អង្គការជាតិ-អន្តរជាតិជិត២០០ស្នើឲ្យបង្កើតក្រុមស៊ើបអង្កេតឯករាជ្យឃាតកម្មលោក កែម ឡី

ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ

អង្គការ​ជាតិ និង​អន្តរជាតិ​ជិត ២០០​ស្ថាប័ន ថ្មីៗ​នេះ បាន​ផ្ញើ​លិខិត​ចំហរ​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ដោយ​បាន​ស្នើ​សុំ​ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​មួយ​ ជុំ​វិញ​​ឃាតកម្ម​​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី។

ក្នុង​លិខិត​ចំហរ​ចុះ​ថ្ងៃ​ទី​៧ ខែ​កក្កដា បណ្ដា​អង្គការ​ជាតិ និង​អន្តរជាតិ ១៦៤​ស្ថាប័ន បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី​ម្ដង​ទៀត​ជុំ​វិញ​ការ​វិវឌ្ឍ​តិច​តួច​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ ដោយ​ថា ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំ​ជម្រះ​មិន​ទាន់​គ្រប់​គ្រាន់ ដោយសារ​តែ​មាន​តែ​ជន​សង្ស័យ​ឈ្មោះ អឿត អាង តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទា​ទោស ឬ​ចោទ​ប្រកាន់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​បើក​ការ​ស៊ើប​អង្កេត​បន្ថែមទៀត។

អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិន​ជំទាស់​និងការ​ស្នើសុំ​របស់​អង្គការជាតិ និងអន្តរជាតិដែលស្នើសុំឲ្យបង្កើត​គណៈកម្មការ​ស៊ើប​អង្កេ​ត​ឯករាជ្យ ដើម្បី​បន្ត​បើក​ការ​ស៊ើប​អង្កេត​​បន្ថែមទៀតករណីឃាតកម្មលោក កែម ឡី។ ប៉ុន្តែលោកថា កម្ពុជា​មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការនេះ ដោយថា ​បើមានអន្តរជាតិចូលរួមស៊ើបអង្កេត នោះកម្ពុជា​នឹងស្ថិតនៅ​ក្រោម​អាណា  ​និ​គ​ម​​​​បរទេស​។

លោកនិយាយថា«យើងមានស្ថាប័នរបស់យើងគ្រប់គ្រាន់ហើយ មានច្បាប់គ្រប់គ្រាន់​ ទំាងច្បាប់​នីតិវិធី    ព្រ​ហ្ម​ទណ្ឌ ក្រមព្រហ្មទណ្ឌ​ មានតុលាការ មាននគរបាលគ្រប់គ្រាន់ ជាប្រទេសមួយធិបតេយ្យ ហើយទំរាន់​បានជាប្រទេសធិបតេយ្យ តើយើងឆ្លងកាត់អ្វីខ្លះយើងដឹង​ហើយ​ ឆ្លងកាត់កិច្ចប្រជុំទីក្រុងប៉ារីសរហូតដល់​មានរដ្ឋធម្មនុញ្ញ ដូច្នេះខ្ញុំយល់ថា​បើការងារប៉ុណ្នឹង មានការស៊ើបអង្កេត​អន្តរជាតិចូល​ វានាំឲ្យ​ធិបតេយ្យ​ភាពរបស់យើងធ្លាក់ចូលទៅក្នុងអាណានិគម​និយមបរទេសទៀត​​»

លើសពីនេះទៀត លោក សុភ័គ បានបញ្ជាក់ថា ករណីឃាតកម្មលើលោក កែម ឡី អាចបន្តស៊ើបអង្កេត​បាន ដរាបណាមានការស្នើសុំពីតុលាការ​ ដោយលោក​ថាសំណុំរឿងនេះកំពុង​ស្ថិតនៅក្នុង​ដៃតុលាការ​។

ទោះជាយ៉ាងណា​ VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ លោក លី សុផាណា បានទេនៅ​ព្រឹ​ក​ថ្ងៃនេះ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស នៅ​ក្នុង​ម៉ាត់​ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច នៅ​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន។

រហូត​មកដល់​បច្ចុប្បន្ន​នេះ មាន​តែ​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ​ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ក្រោយ​ឃាតកម្ម​នេះ។

ប៉ុន្តែ ក្រុម​អង្គការ​ស៊ីវិល​លើក​ឡើង​ថា សវនាការ​លើ​ជន​សង្ស័យ​រូប​នេះ​មាន​ចន្លោះ​ប្រហោង និង​មាន​ចំណុចសង្ស័យ​ជាច្រើន ពាក់​ព័ន្ធទៅ​នឹង​មូល​ហេតុ​នៃ​ឃាតកម្ម​នេះ ដែល​ត្រូវ​បាន​ជន​សង្ស័យ​ឈ្មោះ អឿត អាង ប្រាប់​ទៅ​សមត្ថកិច្ច៕

រាយការណ៍បន្ថែម ដោយ​ ​ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ