កម្ពុជា៖ ពលរដ្ឋយល់ព្រមប្រគល់​ឡានទំនិញ​ ​បន្ទាប់ពីអាជ្ញាធរថៃ​ដោះ​លែង​ប្រជា​ជនខ្មែរ

​អាជ្ញាធរកម្ពុជាឲ្យដឹងថា ពល​រដ្ឋ​ខ្មែរ​ បាន​សម្រេច​ប្រគល់​ឡាន​ទំនិញ​ថៃជាង​២០គ្រឿងឲ្យទៅក្រុមឈ្មួញវិញ​ បន្ទាប់​ពីអាជ្ញាធរ​ថៃ ​យល់​ព្រម​ដោះ​លែងពល​រដ្ឋ​ខ្លួនចំនួន១៣នាក់​ចេញពី​ពន្ធនាគារ ​ឲ្យ​ត្រឡប់​មក​កាន់​កម្ពុជាវិញ។

មេ​បញ្ជាការ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ ប្រចាំ​តំបន់​បឹ​ង​ត្រកួនលោកវរសេនីយ៍ទោ ឡុង សំណាង ​បាន​ឲ្យ​ដឹង​តាម​រយៈ អគ្គស្នងការ​នគរ​បាល​ជាតិ​ថា ប្រជាពលរដ្ឋខ្មែរចំនួន ១៣នាក់ ត្រូវបានអាជ្ញាធរ​ថៃដោះ​លែង​ និង​ត្រូវបានដឹកតាមរថយន្ត​​២គ្រឿង​ ចូល​តាម​ច្រក​តំបន់​ព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោក​រមៀត​ ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ ​កាលពីយប់​ម៉ោង​៧ ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៧។

ក្រោយ​ពី​អាជ្ញាធរថៃ បាន​បញ្ជូន​​ពលរដ្ឋខ្មែរ១៣នាក់មកដល់ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា ប្រជាពលរដ្ឋខ្មែរ ​ក៏បានបើករថយន្ត​និង​លើក​លូរ​​ចេញ ដើម្បីបើកផ្លូវឲ្យរថយន្តថៃចំនួន២៦​គ្រឿង បាន​ចូល​ទៅ​ប្រទេសថៃវិញតាមការសន្យា​។

គួរ​បញ្ជាក់​​ថា កាលពី​ថ្ងៃ​ទី​២ខែមិថុនា ប្រជាពល​រដ្ឋ​ខ្មែរ​ប្រមាណ​១០០នាក់ បាន​ឃាត់​រថយន្ត​ថៃ​ចំនួន​២៦គ្រឿង​ ដោយយករថយន្តប្រមាណ៤ទៅ៥គ្រឿង និងដាក់លូបិតផ្លូវឃាត់រថយន្តថៃ ដើម្បី​ជា​ថ្នូរដោះដូរប្រជាពលរដ្ឋចំនួន១៣នាក់ ដែល​ថៃ​ចាប់​បាន​នៅចំណុចផ្សារស្រុកតាប្រាយ៉ា ខេត្តសា​កែវ​ប្រទេសថៃ បន្ទាប់ពីត្រូវបាន​ចោទប្រកាន់ពីបទស្នាក់នៅខុសច្បាប់ និងអន្តោប្រវេសខុសច្បាប់ ដោយ​ត្រូវបានឃុំ​ខ្លួន​​។ ពល​រដ្ឋ​ទាំង​នោះ​ថា​ ប្រសិន​ជាថៃ មិន​ដោះលែង​ប្រជាពលរដ្ឋខ្មែរទាំង​១៣​នាក់​នោះ​ទេ ​រថយន្តថៃ​ចូល​ដឹក​​ដំឡូង​ ដែល​ឃាត់​បាន​ក៏​មិន​ឲ្យ​​ទៅវិញដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ