យុវជន​ប្តឹង​លោក កឹម សុខា ថា​មិន​ទាន់​មាន​គម្រោង​ប្តឹង លោក អង្គ វង្សវឌ្ឍានា ករណី​លាក់​លុយ

យុវជន ស្រី ចំរើន ដែល​ចេញមុខ​តវ៉ា​កាលពីកន្លងទៅ​

​យុវជន​ម្នាក់​ដែល​ធ្លាប់​ប្តឹង​មេដឹកនាំ​បក្សប្រឆាំង អះអាងថា ខ្លួន​មិន​ទាន់​មាន​គម្រោង ប្តឹង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ទាក់ទិន​នឹង​ព័ត៌មាន​ចុះ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​រូប​នោះ បាន​ទិញ​ភាគហ៊ុន​នៅ​ក្រៅប្រទេស ដែល​គេ​ថា ​ជា​មធ្យោបាយ​លាក់​លុយនៅឡើយ​ទេ ដោយ​ថា​មិន​មាន​ឯកសារ​គ្រប់គ្រាន់​។​

​យុវជន​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយយុវជន ស្រី ចំរើន ធ្លាប់​អះអាងប្រាប់​អ្នកសារព័ត៌មាននា​ពេល​ថ្មីៗ​នេះ នៅ​ពេល​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​ដាក់​ពាក្យបណ្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្តឹង​លោក កឹម សុខា ថា ពួកគេ​ជា​ក្រុមនិស្សិត​ជំរុញ​ឲ្យមាន​យុត្តិធម៌​សង្គម​។​

​ប៉ុន្តែ​នៅពេលសួរនៅថ្ងៃទី០៩ ខែមេសា នេះថា តើ​លោក​មាន​គម្រោង​ប្តឹង រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ទាក់ទិន​នឹង​សារព័ត៌មានចុះផ្សាយ​ថា រដ្ឋ​មន្ត្រី​រូប​នោះ​បាន​ទិញ​ភាគហ៊ុន​នៅ​ក្រៅប្រទេស ត្រូវ​គេ​ចាត់​ថា ជា​មធ្យោបាយ​មួយ​នៃ​ការ​លាក់​លុយ​ក្រៅ​ប្រទេស​នោះ ។​

​លោកស្រី ចំរើន អះអាងថា លោកមិនទាន់​មាន​គម្រោង​ប្តឹង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា ទេ ដោយ​អះអាង​ថា មិនទាន់​មាន​ឯកសារ​និង​ភស្តុតាង​គ្រប់គ្រាន់​នៅឡើយ​។​

​លោក​ថា​៖”​ទាក់ទង​និង​ឯកឧត្តម អង្គ វង្សវឌ្ឍានា យើង​អត់​ទាន់​មាន​ប្រភព​ច្បាស់​លាស់ ដើម្បី​យើង​បើក​ការស៊ើបអង្កេត​លើ​ចំណុច​ហ្នឹង ហើយ​ខាង​ACU​ក៏​គ្រោង​នឹង​បើក​ស៊ើបអង្កេត​ទៅលើ​ពាក់ព័ន្ធ​នឹង​ឯកឧត្តម អង្គ វង្សវឌ្ឍានា ដែរ ប៉ុន្តែ​យើង​មើល​ជាក់ស្តែង​ទៅ យើង​អត់​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់ ដែល​យើង​អាច​ទៅ​បាន ទី​ពីរ​វា​មិន​ទាន់​ដល់​ដែន​សមត្ថកិច្ច​ពួក​ខ្ញុំ​”​។​

​លោកស្រី ចំរើន ឲ្យដឹង​ដែល​ថា នៅពេល​មាន​ភស្តុតាង​គ្រប់គ្រាន់ លោក​នឹង​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធឲ្យ​ចាត់វិធានការ​លើ​លោក អង្គ វង្សវឌ្ឍានា ដូច​ករណី​លោក កឹម សុខា ដែរ​។​

​ទោះជា​យ៉ាងណា​នៅក្នុង​ស​ន្និសិត​សារព័ត៌​មួយនា​ពេល​ថ្មីៗ​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​(ACU) លោក ឱម យ៉ិនទៀង បាន​អះអាង​ថា លោក​បាន​ដឹង​ពី​ឯកសារ ដែល​បង្ហាញ​ថា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ទិញ​ភាគហ៊ុន​នៅ​ក្រៅប្រទេស​ដែល​ត្រូវបាន​ចាត់ទុក​ថា ជា​មធ្យោបាយ​មួយ​នៃ​ការ​លាក់​លុយ​ក្រៅ​ប្រទេស​នោះ​ហើយ​។​

​លោក ឱម យ៉ិនទៀង ឲ្យដឹងទៀតថា អង្គភាព​របស់​លោកកំពុង​ផ្ទៀងផ្ទាត់​លើ​ករណី​នេះ​។

​ចំណែក រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា វិញ​ធ្លាប់ ចេញ​សេចក្តីប្រកាស​មួយបដិសេចុះ​ផ្សាយ​នេះ ប៉ុន្តែ​មិន​បាន​តម្រូវឲ្យព័​ត៌​មាន​ទាំងអស់ កែតម្រូវ​ការចុះផ្សាយ​ទេ​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ត្រូវបានសារព័ត៌មាន​ចុះ​ផ្សាយ​ថា បាន​រក​ឃើញ​ឈ្មោះ​នៅក្នុង​បញ្ជី​«Panama Paper»​ដែល​ជា​ការ​បែកធ្លាយ​នៃ​កំណត់ត្រា​ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​លាក់​លុយ​នៅ​ក្រៅ​ស្រុក​។​

​បុគ្គល​មួយចំនួន​ដែល​មាន​ទ្រព្យសម្បត្តិ និង​មាន​អំណាច​ជាងគេ នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​ដាក់​នៅក្នុង​បញ្ជី​មួយ​នេះ​។ ឯកសារ​បែកធ្លាយ​នោះ​ត្រូវបាន​ពិនិត្យ​ដោយ​ក្រុម​អ្នកសារព័ត៌មាន​ជាង​៣៧០​នាក់ មកពី​ប្រទេស​ជាង​៧០៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ