ចឹងគឺអត់មានអីទៅលាក់លៀមទេ​”។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​លោក ញ៉ែម បុញ្ញាឬទ្ធិ មានប្រសាសន៍ថាគណបក្ស​សង្គ្រោះជាតិនៅតែតាមដានក្រុមស្រាវជ្រាវកិច្ចការ​ព្រំដែនរបស់រដ្ឋាភិបាលនេះ។ ប៉ុន្តែលោក​ថា​បើក្រុមស្រាវជ្រាវព្រំដែនបង្ហាញរបាយការណ៍មិនមានតម្លាភាពទេនោះគណបក្សសង្គ្រោះជាតិនៅតែលើក​ពីបញ្ហា​ព្រំដែន​ទៅឃោសនាឲ្យ​សាធារណៈជន​ដឹងដោយលោកថានេះជារឿង​របស់ជាតិ។ លោកបន្ថែមទៀតថា​​៖”បញ្ហា​សំខាន់ថាតើសមាសភាពគណៈកម្មការនោះកើត​ចេញពីណាបន្ទាប់មក​ទៀត​របាយការណ៍ឈរលើមូលដ្ឋានអ្វីខ្លះហើយ​តើប្រជាពលរដ្ឋមានជំនឿជឿជាក់ទៅលើ​របាយការណ៍នោះឬអត់។ ចំពោះគណបក្ស​សង្គ្រោះជាតិនៅតែលើកពីរឿង​បញ្ហា​ដែលមាន​​ពាក់ព័ន្ធនិង​បញ្ហាជាតិ។ ដូច្នេះការលើកបន្តទៅទៀតយើងនឹង​ស្វែង​រកដំណោះស្រាយ​រួមធ្វើម៉េចឲ្យមានការ​ទទួល[ស្គាល់]យល់ស្រប​ទំាងអស់គ្នាក្នុង​នាមជាម្ចាស់ប្រទេសម្ចាស់អំណា​ចនៃជាតិខ្មែរទំាងមូល”។

អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី ដែលធ្លាប់ចុះមើលព្រំដែនកន្លងមកយល់ថាការស្រាវជ្រាវរាជបណ្ឌិតសភាក្រោមអំណាចរដ្ឋាភិបាលមិនអាចយកជាផ្លូវការនោះទេដោយលោកថាការស្រាវជ្រាវនោះមិនមានតម្លាភាពព្រោះមិនមានភាគីពាក់ព័ន្ធចូលរួម។ លោកបន្តថា៖ ”និក្ខេបបុគ្គលម្នាក់មិនមែនជាលក្ខណៈជាតិទំាងមូលទេ។ ដូចខ្ញុំបានលើកឡើងវាត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រើពេលហើយប្រើក្រុមជំនាញឯកទេសហើយក៏មានក្រុមត្រួតពិនិត្យតាមដាន ហើយមានការចូលរួមពេញលេញទៀតហើយវិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវត្រូវដាក់តំាងបង្ហាញពិគ្រោះយោបល់ទូលំទូលាយមានអ្នកឯកទេសជួយពិគ្រោះយោបល់ទំាងជាតិលក្ខណៈជាតិនិងអន្តរជាតិទើបយើងអាចទៅរួច”។

គួរ​បញ្ជាក់ថាការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមបានធ្វើឡើងកាលពីឆ្នាំ២០០៦ក្នុងបណ្តោយព្រំដែនកម្ពុជានិងវៀត​ណាម​ប្រវែង១២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានកំណត់ថាត្រូវបោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល។ របាយការណ៍ដែល​គណៈកម្មាធិការព្រំដែនកម្ពុជាបង្ហាញនៅពាក់កណ្តាលឆ្នាំ២០​១៥នេះបង្គោ​លព្រំដែននៃប្រទេសទាំងពីរទើបបោះបានចំនួន​៨៣ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ