អ្នកភូមិនៅសៀមរាបរកអន្ដរាគមន៍ ករណីជំនួយការចៅសង្កាត់បង្រួមផ្លូវដើរ

អ្នកភូមិប្រហែល១០០គ្រួសារ នៅក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយអន្ដរាគមន៍បើកផ្លូវមួយខ្សែ ក្នុងសង្កាត់សៀមរាប ដោយចោទថាជំនួយការចៅសង្កាត់​​នេះធ្វើរបងបង្រួមផ្លូវមិនឲ្យយានយន្ដឆ្លងកាត់។

បើតាមអ្នកភូមិ ផ្លូវមួយខ្សែ នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ត្រូវបាន ឈ្មោះ អ៊ិត សៀង ធ្វើរបងបិទផ្លូវ​មិនឲ្យអ្នកភូមិចេញចូលរយៈពេលជាងពីរខែមកហើយនេះ។

ពលរដ្ឋនៅភូមិស្ពានជ្រាវ  អ្នកស្រី ភី ឡា ប្រាប់វីអូឌីថា ផ្លូវនោះជាផ្លូវសាធារណៈដែលអ្នកភូមិប្រើប្រាស់ច្រើនឆ្នាំមកហើយតែឈ្មោះ អ៊ិត សៀង ដែលជាជំនួយការចៅសង្កាត់សៀមរាប បានធ្វើរបងថ្មដោយទុកចន្លោះផ្លូវតូចពីបាកចេញចូល។ អ្នកស្រីបន្ដថា «ផ្លូវហ្នឹងផ្លូវអ្នកភូមិធ្វើដំណើរចង់និយាយថាផ្លូវសមូហភាពមិនមែនផ្លូវបុគ្គលទេ ចឹងគាត់ធ្វើអញ្ចឹងវាអត់សំចា៎ផ្លូវហ្នឹងយូហើយសូមទាមទារឲ្យគាត់បើកមានប៉ុណ្ណឹងតើមិនមានទាមដីគាត់ណា»។

ពលរដ្ឋមួយរូបទៀតដែលមានវ័យ៥៧ឆ្នាំលោក  ទុយ ឆង ឲ្យដឹងថា ផ្លូវនោះជាផ្លូវសាធារណៈមានតាំង​ពីដើមមកដែលពលរដ្ឋគ្រប់រូបដើរឆ្លងកាត់ ប៉ុន្ដែទើបជំនួយការសង្កាត់លោក អ៊ិត សៀង បានធ្វើរបងបិទប្រហែលជាងពីរខែមក​នេះ បន្ទាប់ពីរូបគេទិញដីពីអ្នកភូមិនៅក្បែនោះ។ លោកបន្ដថា ពួកគាត់នឹងនាំគ្នាទៅតវ៉ាដល់សាលាក្រុងសៀមរាប បើសិនអាជ្ញាធរមិនមានវិធានការរុះរើរបង​ចេញនោះទេ។ លោកបន្ដថា «សម្រួលម្ចាស់គេឲ្យគេធ្វើឲ្យត្រឹមត្រូវឲ្យដូចគេដូចឯងមានផ្លូវដើរធំមានបញ្ហាអគ្គីភ័យអីមានឡានទឹកចេញចូលបានខ្លះ។ គេធ្វើហ្នឹងធ្វើយកដីចំណីផ្លូវ»។

VOD មិនអាចទាក់ទង លោក អ៊ិត សៀង ដែលពលរដ្ឋចោទ​ប្រកាន់បាននៅឡើយទេ ។

មេភូមិស្ពានជ្រាវ លោក លន់ ឈន់ មានប្រសាសន៍ថា លោក អ៊ិត សៀង បានធ្វើរបងបិទផ្លូវនោះ ដោយសារមន្ទីរសូរិយោដីខេត្ដសៀមរាបជាអ្នកចេញប្លង់កម្មសិទ្ធិឲ្យ។ លោកថា ពួកគាត់សុំអន្ដរាគមន៍ទៅអាជ្ញាធរក្រុងរួចហើយដែរ ខណៈអាជ្ញាធរមូលដ្ឋានគ្មានលទ្ធភាពដោះស្រាយ។ លោកបន្ដថា «ចង់និយាយថាវាខុសពីទម្លាប់ដើរសព្វថ្ងៃបាទ។ យើងយកប័ណ្ណពីលើផ្លូវនេះវាកើតជារួញមកវិញបានជាអាជ្ញាធរភូមិសង្កាត់គ្មានលទ្ធភាពដោះស្រាយ។ យើងមើលដែលយើងធ្លាប់ដើរផ្លូវ ប៉ុន្ដែយើងមើលក្នុងប័ណ្ណជាប់ដីគេ»។

VODមិនអាចទាក់ទាក់ទង អភិបាលក្រុងសៀមរាប លោក សូ ប្លាតុង ដើម្បីសាកសួរពី​ករណីនេះបានទេដោយលោកមិនលើកទូរសព្ទ។

ទោះជាយ៉ាងណាចៅសង្កាត់រងទី២ សង្កាត់សៀមរាប លោក ឌឿន សំអឿន ឲ្យដឹងថា​ ផ្លូវនោះជាផ្លូវសាធារណៈដែលពីដើមមកមានទទឹង៥ម៉ែត្រ និងបណ្ដោយ១០០០ម៉ែត្រ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ