វិភាគ៖ តើមានចំណុចអ្វីខ្លះដែលត្រូវកែលម្អនិងយកជាគំរូសម្រាប់បោះឆ្នោត២០១៨?

អ្នកវិភាគបាននិយាយថា ជាប្រវត្តិសាស្ត្រថ្មីហើយ ដែលមជ្ឈដ្ឋានជាច្រើនកោតសរសើរការបោះ​ឆ្នោត​នៅកម្ពុជាឆ្នាំនេះ បន្ទាប់ពីកម្ពុជារៀបចំការបោះឆ្នោត​ដោយ​ខ្លួន​ឯងតាំងពីឆ្នាំ១៩៩៨មក។

កាលពីអាណត្តិទី១ឆ្នាំ១៩៩៣ ប្រទេសកម្ពុជាត្រូវបានអង្គការសហប្រជាជាតិជាអ្នកជួយរៀប​ចំ​ការ​បោះឆ្នោត ក្រោយពីអ្នកនយោបាយរបស់ប្រទេសក្រីក្រមួយនេះបានយល់​ព្រម​ទម្លាក់អាវុធចុះ ងាកមក​ដណ្តើម​កាន់អំណាចតាមរយៈសន្លឹកឆ្នោតជាលើកដំបូង។

កាលណោះ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានឈ្នះគណបក្សប្រជាជនកម្ពុជាប៉ុន្តែ គណបក្សដែលបានកាន់អំណាចតាំងក្រោយ​ផ្តួលរំលំរបបខ្មែរក្រហមនោះ មិនព្រមប្រគល់អំណាច​ទាំង​ស្រុង​ឲ្យគណបក្សរាជានិយមដែល​បង្កើត​ដោយ ​សម្តេច សីហនុ ឡើយ។

គណបក្ស​ប្រជាជនកម្ពុជាដែលមានអាវុធក្នុងដៃស្រាប់ បានបង្កើតតំបន់អប្បគមន៍នៅខេត្តភាគខាងកើតទន្លេគង្គ។​នៅទីបំផុត​គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលឈ្នះឆ្នោត បានយល់ព្រមបែងចែកអំណាចពាក់កណ្តាល​ទៅឲ្យលោក ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តីទី២។

លុះមកដល់អាណត្តិទី២ឆ្នាំ១៩៩៨ នៅពេលដែលការបោះឆ្នោតរៀប​ចំដោយ​កម្ពុជាខ្លួនឯង បាន​​ធ្វើ​ឲ្យ​គណបក្សប្រជាជនកម្ពុជាឈ្នះ គណបក្សរាជានិយមវិញ។ គណបក្សប្រជាជនកម្ពុជា​នៅតែ​បន្ត​កើន​សំឡេងឆ្នោតជាបន្តបន្ទាប់ពីជាង៧០អាសនៈនៅឆ្នាំ២០០៣ ឡើងដល់​៩០​អសនៈ​នៅឆ្នាំ២០០៨។ប៉ុន្តែគណបក្សដែលកាន់អំណាចជិតពាក់កណ្តាល​សត្សវត្សនេះ បាន​ធ្លាក់​ចុះ​​អាសនៈយ៉ាងគំហុកនៅឆ្នាំ២០១៣ ដោយនៅសល់៦៨ ទល់នឹង៥៥អសនៈរបស់​គណបក្ស​សង្រ្គោះជាតិដែលជាគូរប្រកួតថ្មី។

យ៉ាងណាក៏ដោយ ការដែលកម្ពុជារៀបចំការ​បោះឆ្នោត​ដោយ​ខ្លួនឯង​ចំនួន៤អាណត្តិ​ជាប់ៗគ្នា តាំង​ឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៣ គឺមិនដែលទទួលបាន​ការ​សាទរ​ពី​គណបក្សដែល​ចាញ់​ឆ្នោត​និង​ក្រុម​អ្នក​សង្កេតការណ៍ជាច្រើននោះទេ។

គណបក្សដែលចាញ់​ឈ្នះចោទថា ការបោះឆ្នោត​ធ្វើ​ឡើង​មិនមានយុត្តិធម៌ មិនតម្លាភាព មិនសេរី ដោយពួកគេទម្លាក់កំហុសទៅលើ​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតថាមិនឯករាជ្យ​​។ ​មិនឯករាជ្យដោយសារកាលណោះ សមាសភាព គជប ៧រូបគឺជាមនុស្ស​​របស់គណបក្ស​ប្រជាជនកម្ពុជា ២រូបមកពីគណបក្សប្រឆាំង ប៉ុន្តែមិនមានតំណាងពីស្ថាប័នឯករាជ្យនោះឡើយ។ នេះហើយដែលជាហេតុផលសំខាន់មួយធ្វើឲ្យគណបក្សនយោបាយដែល​ចាញ់​មិនអស់​ចិត្ត ហើយអ្នកដែលឈ្នះមិនទទួលបានការសាទរ។

ងាកមកមើល សមាសភាព គជប បច្ចុប្បន្ននេះវិញ គឺ៤រូបមកពីគណបក្សប្រជាជនកម្ពុជា ៤រូបមកពីគណបក្ស សង្រ្គោះជាតិ និង​១រូបតំណាងពីស្ថាប័នឯករាជ្យ។

ក្រៅពីតែសមាសភាពគជប មានតុល្យភាពគ្នាហើយ សំភារៈបច្ចេកទេសបម្រើឲ្យការ​បោះឆ្នោត​ រួមទាំងការធ្វើ​បញ្ជីឈ្មោះបោះឆ្នោត​ផង សុទ្ធតែត្រូវបានគាំទ្រដោយ​សហគមន៍អន្តរជាតិ ដូចជា សហភាពអ៊ឺរ៉ុប និង ជប៉ុន ជាដើម។

តាមរយៈអាជ្ញាកណ្តាលថ្មី និងបញ្ជីឈ្មោះបោះឆ្នោតដែលអាចទុកចិត្តបានផងនោះ ចំនួន​អ្នក​ចេញទៅ​បោះ​ឆ្នោត​ឃុំ សង្កាត់ អាណត្តិទី៤នេះ មានរហូតទៅដល់ជិត៩០%។

លោក យង់ គិមអេង សមាជិកម្នាក់នៃបន្ទប់ស្ថានការណ៍បោះឆ្នោត កត់សំគាល់ពីចំណុចល្អៗ​មួយ​ចំនួនដែល គួរយកជាមេរៀនសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។ ​លោកថា «​យើងឃើញថា​គជប បានដាក់លទ្ធផលតាមវេបសាយហ្នឹងជាមេរៀនល្អមួយដែល​កាត់​បន្ថយ​ទំនាស់ ការសង្ស័យ ហើយពលរដ្ឋអាចចូលទៅមើល​លទ្ធផល គណបក្សដែលគេ​ពេញចិត្តបាន។​ មេរៀនល្អដែរ ដែល គជប ចេះដើរតួនាទីសម្របសម្រួលឲ្យមានភាគី​ពាក់ព័ន្ធចូលរួម ទាំងសង្គមស៊ីវិល ទាំងអង្គការជាតិ អន្តរជាតិដែលជារឿងល្អ»។

ថ្វីត្បិតតែលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាស តែគណបក្សនយោបាយ​នីមួយៗ បាន​ទទួ​ល​​​ស្គាល់​ពី​លទ្ធផលរបស់ខ្លួន​ដោយ​រីករាយ ពោលមិនមានការតវ៉ាជាទ្រង់ទ្រាយធំឡើយ។

ចំណែកក្រុមអ្នកសង្កេតការណ៍ជាច្រើនក៏បានចេញសេចក្តីថ្លែងការណ៍សាទរ​ចំពោះ ពលរដ្ឋ​កម្ពុជា ដែលបានចេញទៅ​បោះ​ឆ្នោតច្រើនជាងបណ្តាប្រទេសធំៗលើពិភពលោក។

អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានសរសើរពីការបោះឆ្នោត ឃុំ សង្កាត់ នៅកម្ពុជា ប៉ុន្តែបានភ្ជាប់នឹងសំណើជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំង ដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ មានការទទួលស្គាល់ជាអន្តរជាតិ​។

ការិយាល័យ​សិទ្ធិ​មនុស្សមួយនេះ​កត់​សម្គាល់​ថា មុនពេលបោះឆ្នោត មានអ្នកន​យោបាយ​​គណបក្សប្រឆាំងមួយចំនួន ត្រូវរងការគំរាមកំហែង និងរារាំងមិនឲ្យធ្វើយុទ្ធនាការបោះឆ្នោត ហើយអ្នកឃ្លាំមើលការបោះឆ្នោតមួយចំនួនមកពីសង្គមស៊ីវិលបានទទួលរងការបំភ័យនិង​​​​ការយាយីផងដែរ។

រីឯបណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី បាន​កោត​សរសើរចំពោះ​កិច្ច​ការ​របស់​គជប ថាមានភាព​ល្អ​ប្រសើរ ប៉ុន្តែថានៅ​មិន​​​ទាន់​គ្រប់​លក្ខខណ្ឌ​ស្តង់​ដារ​អន្តរជាតិនៅ​ឡើយ​។

អគ្គលេខាធិការ និង​ជាប្រធាន​បេសកម្ម​របស់​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរីហៅ​​កាត់​ថា អាន់ហ្វ្រែល លោក រូហាន់​ណា ហាត់​ទី​រ៉ាឈឺ មាន​ប្រសាសន៍​ថា​ការ​បោះឆ្នោត​ឆ្នាំ​២០១៧នេះ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ប្រសើរ​តែ​បើតា​ម​ការ​សង្កេតការ​របស់​បណ្តាញ​របស់​លោក​បាន​មើល​ឃើញ​ថា​នៅមានបញ្ហាដូចជា ចំណេះ​ដឹង​របស់​មន្ត្រី​បោះ​ឆ្នោតនៅមានកំរិត ការទិញ​ទឹកចិត្តអ្នកបោះ​ឆ្នោត ការ​ប្រើ​ប្រាស់​លុយ​ដើម្បីឃោសនាមិន​ស្មើ​គ្នា និង​ការ​ប្រើប្រាស់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​ភាព​លំអៀងទៅរកបក្សកាន់អំណាច។ លោកថាបញ្ហាទាំងនេះ​បាន​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ មិន​ទាន់​គ្រប់​ស្តង់ដារ​អន្តរជាតិ បើ​ទោះ​បី​ជាបានប្រព្រឹត្តិ​ទៅ​បាន​រលូន​ក៏​ដោយ​។​​

លោក យង់ គិមអេង ក៏បានកត់សំគាល់ពីបញ្ហាមួយចំនួនទៀត ដែលគជប ត្រូវកែលម្អដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិឆ្នាំក្រោយត្រូវបានការសាទរពីភាគីពាក់ព័ន្ធ។ លោកថា «គិតមើលគ្រាន់តែសន្លឹកឆ្នោតបានការនិងមិនបានការហ្នឹងមន្រ្តីដូចជាពុំមានសមត្ថភាពកំណត់​ឲ្យបាន​ច្បាស់លាស់។ កន្លែងនេះគជប ត្រូវបង្រៀន​មន្រ្តីហ្នឹងឲ្យច្បាស់។…បទបញ្ជានីតិវិធីគ្មាន​នណាទៅឲ្យដេញពលរដ្ឋចេញក្រៅរបងមណ្ឌលបោះឆ្នោតទេ។ គេឲ្យនៅក្នុងហ្នឹងបានប៉ុន្តែនៅ​ចំងាយ១៥ម៉ែត្រ។ ជួនកាលអាជ្ញាធរពាក់ព័ន្ធ មន្រ្តីរៀបចំបោះឆ្នោត អត់ដឹងបញ្ហាហ្នឹងដែរ»។

បន្ទប់ស្ថានការណ៍ជាបណ្តុំអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត បានវាយតម្លៃជា​បឋម​ថា ដំណើរការបោះឆ្នោតកាលពីថ្ងៃទី៤មិថុនា ភាគច្រើនមានភាពល្អប្រសើរ ដោយបន្ថែមថា នៅការិយាល័យភាគច្រើន បានប្រព្រឹត្តទៅ ដោយ រលូន សុវត្ថិភាព និង សន្តិវិធី។

ទោះយ៉ាងណា​បន្ទប់ស្ថានការណ៍បានពិនិត្យឃើញថា មានភាពមិនប្រក្រតីតិចតួច ដូចជា ការិយាល័យខ្លះ ខ្វះសម្ភារ និង មានការរឹតត្បិតសេរីភាពខ្លះៗទៅលើអ្នកសង្កេតការណ៍ ពីសំ​ណាក់​អាជ្ញាធរមានសមត្ថកិច្ច៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ