វិភាគ៖ តើរដ្ឋាភិបាលចំណេញអីពីការកាត់ទោសលោក កឹម សុខា?

លោក កឹម សុខា ត្រូវបានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្មឲ្យដកចេញពីអនុប្រធានទី១នៃរដ្ឋសភា កាលពីខែតុលាឆ្នាំ២០១៥ ។

បាតុកម្មនោះ បានកើតឡើងតែប៉ុន្មានម៉ោងក្រោយពីលោក ហ៊ុន សែន ប្រកាសពីប្រទេសបារាំងឲ្យអ្នកគាំទ្រលោកធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។ ប៉ុន្តែបាតុកម្មនោះបានក្លាយជាកុប្បកម្ម ដោយសារតែបុរសអ្នកតវ៉ាបានវាយតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ២រូបឲ្យរងរបួសធ្ងន់ធ្ងរ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា។

បន្ទាប់ពីទម្លាក់ពីដំណែងបានជោគជ័យហើយ លោក កឹម សុខា បានទទួលរងបណ្តឹងជាបន្តបន្ទាប់តាមផ្លូវតុលាការ។ ជាបណ្តឹងដែលគេចោទថាលោកមានស្នេហាលួចលាក់។

សំណុំរឿងបុគ្គលឯកជននេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់មន្រ្តីសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តីគជប លោក នី ចរិយា បញ្ជូនទៅតុលាការឃុំខ្លួនមកដល់ពេលនេះ។ បន្ថែមពីនេះ នៅមានតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ២រូបទៀត គឺលោក តុប វ៉ាន់ចាន់ និងលោក ពិន រតនា ក៏ត្រូវបានតុលាការចោទថា ជាប់ពាក់ព័ន្ធសំណុំរឿង ខុម ច័ន្ទតារាទី ហៅស្រីមុំ ដែលគេអះអាងថា ជាស្រីកំណាន់ លោក កឹម សុខា ដែរ។

លោក កឹម សុខា ធ្លាប់ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារម្តងកាលពី១០ឆ្នាំមុន ខណៈលោកធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលល្បីឈ្មោះ។ កាលណោះលោកបានធ្វើវេទិកាសាធារណៈមួយ ហើយមានពលរដ្ឋរិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែនជាមួយវៀតណាម។

នៅថ្ងៃ៩ខែកញ្ញានេះ តុលាការបានបើកសវនាការកាត់ទោស ប្រធានស្តីទី គណបក្សប្រឆាំង ដាក់ពន្ធនាគារ៥ខែ និងពិន័យ៨០ម៉ឺនរៀល ដោយចោទថា លោក កឹម សុខា បានប្រព្រឹត្តិបទល្មើសជាក់ស្តែង ករណីមិនចូលខ្លួនទៅតុលាការ ក្នុងសំណុំរឿងដែលគេចោទថា លោក មានស្នេហាលួចលាក់។

ស្របពេលសវនាការនេះកម្លាំងប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយនៅជិតស្នាក់ការគណបក្សសង្រ្គោះជាតិ នៅជិតតុលាការ និងបានដាក់របាំងបន្លាលួសនៅតាមផ្លូវជាតិសំខាន់មួយចំនួនចូលមកភ្នំពេញ។ គណបក្សប្រឆាំងចាត់វិធានការនេះជារូបភាពគំរាមកំហែងមិនឲ្យពលរដ្ឋឡើងមកគាំទ្រ លោក កឹម សុខា បើមានការចាប់ខ្លួន។

ក្រុមអ្នកវិភាគមើលឃើញថា សំណុំរឿងនេះជាល្បែងនយោបាយមួយដែលគណបក្សកាន់អំណាចលេងជាមួយគណបក្សប្រឆាំង។ តែគណបក្សកាន់អំណាចអះអាងថាជាការអនុវត្តន៍ច្បាប់។

តើការកាត់ទោស លោក កឹម សុខា ធ្វើឲ្យរដ្ឋាភិបាលចំណេញអីមកវិញ?

អ្នកវិភាគនយោបាយ លោក សូ ចន្ថា វិភាគថា យុទ្ធសាស្ត្រដែលគណបក្សកាន់អំណាចកំពុងប្រើប្រាស់នេះគឺធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយព្រោះតែរវល់នឹងបញ្ហាមេដឹកនាំរបស់ខ្លួនមិនមានពេលគិតពីយុទ្ធសាស្ត្រផ្សេងទៀត ខណៈការបោះឆ្នោតជិតមកដល់។ លោកមានប្រសាសន៍ថាធ្វើឲ្យគណបក្សប្រឆាំងមិនមានឱកាសចុះមូលដ្ឋាន ហើយពិសេសលោកកឹម សុខា មិនមានឱកាសចុះទៅជួបប្រជាពលរដ្ឋដើម្បីបង្ហាញសារនយោបាយទេរឿងទីមួយ។ រឿងទីពីរគណបក្សប្រឆាំងរវល់តែរឿងពាក់ព័ន្ធនឹងតុលាការ មានន័យថាទាំងអ្នកដឹកនាំទាំងសកម្មជនហាក់ដូចរវល់តែកិច្ចការដែលពាក់ព័ន្ធនឹងបណ្តឹងដែលទាក់ទងទៅតុលាការ និងចំណុចមួយទៀតដែលខ្ញុំមើលទៅ ឃើញថាគណបក្សប្រជាជនចំណេញពីព្រឹត្តិការណ៍នេះ គឺធ្វើឲ្យបក្សប្រឆាំងមិនមានឱកាសហាក់ដូចជាមិនបានគិតគូរអំពីយុត្តិសាស្ត្រក៏សកម្មភាពអ្វីផ្សេងៗទៀត

អ្នកវិភាគមើលឃើញថា យុទ្ធសាស្ត្រផ្តួលគូប្រកួតមុនពេលបោះឆ្នោត តែងតែត្រូវបានអ្នកនយោបាយកាន់អំណាចប្រើប្រាស់ ដូចជាករណី កាត់ទោស លោក សម រង្ស៊ី មុនបោះឆ្នោតឆ្នាំ២០១៣ និងការកាត់ទោស សម្តេចក្រុមព្រះមុនបោះឆ្នោតឆ្នាំ២០០៨។

យ៉ាងណាក៏ដោយ លោក សូ ចន្ថា វិភាគទៀតថា យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចមិនអាចទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋឡើងវិញបានទេ។ លោកថាផ្ទុយទៅវិញកាន់តែធ្វើឲ្យពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល ដែលគេមើលឃើញថា កំពុងប្រើតុលាការជាឧបករណ៍នយោបាយ។

លោកមានប្រសាសន៍ថាក៏ប៉ុន្តែធាតុពិតបក្សប្រជាជននៅពេលដែលព្យាយាមប្រើប្រាស់ប្រព័ន្ធតុលាការ ព្យាយាមប្រើប្រាស់ស្ថាប័នជាតិដើម្បីធ្វើកិច្ចការនេះដាក់គំនាប ទៅលើបក្សប្រឆាំងនេះ[បក្ស]ប្រជាជនវិញទេដែលជាអ្នកខាតបង់ធ្ងន់ធ្ងរ ក្នុងដំណើរការប្រជាធិបតេយ្យ។ ទីមួយពលរដ្ឋឃើញកាន់តែច្បាស់ អំពីអ្វីដែលជាយុទ្ធសាស្ត្ររបស់បក្សកាន់អំណាច ធ្វើឲ្យអ្នកប្រឆាំងចុះខ្សោយព្យាយាមបំបែក ព្យាយាមបំបែកព្យាយាមដាក់បន្ទុក ដោយបង្កើតបញ្ហាជាសេរី គេហៅថាជាជំនួញនយោបាយ។ ចង់មិនចង់ ពលរដ្ឋហាក់ដូចជាអស់ជំនឿទៅលើបក្សកាន់អំណាច ដែលប្រើយុទ្ធសាស្ត្រដដែលៗ ទីពីរការខាតបង់នោះគឺឃើញថា ជំនឿទុកចិត្តពីប្រជាពលរដ្ឋទៅលើស្ថាប័នជាតិ ទៅលើអជ្ញាធរ ជឿទៅលើបក្សកាន់អំណាចហាក់ដូចជាថយចុះជាលំដាប់

លោក សូ ចន្ថា យល់ថា យុទ្ធសាស្ត្រដែលគណបក្សកាន់អំណាចកំពុងប្រើគឺហួសសម័យទៅហើយ ខណៈដែលពលរដ្ឋមានចំណេះដឹងកាន់តែច្រើន ហើយបានទទួលព័ត៌មានគ្រប់គ្រាន់តាមប្រព័ន្ធហ្វេសប៊ុក។

លោកថាការដែលប្រើយុទ្ធសាស្ត្រផ្តួលគូរប្រកួតបែបនេះបង្ហាញថាគណបក្សកាន់អំណាចទាល់ច្រក ខណៈដែលការប្រកាសធ្វើកំណែទម្រង់ការដឹកនាំកន្លងមកលោកថា មិនសូវទទួលបានប្រសិទ្ធិភាព។

រដ្ឋាភិបាលបានប្រើកម្លាំងប្រដាប់អាវុធនិងក្រុមសន្តិសុខខណ្ឌ រាប់រយនាក់ ដាក់ពង្រាយនៅច្រើនគោលដៅ ខណៈដែលបើកសវនាការ ករណី លោក កឹម សុខា ។ បើសិនជាចំណាយប្រាក់បេសកម្មឲ្យកងកម្លាំងទាំងនោះវិញក៏មិនតិចនោះដែរ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មើលឃើញថា ចំណាត់ការរបស់រដ្ឋាភិបាលទៅ លើ លោក កឹម សុខា លោកថាមិនមានផលចំណេញអ្វីដល់ប្រទេសជាតិទាល់តែសោះ។ ផ្ទុយទៅវិញលោកថាគឺធ្វើឲ្យប្រជាពលរដ្ឋធុញថប់នឹងការដឹកនាំបែបនេះ។ លោកវិភាគថា”ទីមួយគឺរដ្ឋាភិបាលអត់មានពេលគ្រប់គ្រាន់ដើម្បីគិតពីរឿងជាតិ បញ្ហាសង្គមធំ។ ហើយទីគឺអត់មានបានប្រយោជន៍អីដែលទាក់ទិនទៅនឹងប្រជាប្រិយភាពទេ។ លើកលែងថាឈានទៅរកការដណ្តើមអំណាចដោយមិនបាច់មានការបោះឆ្នោតអាហ្នឹជារឿងមួយផ្សេង បើសិនជាធ្វើដំណើទៅរកការបោះឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យ គឺប្រជាប្រិយគឺអាចមិនបានទេ  

លោក មាស នី វិភាគជាថ្មីទៀតថា គណបក្សកាន់អំណាចកំពុងចងដៃគណបក្សប្រឆាំងហើយ ឲ្យហែលទឹកប្រណាំងគ្នា។ ប៉ុន្តែលោកថា តែបើយើងមិនអនុញ្ញាតិគឺមិនទុកឱកាសឲ្យគណបក្សដែលមកប្រកួតប្រជែងដោយស្មើរភាពគ្នាទេ ការឈ្នះគឺឈ្នះដោយអត់មានន័យអ្វី រីឯអ្នកចាញ់វិញមានកាឈឺចាប់ អញ្ចឹងវាហ្នឹងបន្សល់ទុកនៅស្ថានភាពមួយដែលអ្នកដឹកនាំខ្មែរ នឹងបន្តសងសឹកគ្នារហូត ទាល់តែអស់ដីរលីងអាហ្នឹងបានឈប់សងសឹកគ្នា

គណបក្សសង្រ្គោះជាតិដែលកើតឡើងពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស បានកើនអសនៈពី២៩ដល់៥៥ ខណៈគណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះពី៩០មកសល់៦៨។

អ្នកវិភាគនិយាយថា គណបក្សកាន់អំណាចពិបាកស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ដោយសារតែការអនុវត្តន៍ច្បាប់ ត្រូវបានគេមើលឃើញថាមានស្តង់ដាពីរ និងស្ថាប័នជាតិមួយចំនួនមិនទាន់មានការសម្រេចដោយឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ