គណបក្សថ្មីនិងបក្សដែលតុលាការរំលាយស្នើស៊ើបអង្កេតករណីបាញ់ប្រហារពលរដ្ឋនៅខេត្តក្រចេះ

អតីតគណបក្សប្រឆាំងដ៏ធំ និងបក្សទើបបង្កើតថ្មីមួយ អំពាវនាវឲ្យអាជ្ញាធរបើកការស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងពលរដ្ឋមានជម្លោះដីធ្លី និងកម្លាំងចម្រុះខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ពលរដ្ឋ កាលពីថ្ងៃម្សិលមិញ។

ក្នុងថ្លែងការណ៍មួយនៅថ្ងៃនេះ អតីតគណបក្សសង្គ្រោះជាតិ បានថ្កោលទោសកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ ដែលថា បានបង្ក្រាបលើប្រជាពលរដ្ឋ នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល កាលពីរសៀលថ្ងៃទី៨មីនាម្សិលមិញ ដោយសេចក្ដីរាយការណ៍មឋមឲ្យដឹងថា មានពលរដ្ឋស្លាប់ និង​រងរបួស។

ក្នុងសេចក្ដីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិស្នើឲ្យអាជ្ញាធរ បញ្ឈប់ជាបន្ទាន់នូវការប្រើអំពើហិង្សាលើពលរដ្ឋស្លូតត្រង់ និងត្រូវដកហូតដីសម្បទានពីក្រុមហ៊ុនចម្ការកៅស៊ូ «មេមត់» ដែលមានជម្លោះជាមួយប្រជាពលរដ្ឋ។

នៅថ្ងៃនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ចូលរួមអំពាវនាវឲ្យមានការស៊ើបអង្កេតបន្ទាន់ករណីនេះ​ និងថា ចាំបាច់ត្រូវមានការចូលរួមពីអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងភាគីពាក់ព័ន្ធ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ បានប្រាប់ VOD កាលពីម្សិលមិញថា មានពលរដ្ឋតែ២នាក់ប៉ុណ្ណោះ បានរងរបួស និងពុំមានមនុស្សស្លាប់នោះទេ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សេចក្ដីរាយការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ២០០នាក់ បានផ្ទុះការតវ៉ារឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេមត់ ហើយក្រោយមក ក៏ផ្ទុះហិង្សាដោយកាំភ្លើងពីសំណាក់អាជ្ញាធរ និងកម្លាំងចម្រុះខេត្តក្រចេះ ដែលបណ្ដាលពលរដ្ឋ៦នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ