បក្សកាន់អំណាចបំភ្លឺថាមន្ត្រីឃុំសង្កាត់ដែលធ្លាក់ឆ្នោត មិនត្រូវផ្តល់តំណែងក្នុងជួររដ្ឋាភិបាលទេ

ការឃោសនាបោះឆ្នោតរបស់បក្សកាន់អំណាច

គណបក្សកាន់អំណាចបានបំភ្លឺថា គ្មានគម្រោងយកម​ន្ត្រី​​ឃុំ​សង្កាត់រ​ប​​ស់​​​​​​​ខ្លួនដែល​​ធ្លាក់ឆ្នោត​ មក​​ធ្វើជំ​នួយការឬ​​​​ទីប្រឹក្សាមន្ត្រី​​រដ្ឋាភិបាល ដូចម​ជ្ឈដ្ឋា​នមួយ​ចំនួ​​​ន​លើ​កឡើងនោះទេ ដោ​យ​ចា​​ត់​​​ទុ​កថា ការ​លើ​ក​​ឡើ​ង​បែបនោះថា ជារឿងមិនពិត។

ក្រសួងមហាផ្ទៃ បានចេញសេក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៨ខែមិថុនា បានលើកឡើងថា ថ្មីៗនេះមាន​កា​រផ្សា​យ​ព័ត៌មានថា អង្គការសង្គមស៊ីវិល អ្នកនយោបោយបក្សប្រឆាំង ព្រួយបារម្ភអំពី​ការប្រើ​ប្រាស់ថ​វិកា​ជាតិ​ ដោយគ្មានប្រសិទ្ធភាព ជុំវិញគម្រោងតែងតាំងមន្ត្រីឃុំសង្កាត់ចាញ់ឆ្នោត របស់គ​ណបក្ស​ប្រជា​ជន​កម្ពុ​ជា ជាជំនួយការ ឬទីប្រឹក្សាមន្ត្រីរដ្ឋាភិបាល។

ក្រសួងបានច្រានចោល ក្តីបារម្ភនេះ ដោយបំភ្លឺថា រដ្ឋាភិបាលគ្មា​នគោលការណ៍ ​​តែងតាំងមុខតំណែ​ង​មេឃុំ ជំទប់ ឬចៅសង្កាត់ ចៅសង្កាត់រងមួយចំ​នួន ដែលធ្លា​ក់ឆ្នោត​នៅ​ក្នុ​ងអាណត្តិទី៤នេះ ដូចការ​លើ​កឡើ​ងនោះទេ។

ប៉ុន្តែ​ក្រសួងថា កន្លងទៅរដ្ឋាភិបាល​មានតែគោ​លកា​រណ៍ ក្នុងការរៀបចំតែងតាំងមុខតំណែងជាទីប្រឹក្សា ឬជំនួយការនៅតាមក្រសួង ស្ថាប័ននានា របស់​រដ្ឋា​​ភិ​​បាល ចំពោះតែមេឃុំជំទប់ ឬចៅសង្កាត់ ចៅស​ង្កាត់​​រងមួយចំ​នួន ដែលមិន​បានឈរ​ឈ្មោះ​ជា​បេក្ខ​ជន ​​សម្រាប់ស​ម្រាប់ការបោះ​ឆ្នោតជ្រើសរើ​ស​ក្រុមប្រឹ​​ក្សា​ឃុំ សង្កាត់អា​ណត្តិទី៤តែប៉ុណ្ណោះ។

ក្រសួ​ងលើកឡើងថា ជម្រើសបែបនេះ ក្នុងបំណងប្រើប្រាស់ធនធានមនុស្ស ដែលមានបទពិសោធន៍ និង​សម​ត្ថភា​ព​សម្រាប់ជួយការងារតាមក្រសួងស្ថាប័ន។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់ថ្លែងក្នុងកម្មវិធីវិទ្យុអាស៊ីសេរីថា ការផ្តល់តំ​ណែ​​​ង​​ណា​មួយ ដល់មន្ត្រីឃុំសង្កាត់ ដែលធ្លាក់ឆ្នោត របស់បក្សកាន់អំណាចលោកថា ជាជម្រើសនៃគោល​ន​យោ​បា​យ របស់​គ​​ណ​​​ប​ក្ស​នីមួ​យៗ ដោយលោកសុំមិនធ្វើការបកស្រាយទេ។

ប៉ុន្តែមេបក្សប្រឆាំងរូបនោះថា ភាពត្រឹមត្រូវ ឬមិនត្រឹម ទុកឲ្យម្ចាស់ឆ្នោត ជាអ្ន​ក​វា​យត​ម្លៃ​ពេ​ល​បោះ​​​ឆ្នោ​​ត​ជា​តិ​ នៅឆ្នាំ២០១៨ខាងមុខ។

មុនបោះឆ្នោតឃុំសង្កាត់ មានលិខិតរបស់លោកស្រី ម៉ែន សំអន ក្នុងនាមលោក ហ៊ុន សែន ប្រធានគ​​ណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យអ្នកចុះពង្រឹងបក្សនៅតាមខេត្តនីមួយត្រៀម​ខ្លួន ទំនុកបម្រុង​​ថវិកា​ដល់​​មេឃុំ និងចៅសង្កាត់ ​របស់​គណបក្ស ដែលមិនជាប់ឆ្នោត។

ប៉ុន្តែ​​​ក្រោ​យ​មកក៏​មាន​លិខិតថ្មី​មួយទៀត ដោយ​​​​គណបក្សប្រជាជនកម្ពុជា តម្រូវឲ្យ​រដ្ឋមន្រ្តី​តាម​ក្រសួ​ងនី​មួយ​ៗ​ត្រៀម​ទទួល​មេឃុំ និងចៅសង្កាត់ដែល​មិនជាប់ឆ្នោត​មកធ្វើ​ជាជំនួ​យការឬទីប្រឹក្សាវិញម្តង។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា សេចក្តីបំ​ភ្លឺរប​ស់​ក្រសួ​​ងមហាផ្ទៃ​ អាច​ជាការជម្រះមន្ទិលមួយ។ ប៉ុន្តែលោក បានដាក់ជាសំនួរថា បើមន្ត្រីទាំងនោះ មិន​​​បាន​​ឈ​រ​ឈ្មោះដោយ​សារតែអស​មត្ថ​ភាព នោះការចាយវាយកវិកាជាតិនៅតែជបញ្ហាដដែល។

លោកថា៖ «ប៉ុន្តែបើការបំពេញការងារមានប្រសិទ្ធភាពការចំណាយថវិកាជាតិមិនមែនជាបញ្ហាទេ។ ប៉ុ​ន្តែ​​បើកា​របំ​​ពេ​​ញការងារហ្នឹងគ្មានប្រសិទ្ធភាព ហើយមន្ត្រីនៅក្នុ​ងតំណាងហ្នឹងគាត់​បំពេញការងារមិនបា​នល្អ ដោ​យសារតែ​ប្រកាណាមួយនោះ ខ្ញុំគិតថាគឺជាសំនួរបន្តទៅប្រជាពលរដ្ឋ ទៅនឹងការ​ចាយវាយ​ថវិកា​ជាតិ ទៅនឹងប្រសិទ្ធភាព»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការផ្តូរ​ជំ​ហ​​​រ​​​​​មិនតែងតាំងមន្ត្រីធ្លាក់ឆ្នោត ក្នុងជួររដ្ឋាភិបាលបែបនេះ លោកថា អាចជាការផ្តល់​ទំនុក​ចិត្តដល់​ម្ចា​ស់​ឆ្នោ​​​ត​​ឡើងវិញ ។

លោកថា៖ «ការសម្រេចចិត្តចុងក្រោយនេះ ទាក់ទិននឹងបែបបទរដ្ឋបាលផង និងបែបនយោបាយផង ដែល​គាត់​​​ក្នុងនាមជាបក្សកាន់អំណាច។ អញ្ចឹងអាចពិចារណាមើលឃើញថាមិនសូវជាចំណេញ បានជា​មានការ​ស​ម្រេច​ចិត្តនេះ»។

បើតាមការអះអាង របស់អ្នកនយោបាយ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះ គណ​បក្សប្រជាជនកម្ពុជា អាចបាត់បង់អស់មេឃុំជិត៥០០ និងក្រុមប្រឹក្សាជាង៤ពាន់នាក់ទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ