អង្គការតម្លាភាពរកឃើញថា ពលរដ្ឋប្រហែល៨០% មិន​ដឹងពី​ថវិកាជាតិ​

អង្គការតម្លាភាពកម្ពុជា​បានឲ្យដឹងថា ប្រជាពលរដ្ឋជិត​៨០% នៅទូទាំងរាជធានី-ខេត្ត មិនយល់​ដឹង​ពី​ទំហំថវិកាជាតិ​ ដោយសារ​កត្តា​ចំណេះដឹង​នៅមាន​កម្រិត​​ទាបនៅឡើយ​​។

ក្នុង​ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា បានបង្កើនគម្រោងចំណាយថវិកាជាតិជាង ៥ពាន់លានដុល្លារ គឺ​កើន​​លើស​ឆ្នាំ២០១៦ ចំនួន​១៥,៦%។​ ថវិកានេះ ត្រូវបានបែងចែកទៅលើវិស័យសំខាន់មួយចំនួនដែលក្នុងនោះជាង៥២%នៃថវិកា​​ជាតិត្រូវ​បាន​​ចំណាយ​ទៅលើបៀវត្សរ៍របស់មន្ត្រីរាជការ ជាង២៥%សម្រាប់វិស័យការពារជាតិ ១០% វិស័យ​សេដ្ឋកិ​ច្ច និងជាង​៣៧% ទៅលើវិស័យសង្គមកិច្ច។

ក្នុង​កម្មវិធីផ្សព្វផ្សាយ​លទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាពនៃដំណើរការថវិកា» នាយក​​​ប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានថ្លែងថា តាមរយៈអង្គការលោក​ធ្វើការស្ទង់មតិ​ប្រជា​ពល​រដ្ឋជាង១៥០០នាក់ក្នុងភូមិចំនួន២០០ នៃឃុំចំនួន១០០ ក្នុង​ចំណោម២៥រាជធានី-ខេត្ត ​រកឃើញថា មាន​ប្រជា​ពលរដ្ឋ​០.៣%ប៉ុណ្ណោះ ដែលដឹងពីទំហំថវិកាជាតិឆ្នាំ២០១៧ ខណៈជិត៨០% ទៀត មិនដឹងពី​ប្រភព​ចំណូល​និង​ចំណាយ​លើថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិនោះឡើយ ដោយសារ​កត្តា​ចំណេះដឹង​នៅមាន​កម្រិត​​ទាប។

លោកថ្លែងថា«ការយល់ដឹងពីចំណូល ក៏ដូចជាចំណាយនៅក្នុងថវិកាជាតិក៏មានកម្រិតទាបផងដែរ មានតែ៣៣.%​នៃប្រជាពលរដ្ឋដែលយើងបានធ្វើការសម្ភាសន៍ គាត់មិនអាចកំណត់ថា តើចំណូលរបស់រដ្ឋាភិបាល បានមកពីណាហើយ៤៦.%​មិនអាចបង្ហាញថា តើមានការចំណាយថ្នាក់ជាតិជាដុំកំភួនទេ»

លោក ព្រាប កុល ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាល​ត្រូវ​ខិត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត តាមរយៈបង្កើនការផ្សព្វផ្សាយ​តាមមូលដ្ឋាន​ឲ្យបានទូលំទូលាយ​ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបានចូលរួម​នៅក្នុង​ដំណើរ​ការ​រៀប​ចំថវិកាជាតិ​ឲ្យ​បានកាន់តែច្រើន​ ទើបធ្វើឲ្យកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលទទួលបានផលវិជ្ជាមាន​។

មន្ត្រីថ្នាក់ក្រោមជាតិនៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លោក ចន ជីវ័ន្ត ​ដែលចូលរួមកម្មវិធីនេះ អះអាង​ថា ស្ថាប័នរដ្ឋនឹងធ្វើការពង្រឹងបន្ថែមទៀតជុំវិញការ​ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយឲ្យស្រប​តាមច្បាប់ ដោយថាដើម្បី​ជួយដោះស្រា​យទុក្ខកង្វល់ដល់ប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈម​ទាំងនោះ។

លោក​មានប្រសាសន៍ថា​«យើងប្រហែលជាត្រូវមានការរៀបចំពង្រឹងថាតើក្នុងច្បាប់នីមួយៗដែលមានប្រការ ដែលយើងអនុញ្ញាតហើយ.​..យើងនិងមានភ្ជាប់កម្មវិធីអ្វីខ្លះដើម្បីណែនាំពង្រឹងឲ្យប្រជាពលរដ្ឋយើងយល់ដឹង ហើយកាន់តែមានឆន្ទៈចង់ចូលរួមហើយឲ្យដឹងថាការចូលរួមរបស់ពួកគាត់មានផលប្រយោជន៍អ្វីខ្លះដល់ពួកគាត់ ហើយក៏ដូចជាសហគមន៍របស់គាត់ទាំងមូលផងដែ»

តាមរបាយការណ៍អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១៥របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាឲ្យដឹងថា ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យប្រជាពលរដ្ឋយល់ដឹងពីថវិកាជាតិ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​​​ឯកសារថវិកា​ដោយ​សាមញ្ញ មិនមានលក្ខណៈបច្ចេកទេស ដើម្បីពួកគេយល់ដឹង​អំពី​ហិរញ្ញ​វត្ថុ​សាធារណៈ ។

របាយ​​ការណ៍​ដដែលបន្តថាចាប់តំាងពីឆ្នាំ២០១៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយ “ថវិកា​សង្ខេប” ដែលមាន​តួលេខចំណូល ចំណាយ និងការវាស់វែងម៉ាក្រូសេដ្ឋកិច្ចសរុបមួយចំនួន ប៉ុន្តែ​ថវិកា​សង្ខេប​នោះមិនត្រូវ​បានចាត់ទុកជាឯកសារថវិកាសម្រាប់ប្រជាពលរដ្ឋអាចយល់បានដ៏ល្អនោះទេ។

អង្គការភាពជាដៃគូថវិកាអន្ដរជាតិបានវាយតម្លៃបង្ហាញថា កម្ពុជាទទួលបានពិន្ទុ៨លើពិន្ទុ១០០ សម្រាប់ សន្ទសន៍តម្លាភាពថវិកាជាតិ ដែលអង្គការនេះបង្ហាញថា ពលរដ្ឋកម្ពុជាមានលទ្ធភាពតិចតួច​ក្នុងការ​ទទួល​បាន​ព័ត៌មានពីការប្រើប្រាស់ថវិកាជាតិដោយរដ្ឋាភិបាលដែលពួកគេត្រូវយល់ដឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ