ខេម រួច​ផុត​ផ្លូវច្បាប់​ក្រោយ​​​បណ្ដាល​អោយ​​​​​​មនុស្ស​ស្លាប់?  

តារាចម្រៀង លោក ខេម ឡើង​ប៉ុស្តិ៍ETVនៅល្ងាចថ្ងៃសៅរ៍នេះ

ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាចម្រៀងខេម បានចេញមុខឡើងច្រៀងជាសាធារណៈលើឆាកតន្ត្រីនៅយប់ថ្ងៃទី៩ ខែកក្កដា នៅលើកញ្ចក់ទូរទស្សន៍ETV ។ ក្រៅពីបកស្រាយបទចម្រៀង លោកក៏បាននិយាយសុំទោសចំពោះគ្រោះថ្នាក់ដែលបានកើតឡើងនិងបានផ្ញើសារអោយមានការប្រយ័ត្នប្រយែងគ្រប់ពេលធ្វើដំណើរ ដែលសបញ្ជាក់ថាករណីរបស់លោកពាក់ព័ន្ធនឹងផ្លូវច្បាប់ទំនងជាត្រូវបានបញ្ចប់។

លោក ប៊ុន សុខណារិន ហៅខេម បានថ្លែងជាសាធារណៈក្នុងវេទិកាតន្ត្រីនោះថា គឺជាលើកទី១ដែលលោកត្រូវបានអញ្ជើញអោយឡើងឆាកឆាកតន្ត្រី ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបណ្ដាលអោយមនុស្សម្នាក់បាត់បង់ជីវិត។ លោកថារឿងរ៉ាវដែលបានកើតឡើងគឺជារឿងដែលគ្មានអ្នកណាចង់កើតនោះទេ ហើយលោកក៏សុំអភ័យទោសផងដែរចំពោះបញ្ហានៅក្នុងយប់នោះ។ លោកថាជារឿងសោកស្ដាយដែលលោកបានស្ថិតនៅក្នុងហេតុការណ៍បណ្ដាលអោយមានមនុស្សម្នាក់ស្លាប់ ប៉ុន្តែធ្វើមិចមករឿងរ៉ាវនោះវាបានកើតឡើងទៅហើយ ទើបលោកមានតែសុំទោស និងស្នើអោយប្រជាពលរដ្ឋមានការប្រយ័ត្នប្រយែងក្នុងពេលធ្វើដំណើរ ជៀសវាងជួបរឿងដូចលោកប៉ុណ្ណោះ។ លោកលើកឡើងដដែលថាខ្លួនសោកស្ដាយ និងស្នើកុំអោយមានការដាក់ទោសចំពោះលោក ដោយសារតែរឿងរ៉ាវនោះគឺលោកមិនបានតាំងចិត្ត។

លោកនិយាយថា៖ “ពេលដែលខ្ញុំមានបញ្ហា(គ្រោះថ្នាក់ចរាចរណ៍)មានអ្នកComment មកខ្ញុំថាខ្ញុំច្រៀងបទគ្រោះថ្នាក់ចរាចរណ៍តែបែរជា(បង្ក)គ្រោះថ្នាក់ចរាចរខ្លួនឯង ជាការពិតសូម្បីតែគ្រោះថ្នាក់ចរាចរក៏វាអត់យល់មុខខ្ញុំដែរ អត់លើកលែងអោយអ្នកណាទេ ដូច្នេះនៅពេលដែលយើងបើកបរ មិនថាខ្ញុំមិនថាបងប្អូន ធ្វេសប្រហែសតែម៉ាបន្តិចគឺមានបញ្ហា ពេលខ្លះយើងប្រយ័ត្នគេអត់ប្រយ័ត្ន ពេលខ្លះយើងអត់ប្រយ័ត្នគេប្រយ័ត្នមានបញ្ហាទាំងពីរនាក់ ហើយអ្វីដែលផ្ដល់មកអោយយើងទាំងអស់គ្នាគឺការសោកស្ដាយរៀងៗខ្លួន”។

7eb86dae-9b97-49d0-a92b-527fa5e7cefaលោក ខេម មិនបានបញ្ជាក់ថារវាងលោក និងគ្រួសារជនរងគ្រោះត្រូវបានបញ្ចប់ ឬយ៉ាងណានោះទេ ក្នុងពេលដែលខាងគ្រួសាររបស់អ្នកស្លាប់ទាមទាររហូតដល់២៥០០០ដុល្លារ តែខាងលោកសុំបង់ត្រឹមតែ៤ពាន់ដុល្លារ។ កន្លងទៅ មានការបញ្ជាក់ថាភាគីខាងអ្នកស្លាប់បានដាក់បណ្ដឹងទៅកាន់តុលាការ ប៉ុន្តែបន្តិចក្រោយមកក៏ស្រាប់តែស្ងាត់ដំណឹង ក្នុងពេលដែលមន្ត្រីតុលាការបានអះអាងថាសុំមិនធ្វើការបញ្ជាក់ថា រឿងរ៉ាវនេះឈានដល់កិច្ចសម្រុះសម្រួលបាត់ទៅហើយ ឬឈានដល់ចំណុចណា។

លោក លី ម៉ាត់លី បងប្រុសរបស់អ្នកស្លាប់ ដែលធ្លាប់តែផ្ដល់សម្ភាសន៍ថានឹងដាក់បណ្ដឹងទាមទារអោយបាន២៥០០០ដុល្លារ ក៏ស្រាប់តែបញ្ជាក់យ៉ាងចម្លែកថាលោកឈប់ធ្វើការអត្ថាធិប្បាយ និងចង់ទុកអោយរឿងរ៉ាវនោះស្ងប់ស្ងាត់។ ងាកទៅកាន់លោកខេមវិញ ក៏រឹតតែមិនផ្ដល់ទិន្នន័យពាក់ព័ន្ធនឹងរឿងរ៉ាវនោះទៅទៀត ក្រៅបានបញ្ជាក់មួយប្រាវមុនថា លោកនឹងធ្វើសន្និសីទកាសែតប្រកាសពីបញ្ហាទាំងឡាយអោយអស់ចម្ងល់ ប៉ុន្តែចុងក្រោយលទ្ធផលសន្និសីទកាសែតមិនឃើញកើតឡើងទាល់តែសោះ។ អ៊ីចឹងហើយទើប ការបង្ហាញមុខរបស់លោកនៅលើឆាកតន្ត្រី គឺមានន័យថារវាងលោក និងផ្លូវច្បាប់ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរកាលពីយប់ថ្ងៃទី១៨ ឧសភា កន្លងទៅ ប្រហែលជាបានដោះស្រាយរួចហើយ ទើបគេឃើញលោកទទូចកុំអោយប្រកាន់នឹងលោក និងឃើញលោកប៉ែន ចំរ៉ុង ពិធីករបានចេញមុខជំនួសស្នើអោយគាំទ្រលោកបន្តនៅក្នុងអាជីពចម្រៀង។

យោងតាមមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក”ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចដែលច្បាប់បទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល និងអាចផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬ ច្រើនដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម )នៃក្រមព្រហ្មទណ្ឌ”។ មាត្រា៨៥ដដែលនេះចែងបន្តថា”អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី១០លានរៀលទៅ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្ត ៖ ចំណុចរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ”។ ជាមួយការកំណត់ដោយច្បាប់នេះហើយទើបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវត្តមានរបស់លោកលើឆាកតន្ត្រី។ លោកខេម ក៏ត្រូវគេដឹងថានឹងឡើងឆាករបស់PNN នៅយប់ថ្ងៃទី១០ កក្កដានេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ