ខេត្ត​ចំនួន​ពីរ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សីនៅ​ដើម​ឆ្នាំ​២០១៧​នេះ

ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា ​នៅ​ដើម​ឆ្នាំ​២០១៧នេះ​ ​មាន​ករណីជំងឺ​ផ្តាសាយ​ បក្សី​ក្នុង​​ខេត្តចំនួនពីរ ​តែ​មិន​​កើ​តមក​លើ​មនុស្ស​នៅ​ឡើយទេ​។

​ក្នុងហ្វេស​ប៊ុក​របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ជំងឹផ្តាសាយបក្សីលើសត្វបក្សីកើតក្នុងខេត្តខេត្ត​កំពង់​ធំនិងខេត្តស្វាយរៀង។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា​ករណី​ទាំង​ពីរ​នេះ​ផ្ទុះ​ឡើង​នៅ​​ចុង​ខែ​​មករាកន្លងទៅ ​នៅស្រុក​ស្ទោង ខេត្ត​កំពង់​ធំ និង​ស្រុកស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង ដែល​ត្រូវ​បាន​​រក​ឃើញ​ដោយ​ពេទ្យ​សត្វ​ក្នុង​ភូមិ និងបាន​រាយការណ៍​មក​កាន់​ក្រសួង​ដើម្បី​មាន​វិធាន​ការ។ លោក​បន្ថែម​ថា​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ករណីជំងឺ​​នេះ​ទៅលើ​មនុស្ស​នៅឡើយទេ តែ​ទោះ​ជា​យ៉ាង​ណា​​លោក​ថា​ក្រសួង​នៅ​តាម​ដាន​ករណី​នេះ​បន្តទៀត។

លោក​ថា៖ «ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​យើង​នៅ​តែ​បន្ត​តាម​ដាន​ករណី​នេះ​បន្តទៀត ព្រោះ​រដូវ​នេះ​ជា​រដូវត្រជាក់ និងមា​ន​បុណ្យ​ទាន​ច្រើន​រហូត​ដល់​ខែ​មេសា​ចូល​ឆ្នាំ អញ្ចឹង​ហើយ​យើ​ងនៅ​តែ​បន្តតាម​ដាន​ការងារ​ហ្នឹង​ហើយ​ក៏​សំណូម​ពរ​ប្រជា​ពល​រដ្ឋ​ដែរ​គឺ​ សុំ​បង​ប្អូន​កុំ​យក​មាន់​ទារ​ឈឺ​ឬ​ងាប់​យក​ទៅ​លក់​ ឬ​ក៏​យល​ធ្វើ​ជា​អាហារ​អី ហើយ​បើ​ឃើញ​មាន​ទា​ ឈឺ​ឬ​ងាប់​ច្រើន​សូម​ឲ្យ​រាយការណ៍​ទៅ អាជ្ញាធរ​ដែន​ដី​ឬ​ក៏​មន្ត្រី​ជំនាញ​ដែល​ជិត​បំផុត ក្នុង​ការ​ទប់​ស្កាត់​ទាន់ពេល​វេលា​ ដើម្បី​កុំ​ឲ្យ​ឆ្លង​មក​កាន់​មនុស្ស»។

លោក​បន្ថែម​ថា ពល​រដ្ឋក៏​​អាច​រាយការណ៍ស្តាប់​ការណែ​នាំឬ​ព័ត៌មាន​​ពី​ជំងឺ​ផ្តាសាយ​បក្សី​ផង​ដែរ​តាម​រយៈលេខ​១១៥របស់​ក្រសួង​សុខាភិបាល។

បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុន​ចេញ​រោគ​សញ្ញា​ ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យ​ជិតបំផុត​ដើម្បីធ្វើការ​ព្យាបាល។

ក្រសួង​បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៦ កម្ពុជា​ធ្លាប់កើត​មានជំងឺ​ដែល​បាន​ឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុងនោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែក​នៅ​ឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណី​បាន​ស្លាប់ និងក្នុងឆ្នាំ​២០១៤ មាន៩ករណីនិងស្លាប់​៤នាក់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ