បំផ្ទុះ​គ្រាប់​បែក​២​គ្រាប់​នៅ​ភាគ​ខាង​ត្បូង​ថៃ របួស​យ៉ាង​តិច​៣៧​នាក់

កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៣៧​នាក់ បាន​រង​របួស ក្រោយ​ពី​គ្រាប់​បែក ២​គ្រាប់ បាន​ផ្ទុះ​ឡើង​នៅ​ផ្សារ​ទំនើប Big C ស្ថិត​ក្នុង​ទីរួម​ខេត្ត​ផាតានី នៅ​រសៀល​ថ្ងៃ​នេះ។

កាសែត​ថៃ​មួយ​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា គ្រាប់​បែក​ទី​មួយ បាន​ផ្ទុះ​នៅ​ម៉ោង​ប្រហែល ២ និង ១០​នាទី ហើយគ្រាប់​បែក​ទី​ពីរ​ក៏​បាន​ផ្ទុះ​បន្ថែម​ទៀត​ខុស​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ។

តម្រួត​ថៃ​ខេត្ត​ផាតានី លោក ព្រីឆា ប្រាជុំឆៃ បាន​និយាយ​ថា វត្ថុ​គួរ​ឲ្យ​សង្ស័យ​មួយ​ទៀត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ឯ​ហាង​​ដៃអាណា ស្ថិត​ក្នុង​ទីរួម​ខេត្ត​នេះ។

ក្រុម​មន្ត្រី​សន្តិសុខ បាន​និយាយ​ថា គ្រាប់​បែក​ទី​មួយ បាន​ផ្ទុះ​ឡើង​នៅ​ជិត​ទីតាំង​លក់​អាហារ ស្ថិត​នៅ​ក្នុង​អគារ​ផ្សារ​ Big C ហើយ​គ្រាប់​បែក​ទី​ពីរ បាន​ផ្ទុះ​ឡើង​ខុស​គ្នា​តែ​បន្តិច នៅ​ខាង​ក្រៅ​អគារ បន្ទាប់​ពី​អតិថិជន និង​បុគ្គលិក​ផ្សារ បាន​រត់​ចេញ​ពី​ផ្សារ​ទាំង​ស្លន់​ស្លោរ។

បាងកក ប៉ុស្តិ៍ បាន​ដក​ស្រង់​សម្ដី​តម្រួត​ថៃ ដែល​បា​ន​និយាយ​ថា គ្រាប់​បែក​ទី​ពីរ ត្រូវ​បាន​គេ​បង្កប់​នៅ​ក្នុង​ថង់​មួយ នៅ​ក្នុង​រថយន្តមួយ​គ្រឿង ចត​ចោល​នៅ​ខាង​ក្រៅ​អគារ។

យ៉ាង​ហោច​មនុស្ស ៣៧​នាក់ បាន​រង​របួស​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ។ អ្នក​រង​របួស​ទាំង​អស់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ខេត្ត​ផាតានី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ