លោក ហ៊ុន សែន ថានឹងផ្តល់ប្រាក់​ឧបត្ថម្ភ៨០ម៉ឺនរៀល ដល់មន្ត្រីរដ្ឋដែលសម្រាលកូន​

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាលនឹងផ្តល់​ប្រាក់​ឧបត្ថម្ភចំនួន៨០ម៉ឺន​រៀល ដល់ស្ត្រី​ដែលជា​មន្រ្តីរាជការស៊ីវិល​ និងមន្ត្រីនគរបាល​ នៅពេលសម្រាលបានកូនមួយ​ ដោយថា​នេះ ​ជាគោល​នយោ​បាយ​ថ្មី​របស់​​រដ្ឋាភិបាល​។

ក្នុង​ពិធីប្រគល់សញ្ញាបត្រមួយ ក្នុង​រាជធានីភ្នំពេញ នាថ្ងៃទី៩ខែ​តុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចាប់ពីខែមករាឆ្នាំ២០១៨ រដ្ឋាភិបាល ​នឹង​ផ្តល់​ប្រាក់​​ឧបត្ថម្ភដល់ស្រ្តី ដែលជាមន្រ្តីរាជការស៊ីវិល(គ្រូបបង្រៀន និងគ្រូពេទ្យ​) ស្រ្តីនគរបាល ស្រ្តីកងទ័ព កង​រាជ​​អាវុធហត្ថ នឹង​ទទួល​​​បាន​​ប្រាក់​ឧបត្ថម្ភ​៨០​ម៉ឺន សម្រាប់ការសម្រាល​បានកូនមួយ កូនភ្លោះពីរ ឬកូនកូនភ្លោះបី នឹងទទួល​បាន​ច្រើន​ជាងនេះ​។

លោកថ្លែងថា៖ «ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល​ ស្ត្រីដែលជា នគរបាល ស្ត្រី​ដែលជាកងទ័ព នឹងត្រូវទទួលបាននៅពេលឆ្លងទន្លេ ដែលមានកូនមួយ ចំនួន៨០ម៉ឺនរៀល ហើយ​បើ​បាន​កូន​ភ្លោះ​ពីរឡើងដល់ ១លាន ៦​សែន​​រៀល នឹងបើបានកូន​ភ្លោះ​បីឡើង​ ២លាន ៤សែនរៀល »។

ប្រធាន​សមាគមមន្ត្រី​រាជ​ការ​ឯក​រាជ្យ​កម្ពុជា លោក ហៀក ព្រីង សង្កេត​ឃើញ​ថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល និងនគរបាល នៅពេលសម្រាលកូន នា​ពេល​នេះ ហាក់ធ្វើ​ឡើង​​ស្របពេល ដែលស្ថានការណ៍នយោបាយ​នៅ​កម្ពុជា​កំពុងឡើងកម្តៅ។ ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាត្រូវ​ធ្វើកិច្ចការនេះ ឲ្យបានយូរអង្វែង ជាជាងធ្វើក្នុងរយៈ​ពេលខ្លី ដែល​នាំ​ឲ្យ​ប៉ះ​ពាល់ដល់អារម្មណ៍ស្ត្រី ដែលទទួលបានផល​ប្រយោជន៍នោះ។

លោកនិយាយថា៖ «អ្វីដែល បានគាត់ផ្តល់ឲ្យ ខ្ញុំចង់ឲ្យធ្វើជាលក្ខណៈភ្លៀងរលឹម ដូចគាត់និយាយឲ្យជាប្រចំា សូមធ្វើអ្វី យើងធ្វើតាមអ្វីដែល កាលៈទេសៈនៃស្ថានភាពពេលបោះឆ្នោត[ជិតមកដល់] ខ្ញុំចង់ឲ្យគាត់ធ្វើជាប្រចំា ជាអចិន្ត្រៃយ៍ជាការល្អ កាលណាវាអត់មានជាលក្ខណៈជាអចិន្ត្រៃយ៍វាធម្មតា គេមើលឃើញថា វាស្ថានភាពនយោបាយ ផលចំណេញនយោបាយហើយ»

លោក ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ព សរុប​​​ប្រមាណ៩ម៉ឺននាក់ ដោយថា​ក្នុងនោះ ស្រ្តីដែល​មានលទ្ធភាពមានកូន មានប្រមាណ ១០​,៨​៤៤​នាក់​ ដែល​​ក្នុង​នោះ មាន​មន្រ្តីរាជការស៊ីវិលចំនួន​ ១០,៣៦០នាក់ នគរបាលជាតិចំនួន ១៩៤ និង​កង​ទ័ពមាន ​ចំនួន​២៥០​នាក់។

លោក ហ៊ុន សែន បន្តថា ចាប់ពីឆ្នាំ២០១៨ តទៅ រដ្ឋាភិបាលនឹងត្រូវ​ឧបត្ថម្ភប្រាក់​ដល់​ស្រ្តីសម្រាល​កូន ​ដែល​​ជាមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មានប្រមាណ ២លានដុល្លារ ខណៈស្ត្រីផ្នែកកម្មករ ក៏​ត្រូវ​​​ចំណាយ​​ប្រមាណ១០​លាន​ដុល្លារ នៅដើមឆ្នាំ២០១៨នេះ​ ផង​​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ