ជប៉ុន​បន្ត​ជំរុញ​ជា​ថ្មី​ឲ្យ​កម្ពុជា​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ពិត​ប្រាកដ

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ និងលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន (Facebook)

ប្រមុខ​ការ​ទូត​ជប៉ុន បាន​ជំរុញ​​​ទៅ​រដ្ឋាភិបាល​កម្ពុជា​​ជា​ថ្មី​ម្ដង​ទៀត ​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ បើទោះបី​ជា​កូន​ប្រុស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រុម​មេដឹកនាំ​ជប៉ុន​​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ស្ថានភាព​ពិត​នៅ​កម្ពុជា​ក៏​ដោយ។

លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ផង​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយក្រុម​មេដឹកនាំ​ជប៉ុន មាន​ទាំង​លោក​នាយករដ្ឋ​មន្ត្រី ស្ស៊ិនហ៊្សូ អាបេ និង​រដ្ឋ​មន្ត្រី​ការបរទេស លោក តារ៉ូ កូណូ កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ ដោយ​លោក​ថា បាន​ប្រាប់​អំពី​ស្ថានភាព​ពិត​ប្រាកដ​នៃ​នយោបាយ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ទៅ​ដល់​ក្រុម​មេដឹកនាំ​ជប៉ុន​ទាំង​នោះ។

ឧត្ដមសេនីយ៍​ឯក​យោធា​រូប​នេះ មិន​បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​ឆ្លើយ​តប​បែប​ណា​ពី​សំណាក់​ក្រុម​មេដឹកនាំ​ជប៉ុន​ ជុំ​វិញ​បញ្ហា​នយោបាយ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។

ប៉ុន្តែ កំណត់​ហេតុ​នៃ​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​ លោក តារ៉ូ កូណូ ដែល​ត្រូវ​បាន​ក្រសួង​ការបរទេស​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ប្រមុខ​ការទូត​ជប៉ុន​រូប​នេះ បាន​ជំរុញ​មក​រដ្ឋាភិបាល​កម្ពុជាជា​ថ្មី​ម្ដង​ទៀត ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាជន​កម្ពុជា។

កំណត់​ហេតុ​នោះ ត្រូវ​បាន​សរសេរ​​ថា​៖ «និយាយ​ដល់​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នោះ រដ្ឋ​មន្ត្រី កូណូ ជា​ថ្មី​ម្ដង​ទៀត បាន​ជំរុញ​​ទៅ​កម្ពុជា​ឲ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា តាម​វិធី​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ដោយ​ត្រឹម​ត្រូវ​ពី​ឆន្ទៈ​របស់​ប្រជាជន[កម្ពុជា]»។

បើ​តាម​កំណត់​ហេតុ​នោះ លោក ហ៊ុន ម៉ាណែត បាន​ឆ្លើយ​តប​ថា លោក​នឹង​នាំ​យក​មតិ​របស់​លោក កូណូ ទៅ​ប្រាប់​ឪពុក​របស់​លោក ក្រោយ​ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

បន្ទាប់​ពី​ជំនួប​ជាមួយ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា​កន្លង​មក ប្រមុខ​ការទូត​ជប៉ុនរូប​នេះ ត្រូវ​បាន​សារព័ត៌មាន​ជប៉ុន NHK ដក​ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា លោក​ជំរុញ​ទៅ​មេដឹកនាំ​កម្ពុជា ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ ប៉ុន្តែ លោក ហ៊ុន សែន បាន​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក កូណូ មិន​បាន​លើក​ឡើង​ពី​បញ្ហា​នយោបាយ​កម្ពុជា​នោះ​ឡើយ។

បើ​តាម​សារព័ត៌មាន​ជប៉ុន​ NHK ដដែល លោក កូណូ បាន​ដក​ស្រង់​សម្ដី​លោក ហ៊ុន សែន ដែល​បាន​អះ​អាង​ប្រាប់​រូប​លោក​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ នឹង​មាន​លក្ខណៈ​សេរី និង​ត្រឹមត្រូវ។

លោក កូណូ បាន​និយាយ​ផង​ដែរ​ថា ជប៉ុន​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ខណៈ​ដែល​បញ្ជាក់​ថា ជប៉ុន​ជាមិត្ត​យូរ​អង្វែង​ជាមួយ​កម្ពុជា និង​មិន​ចង់​ឃើញ​ប្រទេស​មួយ​នេះ​ ប្រឈម​មុខ​នឹង​ការ​រិះគ​ន់​នោះ​ឡើយ។

ទាំង​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​បក្ស​កាន់​អំណាច សុទ្ធ​តែ​ព្យាយាម​ពន្យល់​ទៅ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ជប៉ុន​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា ជាមួយ​នឹង​អំណះ​អំណាង​រៀង​ៗ​ខ្លួន បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ប្រហែល​ពាក់​កណ្ដាល​ប្រទេស ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​មេដឹកនាំ​បក្ស​នេះ​គឺ​លោក កឹម សុខា នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៧​ខែ​មក​ហើយនោះ។

​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទាំង​លោក សម រង្ស៊ី និង​កញ្ញា កឹម មនោវិទ្យា ដែល​ជា​កូន​ស្រី​លោក កឹម សុខា នោះ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជា​បន្ត​បន្ទាប់ និង​បាន​ជំរុញ​ទៅ​ក្រុម​មេដឹកនាំ​ជប៉ុន ឲ្យ​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ