នាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន ប្រកាសថាអាជីវករអាចលក់ដូរនៅផ្សារលើខេត្ដកំពង់ឆ្នាំងដោយឥតបោះបង់ថ្លៃឈ្នូលតូបរយៈពេល១៥ឆ្នាំ ក្រោយពេលក្រុមហ៊ុនបញ្ចប់កិច្ចសន្យាវិនិយោគនៅឆ្នាំ២០២៥។
លោក ហ៊ុន សែន បានប្រកាសបែបនេះ នៅពេលលោកចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅផ្សារលើខេត្ដកំពង់ឆ្នាំ នៅព្រឹកថ្ងៃអង្គារនេះ។
នៅលើហ្វេសប៊ុកនាយករដ្ឋមន្ដ្រី លោក ហ៊ុន សែន បានបញ្ជាក់ថាអាជីវករលក់ដូរនៅផ្សារលើទីរួមខេត្តកំពង់ឆ្នាំងនឹងមិនតម្រូវអោយបង់ថ្លៃតូបរយៈពេល១៥ ដោយចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៤០ គឺក្រោយពេលដែលក្រុមហ៊ុនឯកជនបញ្ចប់កិច្ចសន្យាវិនិយោគនៅឆ្នាំ២០២៥។
គួរបញ្ជាក់ថាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសធ្វើយុទ្ធនាការ២៥ខេត្ដ-រាជធានីដោយថា ដើម្បីជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលជួបបញ្ហាលំបាក។ ក្នុងពេលយុទ្ធនាការនោះ លោកបានសម្រេចថាឲ្យអាជីវករអាចលក់ដូរអស់មួយជីវិតដូចជាផ្សារនៅខេត្ដកំពង់ធំ ខេត្ដស្ទឹងត្រែង និងខេត្ដកំពង់ស្ពឺជាដើម៕