ព័ត៌មានថ្មីបន្ថែម៖ ពលរដ្ឋនិងអាជ្ញាធរនៅតែអះអាងខុសគ្នាជុំវិញការផ្ទុះអាវុធក្នុងជម្លោះដីធ្លីនៅក្រចេះ

ប្រជាពលរដ្ឋ ដែលបានចូលរួមតវ៉ា ហើយផ្ទុះហិង្សាសមត្ថកិច្ចបាញ់បង្ក្រាបនៅស្រុកស្នួលខេត្តក្រចេះ កាលពីម្សិលមិញ នៅតែអះអាងថា អ្នកភូមិរបស់ពួកគាត់បានស្លាប់ដោយសារគ្រាប់កាំភ្លើង បើទោះជាអាជ្ញាធរបញ្ជាក់ថា មិនមានអ្នកស្លាប់ក៏ដោយ។​

នៅថ្ងៃទី៩មីនានេះ ពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ​រាយការណ៍ប្រាប់វីអូឌីថា លោកបានឃើញអ្នកតវ៉ាចំនួន៥នាក់ ត្រូវគ្រាប់កាំភ្លើងដួលទៅនិងដី ដោយស្លាប់២នាក់ និងរបួសធ្ងន់៣នាក់ ខណៈពេលរត់គេចពីសមត្ថកិច្ចដែលកំពុងបាញ់រះមកលើពួកគេ។

លោកនិយថា៖ «ស្លាប់នៅនឹងភ្នែកខ្ញុំ២នាក់ ហើយរបួសធ្ងន់៣នាក់។ ខ្ញុំហ្នឹងកំពុងរត់គេចគ្រាប់កាំភ្លើងដូចគ្នា គាត់ហ្នឹងដូចថា មករងខ្ញុំ គាត់នៅឈរពីមុខខ្ញុំ ដល់គេបាញ់មកត្រូវគាត់ដួលភីង ហ្នឹងម៉ង។ ម្នាក់ទៀតហ្នឹង ពេលខ្ញុំរត់ឆ្លងថ្នល់ ដល់ពេលខ្ញុំរត់ឆ្លងថ្នល់ទៅវិញ ប៉ូលិសឃាត់ឲ្យខ្ញុំឆ្លងថ្នល់ទេ ឲ្យមកវិញ ដល់គាត់ម្នាក់ទៀតលោតទៅ គេបាញ់មកចំឆ្អឹងជំនីក្រោមសាច់ដោះស្តាំ លិចក្រោងាប់ម៉ារំពិចម៉ង។ ដល់ពេលគាត់ម្នាក់ហ្នឹងងាប់នៅកន្លែងហ្នឹង ខ្ញុំឃើញគេបីមនុស្សស្រីម្នាក់ ដែលគេបាញ់ត្រូវក្រលៀនលិចទៅក្រោយហ្នឹង គឺគេលីទៅបានប្រហែលបន្តិចទេ គឺគាត់ ដាច់ខ្យល់តែម្តង។ ខ្ញុំរត់រហូត រត់ចូលព្រៃឬស្សី ដល់ពេលឃើញពីរនាក់ហ្នឹងងាប់ ខ្ញុំរត់ចូលព្រៃឬស្សីជាមួយប្រជាពលរដ្ឋមួយចំនួនទៀត ហើយខាងសមត្ថកិច្ចហ្នឹងតាមទៅដល់គុម្ពឬស្សីទៀត។ ខ្ញុំបិះងាប់ដែរហ្នឹង ព្រោះពេលគេបាញ់ហ្នឹង ខ្ញុំរត់ទៅជ្រកក្រោយដំបូក គេបាញ់ឡើងជ្រុះដីដំបូក ឆាវៗម៉ង»

ការផ្ទុះរឿងជម្លោះដីធ្លីនៅខេត្តក្រចេះ កាលពីម្សិលមិញនេះ ត្រូវបានពលរដ្ឋផ្សេងទៀតរាយការណ៍ថា មានមនុស្ស៦នាក់ស្លាប់ និងប្រមាណ៤០នាក់រងរបួស ប៉ុន្តែព័ត៌មាននេះ ត្រូវអាជ្ញាធរខេត្តក្រចេះ ច្រានចោល ដោយថា មានមនុស្សរងរបួសស្រាលតែ២នាក់ប៉ុណ្ណោះ។

ពលរដ្ឋម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា នៅព្រឹកមិញនេះ អ្នកភូមិ៣ទៅ៤នាក់នៅតែបាត់ខ្លួន ហើយអ្នកភូមិកំពុងតែស្វែងរក។ អ្នកស្រីសង្ស័យថា អ្នកទាំងនោះក៏ត្រូវសមត្ថកិច្ចបាច់ស្លាប់ដែរ។​

អ្នកស្រីនិយាយថា៖ «អ្នកខ្លះតាមទៅរកកូននៅកន្លែងខេត្តក៏មិនឃើញ រកមួយទល់ភ្លឺហើយទៅ រកកន្លែងណាក៏មិនឃើញដែរ។ រកមិនឃើញសាសពហ្នឹង ព្រោះអីវាបំបាត់ភស្ភតាងអស់ហើយ បើពេលពួកយើងចេញមកហ្នឹង វានាំគ្នាប្រមូលសាសព វាមិនដឹងនៅចំណុចដែលវាបាញ់ពួក យើងងាប់ ត្រូវកន្លែងណាខ្លះ?។ វាសុទ្ធតែដឹងចំណុចងាប់កន្លែងណាខ្លះហើយ វាមិនមែនមិន ដឹងទេ? វាធ្វើដល់ប៉ូលីស វាស្គាល់ច្បាប់ វាដេកលើច្បាប់ហោះ! ស្មានវាភ្លើ​ណាស់ជាប្រជាជន? ប្រជាជនត្រូវតែមួយគ្រាប់ហ្នឹងនាំគ្នារត់ចង់ងាប់ចង់រស់ហើយ ចំណែកវ៉ូងវាហ្នឹង នូវតាមយក សាកសពទៅដុតចោលទៅ ឬមួយយកទៅកប់ចោលទៅកន្លែងណា ទៅក៏បានដែរ ស្មានយើង ហ៊ានចូល»។

តែទោះយ៉ាងណាពលរដ្ឋទាំងនេះ មិនបានបង្ហាញរូបភាព ឬវីដេអូ នៃការស្លាប់របស់ពលរដ្ឋ ដែលអះអាងថា បានស្លាប់នោះដែរ។

អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានច្រានចោលការលើកឡើងនេះ ដោយលោកថា ក្នុងហេតុការណ៍នោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ រងរបួសស្រាល គឺមានស្រីម្នាក់។ ចំណែកខាង សមត្ថកិច្ចរងរបួសចំនួន៧នាក់ ដោយសារគ្រាប់ជំពាមរបស់ពលរដ្ឋ។

លោកបន្ថែមថា៖ «ខ្ញុំឲ្យខាងក្រសែត ព័ត៌មានមួយចំនួន ចុះទៅជួបប្រជាពលរដ្ឋយកព័ត៌មានឲ្យ ច្បាស់ ហើយជួបជាមួយអាជ្ញាធរស្រុក ហើយជួបក្រុមការងារនៅហ្នឹង ហើយជួបប្រជាពលរដ្ឋ នៅហ្នឹងឲ្យច្បាស់លាស់ទៅ ស្តាប់នៅណា? ខ្មោចហ្នឹងនៅណា? ផ្ទះនៅណា? វាអត់មាន ។ អញ្ចឹងអ្នករបួស២នាក់ហ្នឹង មួយដេកពេទ្យនៅស្រុកស្នួល មួយមកដេកពេទ្យនៅខេត្ត ខ្ញុំ ឲ្យពេទ្យ ព្យាបាលអីអញ្ចឹងទៅ ឥលូវគាត់សុំមកដេកពេទ្យនៅកំពុងចាម ឥលូវឲ្យទៅហើយ។ វាមានតែពីរ នាក់ហ្នឹងហាស !  ហើយលោកឯងចេះតែនិយាយលិច និយាយកើត បើខ្ញុំប្រាប់អញ្ចឹងហើយ លោកឯងថា អានេះថាចុះ បើខ្ញុំថាចេះ លោកឯងថា អានោះថា ចុះទៀត វានៅតែថារហូត មិន ព្រមទទួលយកខ្ញុំប្រាប់ទៅពិតហើយ គាត់និយាយថា យកអាហ្នឹងទៅផ្សាយទៅវាអត់អញ្ចឹង ហេតុអ្វីដូចចិត្តធ្វើព័ត៌មានអញ្ចឹង?»

កាលពីថ្ងៃទី៨មីនាម្សិលមិញ ពលរដ្ឋជាង២០០នាក់ នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល បាននាំគ្នាតវ៉ាបិទផ្លូវជាតិ 76A ប្រឆាំងនឹងកំលាំងចម្រុះរបស់អាជ្ញាធរ ដែលចុះរុះរើផ្ទះពួកគេ និងការពារគ្រឿងចក្ររបស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលចុះកាយក្រវាត់ព្រំដីក្នុងតំបន់កំពុងមានជម្លោះ។

អ្នកភូមិ​អះអាង​ថា ក្រុមហ៊ុនចម្ការកៅស៊ូមេមត់នោះ គឺជា​កម្មសិទ្ធិ​របស់​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលវិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​លើ​ផ្ទៃដី​ជិត១​ម៉ឺន​ហិកតា (៩.៨៥០​ហិកតា) រយៈពេល៥០​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០០៨។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ ​បាន​វិនិយោគ​បន្ត​ ឲ្យ​ក្រុមហ៊ុន​វៀតណាម​កាលពី​ឆ្នាំ២០១៦​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ