រដ្ឋាភិបាលជំរុញឲ្យមានអ្នកប្តឹងរកមុខអ្នកចេញខ្សែអាត់សំឡេងសន្ទនាឯកជន

គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបង្កើតឡើងដោយរដ្ឋាភិបាលលើកឡើងថាដើម្បីឲ្យស្មើសិទ្ធិក្នុងការស្វែងរកភាគីពាក់ព័ន្ធក្នុងសំណុំរឿងខ្សែអាត់សំឡេងដែលថាជាការសន្ទនាស្នេហារបស់លោក កឹម សុខា លុះត្រាតែមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការស្វែងរកអ្នកលួចថតសំឡេង។

គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា បន្ទាប់ពីមានការតែងតាំងប្រធានថ្មី។ លោក កែវ រ៉េមី ដែលទើបឡើងកាន់តំណែងប្រធានគណកម្មការធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានដែលសួរថាដើម្បីឲ្យមានភាពស្មើសិទ្ធិគ្នាចំពោះមុខច្បាប់ និង នយោបាយ តើតុលាការគួរតែមានការស៊ើបអង្កេតរកអ្នកលួចថត និងបញ្ចេញខ្សែអាត់សំឡេង? លោកកែវ រ៉េមី មានប្រសាសន៍ថាដើម្បីឲ្យមានការស៊ើបអង្កេតរកអ្នកលួចថតសំឡេងសន្ទនារបស់បុគ្គលឯកជន លោកជំរុញឲ្យមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការ។

លោកបានឆ្លើយថា៖ “ឥឡូវមានអ្នកណាចេញមុខដើម្បីយើងធ្វើបណ្ដឹង តាមផ្លូវតុលាការព្រោះយើងទាំងអស់គ្នានាំគ្នានិយាយថាភាគច្រើនថាមិនទុកចិត្តតុលាការ បើយើងមិនទុកចិត្តតុលាការទាក់ទងរឿងវិវាទយើងទៅឯណា?។ សង្គមកម្ពុជាប្រទេសណាក៏ដោយកាលណាមិនសុខចិត្តអ្វីមួយគ្មានជំរើសអ្វីក្រៅពីឡើងតុលាការ។ អញ្ចឹងអ្នកទាំងអស់គ្នាអ្នកណាក៏ដោយឲ្យតែគាត់យល់ថាអាហ្នឹងជាការថតសំឡេងខុសច្បាប់គាត់អាចធ្វើពាក្យបណ្ដឹងឡើងទៅតុលាការទៅ បន្តទៅថាតើតុលាការគេចាត់ការតាមនីតិវិធីណា។ ខ្ញុំជឿជាក់ថាបើយើងប្ដឹងទៅតុលាការអាចថាតុលាការមិនយកចិត្តទុកដាក់ទុកចោល អញ្ចឹងវាខុសច្បាប់”។

លោក កែវ រ៉េមី បន្ថែមថាទោះបីជានីតិវិធីក្នុងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ធ្វើឡើងតាមបណ្ដឹងរបស់បុគ្គលដើមបណ្ដឹងជាក់លាក់ដែរ។

នាយិកាអង្គការសីលការ ជាអង្គការមួយលើកកម្ពស់សិទ្ធិស្រ្តីលោក ស្រី ធីតា ឃិះ បានលើកឡើងថាលោកស្រីមានការងើងឆ្ងល់ថាមកដល់ពេលនេះភាគីពាក់ព័ន្ធមិនចេញមុខដាក់ពាក្យបណ្ដឹងស្វែងរកអ្នកលួចថតសំឡេងនេះ ប៉ុន្តែអ្នកស្រីថាករណីនេះអាចបណ្ដាលមកពីភាគីពាក់ព័ន្ធមិនមានជំនឿលើប្រព័ន្ធតុលាការ។ លោកស្រីបន្ថែមថាដើម្បីបង្ហាញពីប្រសិទ្ធិភាពនៃប្រព័ន្ធតុលាការ និងច្បាប់នៅកម្ពុជាព្រះរាជអាជ្ញាក៏អាចធ្វើការលើករណីហ្នឹងបាន ដោយមិនបាច់មានអ្នកដាក់ពាក្យបណ្ដឹងដែរ។

លោកស្រីមានប្រសាសន៍ថា៖ “ព្រះរាជអាជ្ញាក៏អាចធ្វើការងារនេះដើម្បីរកឲ្យឃើញអ្នកដែលបានរំលោភទៅលើច្បាប់ ព្រោះជារឿងមួយដែលធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់ភាពជាឯកជន និង សិទ្ធិរបស់ប្រជាពលរដ្ឋជាបុគ្គល។ អញ្ចឹងព្រះរាជអាជ្ញាលោកគួរតែចាប់ផ្ដើមធ្វើការងារដែលវាប៉ះពាល់ដល់បុគ្គលទូទៅ”។

តាមក្រមព្រហ្មទណ្ឌមាត្រា ៣០១ ចែងថា បទស្ដាប់ ឬថតពាក្យសម្ដីឯកជន អំពើស្ដាប់ ឬថតសម្ដីដែលនិយាយជាឯកជន ជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ ហើយពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។

ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្ដាប់ ឬថត ហើយបុគ្គលនោះមិនបានជំទាស់នោះទេ។

គួរបញ្ជាក់ថាចាប់តាំងពីដើមខែ មីនាឆ្នាំ២០១៦ មានការផ្សព្វផ្សាយខ្សែអាត់សំឡេងតាមបណ្ដាញសង្គមជាបន្តបន្ទាប់ដែលអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថាជាការសន្ទនាស្នេហាលួចលាក់រវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងនាងខុម ចាន់តារ៉ាទីហៅស្រីមុំ តែករណីនេះមិនទាន់មានការស៊ើបអង្កេតពីអាជ្ញាធរនៅឡើយ ដើម្បីស្វែងរកអ្នកដែលបញ្ចេញខ្សែអាត់សំឡេងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ