មេធាវីស្នើឲ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើលោក គឹម សុខ

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

មេធាវីការពារក្ដីឲ្យអ្នកឃ្លាំមើលបញ្ហានយោបាយនិងសង្គម លោក គឹម សុខ ស្នើឲ្យតុលាការកំពូលទម្លាក់ការប្រកាន់ចំពោះកូនក្ដីរបស់ខ្លួន ដោយលើកហេតុផលថា ការចោទប្រកាន់និងការឃុំខ្លួនរបស់តុលាការថ្នាក់ក្រោម ធ្វើឡើងមិនយុត្តិធម៌និងខុសនីតិវិធីច្បាប់។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យឃុំខ្លួនលោក គឹម សុខបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃសរ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានមេធាវីការពាក្តីលោក គឹម សុខ ច្រានចោល ហើយប្ដឹងជំទាស់។

នៅក្នុងបន្ទប់សវនាការ មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជូង ជូងី លើកឡើងថា ចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងលឿនខុសពីសំណុំរឿងផ្សេងៗ ដោយតុលាការមិនបានទុកពេលឲ្យកូនក្ដីរបស់លោករកមេធាវីដើម្បីការពារក្ដី។

បើតាមលោក ជូង ជូងី លោក ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី១៣ខែកុម្ភៈ ហើយនៅថ្ងៃដដែល តុលាការ ក៏បានចេញដីកាកោះឲ្យចូលបំភ្លឺ ដោយ៤ថ្ងៃបន្ទាប់ តុលាការបញ្ជាឲ្យឃុំខ្លួនតែម្ដង  ដោយលោកចាត់ទុកចំណាត់ការរបស់តុលាការធ្វើឡើងផ្ទុយទៅនឹងច្បាប់។

លោកថា៖ «ពាក្យបណ្ដឹងដាក់នៅថ្ងៃទី១៣​ (កុម្ភៈ) តុលាការចេញដីកាកោះនៅថ្ងៃទី១៣ ភ្លាមៗដែរ»។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គី តិច លើកឡើងថា ការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជាឲ្យឃុំខ្លួនលោក គឹម សុខ ភ្លាមៗនោះ មិនខុសច្បាប់ឡើយ។

លោកបញ្ជាក់បន្ថែមថា លោកជាអ្នកស្នើឲ្យតុលាការពន្លឿករណីនេះ ព្រោះបើទុកឲ្យលោក គឹម សុខ នៅបន្តវិភាគទៀត វានឹងធ្វើឲ្យសង្គមមានចលាចល និងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាធ្លាក់ប្រជាប្រិយភាពកាន់តែខ្លាំង ខណៈដែលលោក ក៏បានចោទគណបក្សប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់លោក កែម ឡី។ លោក គី តិច ស្នើឲ្យតុលាការឃុំខ្លួនលោក  គឹម សុខ បន្តទៀត ដោយថា បើលោកនៅក្រៅឃុំនោះ លោកអាចនឹងប្រព្រឹត្តបទល្មើសកាន់តែច្រើនជាងនេះ។

លោកថា៖ «បើតុលាការមិនឃុំខ្លួនលោក គឹម សុខ ទេ មិនដឹងថា លោក គឹម សុខ បង្កើតបទល្មើសច្រើនជាងនេះទៀត ការបញ្ចេញមតិរបស់លោក គឹម សុខ ផ្ទុយច្បាប់ គណបក្សប្រជាជនមិនបានសម្លាប់លោក កែម ឡី ទេ ប៉ុន្តែលោកវិភាគថា រដ្ឋអំណាចជាអ្នកធ្វើ ហើយ​ធ្វើឲ្យពលរដ្ឋជាអ្នកស្ដាប់យល់ខុស ហើយពលរដ្ឋមិនបោះឆ្នោតឲ្យគបក្សប្រជាជនកម្ពុជា ករណីនេះ ធ្វើឲ្យគណបក្សប្រជាជនធ្លាក់សន្លឹកឆ្នោត»។

ឈរនៅក្នុងរង្វង់ក្រចកសេះ នៅក្នុងបន្ទប់សវនាការ លោក គឹម សុខ បានច្រានចោលការលើកឡើងរបស់លោ គី តិច ដោយអះអាងថា ការវិភាគ រួមទាំងបទសម្ភាស៍ នៅវិទ្យុអាស៊ីសេរី លោកមិនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីឡើយ។ លោក គឹម សុខ ក៏បានស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងឲ្យលោកមានសេរីភាពវិញ។

លោកថា៖ «ខ្ញុំបដិសេធការឃុំខ្លួន ហើយស្នើឲ្យតុលាការដោះលែង ខ្ញុំវិញឲ្យបាននៅក្រៅឃុំ»។

មុនបញ្ចប់សវនាការនៅព្រឹកនេះ តំណាងមហា​អយ្យកា លោក ឈួន ចាន់ដ្ឋា បានស្នើឲ្យតុលាការពិចារណា​ដោយបន្តឃុំខ្លួនលោក គឹម សុខ ដដែល តាមសំណើរបស់លោក គី តិច មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការ លោក ជូង ជូងី ឲ្យដឹងថា តុលាការបានសម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃក្រោយ ហើយចំពោះលទ្ធផលវិញ លោកមិនទាន់ហ៊ានសន្និដ្ឋាននៅឡើយ។

លោកថា៖ «អ្វីដែលលោក គឹម សុខ លើក ក៏មិនខុសពីអ្វី ដែលខ្ញុំជាមេធាវីការពារសិទ្ធិឲ្យ​លើក គឺបង្ហាញីចំណាត់ការខុសឆ្គងរបស់តំណាងអយ្យការ ហើយនឹងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលថា ផ្លូវច្បាប់គឺមិនត្រូវឃុំខ្លួនគាត់ជាបណ្ដោះអាសន្នទេ ប៉ុន្តែចៅក្រមស៊ើបសួរ បែបជាជ្រើសរើសការឃុំខ្លួនគាត់បណ្ដោះអាសន្ន។ ចឹងគឺយើងតវ៉ា ដើម្បីឲ្យបដិសេធដីកាឃុំខ្លួននឹងដោះលែងគាត់វិញ»។

ទោះជាយ៉ាងណា បន្ទាប់ពីសវនាការជាង២ម៉ោងនៅព្រឹកថ្ងៃទី៩មិថុនានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល ឃឹម ប៉ុន បានប្រកាសលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧ ខាងមុខ។

គួររំលឹកថា កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោក គឹម សុខ បន្ទាប់ពីលោក បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី។ ប៉ុន្តែពាក់ព័ន្ធករណីនេះ លោក ហ៊ុន សែន ក៏បានប្ដឹងទារសំណងជំងឺចិត្តពីលោក គឹម សុខ ជាទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារផងដែរ។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ដោយចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស និងវែកមុខរកឃាតកមិនឃើញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ