រដ្ឋាភិបាលកាត់ប្រាក់២ដុល្លារពីថ្លៃប័ណ្ណទស្សនាអង្គរចូលមន្ទីរពេទ្យគន្ធបុប្ផា

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា (រូបថតពីហ្វេសប៊ុក​របស់​លោក​)

រដ្ឋាភិបាលនៅថ្ងៃទី៨ ខែសីហា ម្សិលមិញបានសម្រេចផ្តល់ថវិកាបន្ថែមដល់មន្ទីរពេទ្យគន្ធបុប្ផាដែលទទួលបានពីការតម្លើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំពោះភ្ញៀវទេសចរបរទេសម្នាក់ៗ ក្នុងចំនួន២ដុល្លារអាមេរិច។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ការសម្រេចផ្តល់ថវិកាបន្ថែមដល់មន្ទីរពេទ្យគន្ធបុប្ផានេះ នឹងត្រូវអនុវត្ដចាប់ពីខែកុម្ភៈឆ្នាំ២០១៧តទៅ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមថាការកៀរគរវិភាគទានសប្បុរសពីភ្ញៀវទេសចរបរទេស នឹងរួមចំណែកបន្ដនិរន្ដរភាពប្រតិបត្ដិការរបស់មន្ទីពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍សម្រាប់កុមារទាំងឡាយជាពិសេសកុមារក្រីក្រកម្ពុជា ដែលមានជម្ងឺនិងសម្រាកព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា“។

យោងតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរចេញផ្សាយថ្ងៃទី៥ ខែសីហា បានសរសេរថា តម្លៃសំបុត្រសម្រាប់ចូលទស្សនារយៈពេល១ថ្ងៃ នឹងត្រូវដំឡើងពី២០ដុល្លារទៅ៣៧ដុល្លារ ខណៈដែលតម្លៃសំបុត្រសម្រាប់រយៈពេល៣ថ្ងៃ នឹងត្រូវដំឡើងពី៤០ដុល្លារទៅ៦២ដុល្លារ។ ចំណែកតម្លៃសំបុត្រចូលទស្សនារយៈពេលមួយសប្ដាហ៍ នឹងត្រូវដំឡើងពី៦០ដុល្លារទៅ៧០ដុល្លារ ហើយការអនុវត្តតម្លៃថ្មីនឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ