លិខិតមិត្តអ្នកអាន៖ កញ្ញា ជួប ប្តឹង

កញ្ញា “ជួប ប្តឹង” សំដៅទៅលើនារីមួយរូបដែលចេះតែប្តឹងនិងចេះតែទារសំនងជំងឺចិត្តសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ មិនថាអង្គហេតុហ្នឹងវាត្រូវឬក៏ខុសទេ មិនថានីតិវិធីហ្នឹងសមហេតុផលឬក៏អត់ទេ សំខាន់គឺអូនដឹងតែប្តឹង ហើយគឺអូនដឹងតែទារឲ្យតែបានសំណងជំងឺចិត្តសម្រាប់ខ្លួនឯង។

បណ្ឌិត កែម ឡី កាលលោកនៅរស់ធ្លាប់មានប្រសាសន៍ថា មនុស្សមួយចំនួនដែលមានឈ្មោះអសោចន៍ពេកអាចប្រហែលជាត្រូវវាស់គីឡូផ្លូវសម្រាប់ដើរហើយ ព្រោះថាមានប្រជាពលរដ្ឋច្រើនណាស់ដែលសំលៀងមាត់រួចជាស្រេចក្នុងការស្វាគមន៍ឲ្យសក្កិសមនឹងទង្វើដ៏ប្រពៃរបស់ជននោះ ហើយកញ្ញា “ជួប ប្តឹង” នេះប្រហែលជាកំពុងស្ថិតក្នុងស្ថានការណ៍បែបនេះហើយ គឺវាស់ផ្លូវសំរាប់ដើរ។

រំលឹកពីអតីតកាលកញ្ញា ជួប ប្តឹង” ធ្លាប់មានការអាណិតស្រឡាញ់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទូទៅ ចំពោះភាពក្លាហាន ភាពម៉ត់ចត់ និងភាពរួសរាយរបស់នាង។ ប៉ុន្តែតើនរណាទៅដែលស្មានទៅដល់ចំពោះព្រាយចេកដែលលាក់អត្តសញ្ញាណនោះ?

ពេលវេលាចេះតែរំកិលទៅមុខ ហើយមុខមាត់ពិតក៏ត្រូវបានបញ្ចេញ ព្រាយចេកត្រូវអស់ល័ក្ខ ហើយត្រូវបានអ្នកស្រុកស្អប់ខ្ពើមនិងចោមរោមជេរប្រទេចដាក់បណ្តាសារគ្រប់ៗគ្នា។

ប្រជាពលរដ្ឋទូទៅចាប់ផ្តើមស្គាល់នូវក្រយៅកែមិនឡើងរបស់កញ្ញា “ជួប ប្តឹង”  ដែលគ្មានភាពអៀនខ្មាស គ្មានភាពស្មោះត្រង់ និងគ្មានភាពច្បាស់លាស់។

គេនៅចាំបានថានៅពេលណាដែលកញ្ញា “ជួប ប្តឹង” វង្វេងនឹងកន្រ្ទាក់ម្តងៗ ស្អីបន្តិចចាំមើលនឹងរកមនុស្សឲ្យបានមួយលាននាក់ ស្អីបន្តិចនឹងប្តឹងទារសំណងមួយលានដុល្លារ គឺថាចូលចិត្តខ្លាំងណាស់ពាក្យមួយលានហ្នឹង ទាំងដឹងថាខ្លួនឯងសមត្ថភាពក៏គ្មាន ប្រជាប្រិយភាពក៏គ្មាន តើច្បាស់អត់ដែលអាចធ្វើបានហ្នឹង?

រំលឹកបន្តិចចំពោះបណ្តឹងប្រឆាំងលោក កឹម សុខា ពីបទបរិហាកេរិ៍្តក្នុងអាត់សំលេងសន្ទនាគ្នាជាមួយស្រីមុំ។ មែនទែនទៅ បើទោះបីជាសំលេងនោះជាលោក កឹម សុខា មែនក៏ដោយក៏នោះវាគ្រាន់តែជាការនិយាយដើមប៉ុណ្ណោះ ព្រោះលោកមិនបាននិយាយជាសាធារណៈឬមានបំនងធ្វើឲ្យគេដឹងឡើយ។

បើការនិយាយដើមគេចាត់ទុកជាការបរិហាកេរ្តិ៍ ម្ល៉េះគុកនៅកម្ពុជាត្រូវតែសង់១០០ខ្នងបន្ថែមទៀតឲ្យហើយទៅ។ សំណាងហើយដែលតុលាការមានគតិយុតិ្តធម៌ចំពោះរឿងក្តីនេះ បើមិនអញ្ចឹងទេចៅក្រមក្រឡាបញ្ជីហ្នឹង គួរតែទៅផ្ទះប្រមូលសៀវភៅដុតចោលទៅឬក៏បោកក្បាលនឹងជញ្ជាំងផ្ទះឲ្យភ្លេចអ្វីដែលធ្លាប់ស្បថមុនចូលកាន់តំណែងនិងអ្វីដែលធ្លាប់រៀននៅសាលាឲ្យអស់ទៅ។

តភាគទៅមុខបន្តិចទៀត គឺថាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ ហើយក៏ហួសចិត្តផងដែរចំពោះម្ចាស់ឧបត្ថម្ភទាំងឡាយណាដែលបានជ្រោមជ្រែងអោយកញ្ញា “ជួប ប្តឹង” មានលទ្ធភាពបើកអង្គការមួយទាក់ទងនឹងយុវជននិងសង្គម។

បើសិនជាម្ចាស់ឧបត្ថម្ភទាំងអស់នោះតាមដានពីប្រាក់ជំនួយរបស់ខ្លួនដែលត្រូវបានកញ្ញា “ជួប ប្តឹង” ប្រើប្រាស់ខុសផែនការនឹងគោលដៅនោះ ប្រហែលជាគេអាចនឹងទារប្រាក់វិញហើយមើលទៅ។ នេះមិនទាន់រាប់បញ្ចូលប្រធានអង្គការដែលគ្មានសមត្ថភាព (ធ្លាក់ទី១២) និងមានប្រវត្តិមិនល្អក្នុងការគ្រប់គ្រងលុយផងនោះ។

បើកវេទិការកន្លែងណាឃើញតែប្រធានអង្គការធ្លាក់បាក់ឌុបហ្នឹង និយាយពីរឿងប្តឹងគេ រឿងឈឺចាប់នឹងគេបរិហាកេរ្តិ៍ រឿងប្រជាពលរដ្ឋមិនគាំទ្របក្សនេះបក្សនោះ។ ឱព្រះអើយព្រះ តើវាពិតជាការងាររបស់នាងកញ្ញាឯងមែន? ចុះឯណាការអប់រំយុវជន ការបង្កើនសមត្ថភាពដល់យុវជន ការលើកស្ទួយការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចការសង្គម? រៀបរាប់ខ្លះៗនេះបានសមជាការងារប្រធានអង្គការធ្លាក់បាក់ឌុបឯង យល់នៅ?

បើខ្ញុំជាម្ចាស់ជំនួយ ខ្ញុំនឹងទារថវិកាមកវិញ ២៤ម៉ោងភ្លាមៗ មិនឲ្យនាងចាយលុយខ្ញុំគ្មានប្រយោជន៍និងគ្មានកំណើតបែបនេះទេ។ មួយវិញទៀត នាងប្រធានអង្គការម្នាក់នេះខំប្រឹងខ្លាំងណាស់ក្នុងការបំភ្លៃចំនួនមនុស្សចូលរួម បើទោះបីជាខ្លូនឯងបានថតបង្ហោះក្នុងទំព័រហេ្វសប៊ុកក៏ដោយ។

មានរូបមួយណានុះមានពលរដ្ឋប្រហែលជា១៥០នាក់ នាងប្រធានប្រាប់គេថាមានជាង៧០០នាក់។ រូបខ្លះមានជាង៣៥០នាក់ តែខំអួតប្រាប់គេថា១២០០អញ្ចឹងទៅ។

ងាកមកមើលមតិយោបល់ (Comments) លើរូបថតរបស់នាងក្នុងហ្វេសប៊ុកវិញ។ មាន១០០នាក់គឺជេរ៩៨ហើយ។ បើសិនជាកញ្ញា ជួប ប្តឹង” តាំងចិត្តថាប្តឹងនោះប្រហែលមិនតិចជាង៥០០០ទៅ៦០០០នាក់នោះទេក្នុងមួយថ្ងៃនោះ។ ហើយប្រហែលជាមន្រ្តីតុលាការគ្មានពេលដេកពួនឡើយ ចំពោះបណ្តឹងជេរប្រទេចនេះ ហើយណាមួយតុលាការក៏អាចនឹងគិតថាបណ្តឹងជេរប្រទេចបែបនេះ វាគ្មានតម្លៃផ្លូវច្បាប់អីនឹងគួរអោយចាត់ការដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ