សមាជិកព្រឹទ្ធសភាអាមេរិកថាចង់មានទំនាក់ទំនងល្អជាមួយកម្ពុជា

រូបភាព៖ ក្រសួងការបរទេស

សមាជិកព្រឹទ្ធសភា​នៃ​រដ្ឋ​វ៉ា​ស៊ីន​តោន​សហ​រដ្ឋអាមេរិក បាន​ថ្លែង​ប្រាប់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ថា​ លោក​ចង់​ឃើញ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិកមាន​ភាព​ល្អ​ប្រសើរ ខណៈ​លោក​នឹង​ជំរុញឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ច្រើន​រវាង​ឥស្សរជន​អាមេរិក​ និងប្រទេស​កម្ពុជា។

សមាជិកព្រឹទ្ធសភា​នៃ​រដ្ឋ​វ៉ា​ស៊ីន​តោន​សហ​រដ្ឋអាមេរិក បាន​ថ្លែង​ប្រាប់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ថា​ លោក​ចង់​ឃើញ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិកមាន​ភាព​ល្អ​ប្រសើរ ខណៈ​លោក​នឹង​ជំរុញឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ច្រើន​រវាង​ឥស្សរជន​អាមេរិក​ និងប្រទេស​កម្ពុជា។

អនុរដ្ឋលេខា​ធិការ​ក្រសួង​ការបរទេស​លោក មាស គឹមហេង បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅព្រឹក​ថ្ងៃ​ទី​៩ ឧសភា​នេះ ​បន្ទាប់​ពី​ជំនួប​រវាង​សមាជិកព្រឹទ្ធសភានៃ​រដ្ឋ​វ៉ាស៊ីន​តោន​លោក  Doug Ericksen ជា​មួយ​រដ្ឋ​មន្ត្រីក្រសួងការបរទេស ​ថា លោកចង់​ឃើញ​ទំនាក់​ទំនងរវាង​កម្ពុជា និង​អាមេរិក​មាន​ភាព​ល្អ​ប្រសើរច្រើន​ជាង​នេះ និង​សង្ឃឹម​ថា​ក្រោម​រដ្ឋបាល​របស់​លោក ដូណាល់​ត្រាំ នឹង​អាច​ធ្វើ​ទំនាក់​ទំនង​រវាងកម្ពុជា អាមេរិក​អាច​បន្ត​ទៅ​មុខ​ទៀតបាន។​

លោក​មាស គឹមហេង​ បញ្ចាក់ថា៖ « ចំណុចមួយទៀតដែលឯកឧត្តមErikson បានលើកគឺលោកចង់ ឃើញកម្ពុជានិងអាមេរិកមានទំនាក់ទំនងល្អ ហើយជាពិសេសគាត់សង្ឃឹមយ៉ាងមុតមាំថា តាមរយៈគោលនយោបាយថ្មីរបស់ប្រធានាធិបតីត្រាំនោះ គឺគោលនយោបាយដែលលោកបានបញ្ជាក់ថាគឺលោកនឹងគោរពនូវអធិបតេយ្យភាពនៃប្រទេសផ្សេងទៀត ហើយតាមរយៈគោលនយោបាយដែលលោកបានលើកនេះលោកសង្ឃឹមថាអាមេរិក និងកម្ពុជានឹងទំនាក់ទំនងកាន់តែល្អ​​ទៅមុខទៀត​ »

បើ​តាម​លោក​មាស គឹមហេង លោក Doug Ericksen ក៏​ចង់ចូល​រួមសង្កេត​​ការ​បោះឆ្នោត​នៅ​កម្ពុជា​នាពេលខាង​មុខ​ផង​ដែរ។

អ្នក​តាម​ដាន​នយោបាយ​កម្ពុជាលោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ក្នុង​ទំនាក់​ទំនង​អន្តរជា​តិ​ប្រទេស​នី​មួយៗ​ចាំ​បាច់​ត្រូវ​ ការទំនាក់​ទំនងល្អ​ជាមួយគ្នា​​ ដើម្បី​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក។ លោក​បន្ថែម​ថា​សំរាប់​ទំនាក់​ទំនងកម្ពុជា អាមេរិក ពុំទាន់​ភាព​ល្អក់​​កករខ្លាំង​ណាស់​ណា​នោះ​ទេ ដែល​អាច​ធ្វើ​សម្បទាន​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក​បាន ហើយ​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភាអាមេរិក​គឺ​ជា​ចេតនា​ល្អ​ក្នុ​ង​ទំនាក់​ទំនង​នេះ។

លោក​ថា៖ « ជាគោលការណ៍ទូទៅនៅក្នុងទឹស្ត្រីការបរទេសគឺរដ្ឋមួយៗត្រូវតម្រង់ទិសព្យាយាមរកមធ្យោបាយទាក់ទងគ្នាឲ្យបានជាផលវិជ្ជមាននៅក្នុងទំនាក់ទំនងការទូត។ អញ្ចឹងការលើកឡើងនេះវាមិនមានអីជាផលអវិជ្ជមានទេ គឺវាល្អទាំងពី ទាំងកម្ពុជា ទាំងអាមេរិក ដែលអាចឲ្យភាគីទាំងពីរអាចទទួលយកបាននៅក្នុងដំណាក់កាលនៃការជជែកចរចារគ្នាដំបូង។វាអត់ទាន់ចោទជាបញ្ហា ក៏បញ្ហាប្រឈមណាមួយដែលជាការធ្វើឲ្យរាំងស្ទាក់ដល់ទំនាក់ទំនងប្រទេសទាំងពីរនោះទេ »

បើ​តាម​លោក​សុវណ្ណារ៉ា ទំនាក់​ទំនងនេះ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន​តាមរយៈ ការ​បក​ស្រាយ​ពី​ការ​ចោទ​ប្រកាន់​ និង​ភាព​ស្រពិច​ស្រពិល​រវាង​ប្រទេស​ទាំង​ពីរទៅ​វិញទៅ​មក​ឲ្យបាន​ច្បាស់​លាស់​។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។