មេ​ទ័ព​អាមេរិក​ថា សកម្មភាព​ល្បាត​ជើង​ទឹក​នៅ​សមុទ្រ​ខាង​ត្បូង​មិន​ប្រែ​ប្រួល​នោះ​ឡើយ

មេ​បញ្ជាការ​កង​ទ័ព​នាវាចរណ៍​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិកច លោក​ឧត្ដម​នាវី Scott Swift បាន​និយាយ​នៅ​ថ្ងៃ​នេះថា គ្មាន​​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ទាក់​ទង​នឹង​សេរីភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍​របស់​កង​ទ័ព​អាមេរិក​នោះ​ឡើយ នៅ​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ស្ថិត​ក្រោម​រដ្ឋបាល​មុន កង​ទ័ព​ជើង​ទឹក​អាមេរិក​បាន​ធ្វើ​ប្រតិបត្តិការ​នាវាចរណ៍​នៅ​ទូទាំង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​អះអាង​ជា​ម្ចាស់​ស្ទើ​តែ​ទាំង​អស់។ ប៉ុន្តែ គ្មាន​ប្រតិបត្តិការ​នាវាចរណ៍​ណា​មួយ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​នេះ​នោះ​ឡើយ នៅ​ក្រោម​រដ្ឋបាល​លោក ត្រាំ។

កាសែត​ញូវយ៉ក ថែមស៍ កាល​ពី​សប្ដាហ៍​មុន​បាន​រាយការណ៍​ថា បញ្ជាការដ្ឋាន​កង​ទ័ព​អាមេរិក​នៅ​ប៉ាស៊ីហ្វិក កាល​ពី​ខែ​មីនា បាន​ស្នើ​​ធ្វើ​នាវាចរណ៍​នៅ​ជិត​តំបន់​មាន​ជម្លោះ Scarborough ដែល​ចិន​បាន​ដណ្ដើម​កាន់​កាប់​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​នៅ​មន្ទីរ​បញ្ចកោណ​បដិសេធ។

កាសែត​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា សំណើ​សុំ​ធ្វើ​នាវាចរណ៍ ២​ទៀត​នៅ​ខែ​កុម្ភៈ ក៏​ត្រូវ​បាន​គេ​ច្រាន​ចោល​ផង​ដែរ។

មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​ចង់​បញ្ចៀស​សកម្មភាព​អរិភាព​ជាមួយ​ចិន ខណៈ​ដែល​អាមេរិក​រង់​ចាំ​មើល​ថា តើ​ចិន​នឹង​ប្រឹង​ប្រែង​ដល់​កម្រិត​ណា​ក្នុង​ការ​ដាក់​គំនាប​ទៅ​លើ​កូរ៉េ​ខាង​ជើង ឲ្យ​បោះ​បង់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​ខ្លួន។

ដោយ​សំដៅ​ទៅ​ដល់​សេរីភាព​ខាង​នាវាចរណ៍​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក​នោះ លោក​ឧត្ដមនាវី Scott Swift បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សិង្ហបុរី​ថា គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ខ្លាំង​ឡើយ​នៅ​ក្នុង​រយៈ​ពេល ២ ឬ ៣​ខែ​មក​នេះ។

ចិន​បាន​អះ​អាង​ជា​ម្ចាស់​លើ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើ​តែ​ទាំង​អស់ ជា​ទី​ដែល​នាវា​ពាណិជ្ជកម្ម​តម្លៃ ៥​ពាន់​ពាន់​លាន​ដុល្លារ​តែង​តែ​ឆ្លង​កាត់​រៀង​រាល់​ឆ្នាំ ប៉ុន្តែ ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់ ក៏​បាន​អះ​អាង​ជា​ម្ចាស់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ