មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍បានដំឡើងតំណែងប្អូនស្រីរបស់លោក ឲ្យកាន់តួនាទីសំខាន់ក្នុងការិយាល័យនយោបាយនៃគណបក្សពលករ ដែលកាន់តែមានអំណាចក្នុងការសម្រេចលើកិច្ចការសំខាន់របស់ប្រទេស។
លោកស្រី គីម យូជុង អាយុ៣០ឆ្នាំ ជាប្អូនស្រីពៅ របស់លោក គីម ជុងអ៊ុន។ លោក គីម ជុងអ៊ុន បានប្រកាសដំឡើងអំណាចឲ្យមានឥទ្ធិពលក្នុងការិយាល័យនៃបក្សពលករកាលពីថ្ងៃសោរ៍ចុងសប្តាហ៍មុន។ នេះបើតាមសារព័ត៌មាន BBC។
លោកស្រី គីម យូជុង បង្ហាញមុខជាសាធារណៈជាមួយលោក គីម ជុងអ៊ុន ច្រើនឆ្នាំមកហើយ ដែលជារូបភាពត្រៀមប្រគល់អំណាចមួយផ្នែកធំទៅបងប្អូនបង្កើតនេះ។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកដែលកំណត់ឈ្មោះមេដឹកនាំកូរ៉េខាងជើងក្នុងការំលោភបំពានសិទ្ធិមនុស្ស។
ក្រុមគ្រួសារលោក គីម ជុងអ៊ុន គ្រប់គ្រងកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ១៩៤៨ គឺចាប់ពីឆ្នាំ១៩៤៨ដល់១៩៩៤ ដឹកនាំដោយ លោក គីម អ៊ីលស៊ុង ចាប់ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១១ ដឹកនាំដោយលោក គីម ជុងអ៊ីល។ លោក គីម អ៊ីលស៊ុង ជាជីតា និងលោក គីម ជុងអ៊ីល ជាឪពុករបស់ លោក គីម ជុងអ៊ុន សុទ្ធតែកាន់អំណាចរហូតដល់ស្លាប់ ទើបផ្ទេរបន្តទៅកូន៕