បទយកការណ៍៖ ស្ត្រីធ្វើការក្នុងវិស័យសំណង់ថាមិនទទួលបានការធានាពីសុវត្ថិភាពការងារ

ស្ត្រីម្នាក់​កំពុង​លាយ​កំបោរ​ស៊ីម៉ង់តិ៍​ នៅ​ឯ​ការដ្ឋាន​សំណង់​មួយ ក្នុង​រាជ​ធានី​ភ្នំពេញ។

នៅកម្ពុជាបច្ចុប្បន្ន ខេត្តក្រុងធំៗ វិស័យសំណង់កំពុងរីកដុះដាលគួរ​ឲ្យកត់សំគាល់​ ជាពិសេសនៅ​តំបន់ជាយ​ក្រុង​នៃរាជធានីភ្នំពេញ គេសង្កេតឃើញមានបុរីជាច្រើន កំពុងតែបន្ត និងដំណើរការសាង​សង់យ៉ាងព្រោងព្រាត ក្នុងនោះ​សំណង់ផ្ទះល្វែង​ពេញនិយមជាងគេ។ វិស័យនេះ បានទាក់ទាញអ្នក​ធ្វើការទាំង​ប្រុសទាំងស្រីគ្រប់វ័យមកពីគ្រប់ទិស​ទី អ្នកខ្លះមកធ្វើជាអ្នកម៉ៅការបន្ត មេការសំណង់ និងកម្មករទូទៅ ដែលទទួលភារកិច្ចតាមមេជាងដាក់ឲ្យធ្វើ។ ជា​ជម្រើសបន្ទាប់ ពីកម្មការិនីរោងចក្រ វិស័យសំណង់​នៅតែទាក់ទាញស្ត្រីមកធ្វើការងារនេះ រួមជាមួយនឹងបុរស ដែល​មានចំនួនភាគច្រើន បើទោះ ​ជាលក្ខខណ្ឌសុវត្ថិភាពពេលធ្វើការនៅមានកំរិត និងប្រាក់ឈ្នួលទាប។

ដៃកាន់ប៉ែល ចាក់ចូកខ្សាច់ ស៊ីម៉ង់ ទឹកច្របល់ចូលគ្នា នៅលើជាន់ទីពីរ ​នៃសំណង់ផ្ទះល្វែងក្នុងបុរីមួយ ដែលកំពង់​សាងសង់លើដីរាប់ហិកតា សិ្ថតនៅខាងលិចរាជធានីភ្នំពេញ អ្នកស្រី រស់ ហាន អាយុ៤៧ឆ្នាំ ថា​បាន​ប្រឡូកក្នុងការ​ងា​រសំណង់អស់រយៈពេលបីឆ្នាំហើយ។

និយាយដោយអារម្មណ៍អួលអាក់ អ្នកចំណាក​ស្រុកពីខេត្តកំពង់ចាមរូបនេះ ​ថា​មកភ្នំពេញ​ដំបូងលក់​ផ្លែឈើតាមរ​ទេះ តែដោយសារខ្មាសគេពេក អ្នកស្រីក៏មកធ្វើការសំណង់វិញ៖ «ធ្វើការបើទុកថាធ្វើការរោងចក្រក៏គេមិនជ្រើសរើសដែរព្រោះចាស់ហើយ រួចតំរិះវិជ្ជាមិនជ្រៅជ្រះដូចគេ មានតែសំណង់ហ្នឹង។ រាល់ថ្ងៃក្នុងការងារសំណង់ខ្ញុំបារម្ភជាងគេ ឆក់ខ្សែភ្លើង ហើយនិងធ្លាក់ បាក់អន្ទារធ្លាក់។ ចង់ឲ្យ​មានប្រាក់ឈ្នួលខ្ពស់ និងមានសុវត្ថិភាពក្នុងការងារ ចង់បានអាវ ស្បែកជើង…»។

ខុសពីអ្នកស្រី រស់ ហាន ស្ត្រីវ័យក្មេងមានសម្បុររាងសបន្តិច ទើបតែអាយុ១៨ឆ្នាំ​ ស្រីនី មកពីខេត្តកណ្តល ធ្វើការ​សំណង់បីឆ្នាំហើយនៅភ្នំពេញ បើទោះជាគេណែនាំឲ្យទៅធ្វើការរោងចក្រ តែស្រីនី នៅតែចង់ធ្វើ​សំណង់​ព្រោះស្រួល​បើកលុយ។ ការងារ ដែលត្រូវធ្វើមានចងដែក និងរៀបឥដ្ឋការ៉ូ បានប្រាក់​ឈ្នួល​មួយ​ថ្ងៃ២ ៣០០០រៀល ហើយថា នឹងធ្វើរហូតដើម្បីផ្តត់ផ្គង់គ្រួសារ៖ «ម៉ែឪគាត់ក្រពេក។ ពេលពុកគាត់ខូចចឹងទៅខ្ញុំមកធ្វើការទៅ អត់មានអ្នករកស៊ីចិញ្ចឹម។ គេឲ្យខ្ញុំធ្វើការរោង​ចក្រ​ល្អ​ជាង ខ្ញុំថាអត់ទៅ រោងចក្រពិបាកបើកលុយ អត់មានសេរីភាពដូចសំណង់….»។

អ្នកស្រី ហិន នី អាយុ៤៧ឆ្នាំ កំពុងធ្វើមេការសំណង់នៅបុរីពិភពថ្មីចំការដូង។ អ្នកស្រី​ថា​ បានម៉ៅ​ការផ្នែក​រៀប​ឥដ្ឋ​កន្សែងនៅលើ​ដំបូលបន្ត​ពីមេការ​ ដែលទទួលការងារពីក្រុមហ៊ុន។​អ្នកស្រីអាចជួយទិញ តែស្បែក​ជើងកវែង​និង​ស្រោម​ដៃជ័រប៉ុណ្ណោះ ​ឲ្យ​កម្មករ​ស្ត្រី។​​ អ្នកស្រី ក៏ចង់ឡើងថ្លៃឈ្នួល​ឲ្យកម្មករដែរ តែមិន​អាច​ធ្វើកើតទេ ព្រោះ​អត់​ចំណេញ៖ «ខ្ញុំអាណិតដែរក្នុងការងារហ្នឹង! ស្ត្រីចង់បាន​ ខ្ញុំឡើងវាមិនរួច គេអត់ឡើងតម្លៃឲ្យ ដល់ហើយខ្ញុំក៏មិនហ៊ាន​ឡើងឲ្យគ្នា​ដែរ បើឡើងឲ្យខ្ញុំម៉េចចំណេញ? បានតិចតួចមួយអាទិត្យ កូនជាង៣០នាក់ ហើយខ្ញុំចំណេញបានតែមួយ​រយ មួយរយហា ពីរនាក់ប្តីប្រពន្ធ ហើយធ្វើការដែរ ហត់ ទិញរបស់ប្រើប្រាស់ផង បានខ្ញុំមិនហ៊ានឡើងឲ្យថ្លៃ មេអត់​ឡើងឲ្យដែរ»។

ម៉ោងជាង១២ថ្ងៃត្រង់ទៅហើយ ងាកមកនាងវិញ ចន្ថា ​​នៅតែបន្តលាយកំបោរ​ដើម្បីយកឲ្យជាង​បូកជញ្ជាំង​នៅ​ឡើយ។ ចន្ថា ថាចង់ធ្វើការរោងចក្រ តែអាយុទើបតែ១៧ឆ្នាំ ទើបមកធ្វើការសំណង់​សិនមួយឆ្នាំ​ជាង​ហើយ ដែល​បាន​ទទួលប្រាក់ឈ្នួល ២០០០០រៀល ក្នុងមួយថ្ងៃ។ ចន្ថា​ ថាមាន​ការលំបាកច្រើន​និងបារម្ភពី​សុវត្ថិភាព​ក្នុងការងារ​នេះ៖ «ថ្ងៃហ្នឹងថែមម៉ោង! អត់មានសុវត្ថិភាពផង ខ្វះសំភារៈ និយាយរួមទៅខាងមេគេអត់ឲ្យ ដូចជាមួក ខោអាវ ស្រោមដៃ ស្បែកជើង។ បារម្ភដើរមុតដែកគោល ធ្លាក់ឈើលើ ធ្លាក់ឥដ្ឋលើ។ កន្លែងស្នាក់នៅពិបាកណាស់ ម្ហូប​បណ្តាក់​គេរាល់អាទិត្យ ជួនកាលអត់មានឲ្យគេទេ។ ចង់ឲ្យតម្លៃឡើង ចង់បាន១០រៀល(ដុល្លារ)… »។

នៅមិនឆ្ងាយពីចន្ថា គឺលោក ទួត វុទ្ធី ដែលជាមេជាង និងជាអ្នកទទួលម៉ៅការសំណង់បន្ត ដោយថា លោក​ឲ្យថ្លៃ​ឈ្នួល​ស្ត្រីតិចជាងបុរស ព្រោះស្ត្រីធ្វើការស្រាលជាង។ លោកថា មិនមានសំភាៈគ្រប់ឲ្យកម្មករទេ ដោយ​សារលោក​ម៉ៅ​តពីគេ ហើយលោកក៏ បាននិយាយណែនាំកម្មករឲ្យមានការប្រយ័ត្នប្រយែងដែរ។ លោកក៏ចង់ជួយកម្មករដែរ តែថាមិនមានសិទ្ធិសំរេចទេ៖ «ខ្ញុំសុំសូមពរឲ្យខាងរដ្ឋាភិបាលនិយាយជាមួយថៅកែក្រុមហ៊ុនឲ្យបានប្រាក់ខែថ្លៃ យើងអត់មានសិទ្ធិ​និយាយជាមួយគេទេ។ គេថាបើយើងមិនធ្វើអត់ទៅ យើងអស់ជំរើសហើយ យើងត្រូវតែតស៊ូធ្វើ បើមិនធ្វើអត់មាន​អីធ្វើទេ…»។

របាយការណ៍ពីក្រសួងការងារឲ្យដឹងថា​ នៅកម្ពុជា កម្មករ​ជា​ស្ត្រី​មាន​ប្រហែល៣៥ភាគរយ នៃកម្មករ​សរុប​ជាង​២០​ម៉ឺននាក់។ ចំពោះលោក សួ ឆ្លូញ ដែលជាមន្ត្រីទំនាក់ទំនង នៃសហព័ន្ធសហជីពកម្មករ​សំណង់​និងព្រៃឈើ ឲ្យដឹង​ថា បញ្ហាដែលស្ត្រីកម្មការិនីសំណង់ជួបប្រទះ​នៅកន្លែងការងារ​ គឺប្រាក់ឈ្នួលតិច​ជាងកម្មករបុរស ប៉ុន្តែលោកថា មិន​ត្រឹមត្រូវតាមផ្លូវច្បាប់ទេព្រោះការងារដូចគ្នា។ មួយទៀតគឺគេមិនសូវផ្តល់សំភារៈសុវត្ថិភាពឲ្យទេ ដោយគិតថា ស្ត្រី​មិន​ធ្វើការនៅទីខ្ពស់ ឬធ្វើតែការងារស្រាលៗ។ លោកបន្ថែមថា ស្ត្រីកម្មការិនីសំណង់ក៏ប្រឈមនឹងការបៀតបៀនពី​កម្មករ​បុរស​ដែរ ដូចជាការប្រើប្រាស់បន្ទប់ទឹករួមគ្នា និងពេលខ្លះមានការបារម្ភពីកម្មករបុរសដែលប្រើគ្រឿងស្រវឹង៖ «ប្រាក់ឈ្នួលរបស់គាត់គឺមិនទាន់មានការកំណត់ជាក់លាក់ទៅតាមផ្លូវច្បាប់នៅឡើយទេ។ ទីពីរ គឺសំណូម​ពរទៅគ្រប់ការដ្ឋានទាំងអស់កុំមានក្រុមម៉ៅការច្រើន កាលមានច្រើនគឺការទទួលអត្ថប្រយោជន៍តិចមែនទែន។ ទាក់​ទងនឹងគ្រោះថ្នាក់ ពេលដែលគ្រោះថ្នាក់យើងចង់ឲ្យក្រុមហ៊ុនឬមេការចុះបញ្ជីឲ្យបានត្រឹមត្រូវ ទទួលស្គាល់គាត់ ពេល​ដែលមានបញ្ហាមាន បសស ជាអ្នកទទួលខុសត្រូវចំពោះពួកគាត់  មកដល់ពេលនេះអត់មានទាលតែសោះ។ សូម​ឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើបញ្ហាហ្នឹង ជំរុញធ្វើម៉េចឲ្យកម្មករសំណង់ទទួលបាននូវសេវារ៉ាប់រងពីបេឡា​សន្តិសុខ​សង្គម​ហ្នឹងដែរ!»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ