អ្នករាយការណ៍ពិសេសUNខាងសិទ្ធិសេរីភាពបារម្ភពីការហាមឃាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅ

អ្នករាយការណ៍​ពិសេសរបស់​អង្គការសហប្រជាជាតិ(អ.ស.ប)​ទទួលបន្ទុក​ផ្នែកសេរីភាព​ប្រមូលផ្តុំនិង​បង្កើត​​​​សមាគម លោក ម៉េណា គីអេ (Maina Kiai)(រូបថតពីហ្វេសប៊ុក​របស់​លោក ម៉េណា គីអេ)

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំនិងបង្កើតសមាគម លោក ម៉េណា គីអេ (Maina Kiai)បានសម្តែងការព្រួយបារម្ភលើការទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅរបស់សង្គមស៊ីវិលដើម្បីទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស។

លោក ម៉េណា គីអេ  បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃចន្ទនេះថាការអនុញ្ញាតឲ្យអ្នក ប្រឆាំងតវ៉ាដោយសន្តិវិធី បញ្ចេញមតិនិងការប្រមូលផ្តុំ ជួបជុំ មិនមែនត្រឹមតែជាតួនាទីរបស់រដ្ឋាភិបាលក្រោមច្បាប់អន្តរជាតិនោះទេ តែវាក៏កាត់បន្ថយនូវលទ្ធភាពនៃការបះបោរដោយហិង្សាដោយការបង្កើតនូវសង្គមដែលមានការចូលរួមពីគ្រប់ភាគី។ លោកបញ្ជាក់ថា៖ “វាជាការព្រួយបារម្ភមួយដែលឃើញកម្ពុជាកំពុងដើរលើផ្លូវខុសសម្រាប់យុទ្ធនាការពាក់អាវពណ៌ខ្មៅ”។

នៅថ្ងៃចន្ទនេះ អាជ្ញាធរបានចាប់ខ្លួននាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់ ឈ្មោះ លោក ថាវ គឹមសាននិងសកម្មជនដីធ្លី៤នាក់ ខណៈពួកគេបានចូលរួមយុទ្ធនាការពាក់អាវខ្មៅ ដោយដើរទៅពន្ធនាគារព្រៃសនៅព្រឹកថ្ងៃចន្ទនេះ។

ប្រធានរដ្ឋបាលនៃសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថាការឃាត់ខ្លួនអ្នកទាំងនោះ ដោយសារពួកគេធ្វើយុទ្ធនាការដោយគ្មានការអនុញ្ញាតនិងពួកគេបានសរសេរសារលើហ្វេសប៊ុកដែលលោកថាជាចលនាមួយទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោកបន្តថាសមត្ថកិច្ចកំពុងតែសាកសួរអ្នកដែលត្រូវចាប់ខ្លួនទាំងនោះ។ លោកមានប្រសាសន៍ថា៖ “ទីមួយគឺគាត់ចេញយុទ្ធនាការហ្នឹងដោយគ្នានការសុំច្បាប់អនុញ្ញាត គឺគាត់ធ្វើតាមទំនើងចិត្តរបស់គាត់ ទីពីរ គឺគាត់បានចេញសារតាមហ្វេសប៊ុកឬក៏តាមសារព័ត៌មានបណ្តាញសង្គមផ្សេងៗហ្នឹងដើម្បីធ្វើជាចលនាមួយទាមទារឲ្យមានការដោះលែង សកម្មជនអង្គការសង្គមស៊ីវិលមួយចំនួន”។

តាមគម្រោង អង្គការសង្គមស៊ីវិលមួយចំនួនបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។ សង្គមស៊ីវិលនិងក្រុមគ្រួសាររបស់មន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន គ្រោងតវ៉ានៅខាងមុខពន្ធនាគារដោយពាក់អាវខ្មៅ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។

តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នេះនិងអំពាវនាវឲ្យមានការដោះលែងមន្រ្តីទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ