រដ្ឋមន្រ្តីក្រសួងដែនដីថាចាញ់បោក ស៊ុយ សុផាន រឿងជម្លោះដីធ្លី

 

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថានឹងកោះហៅអ្នកស្រីស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិចមកដោះស្រាយរាល់ជម្លោះដីធ្លីជាមួយពលរដ្ឋនៅពេលខាងមុខនេះ ខណៈដែលលោក ជា សុផារ៉ា ថ្លែងថា លោកក៏បានចាញ់បោកម្ចាស់ក្រុមហ៊ុនផងដែរ។

លោក ជា សុផារ៉ាថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាគម្រោងអភិវឌ្ឍន៍អគារប៊ូឌីងនៅទីស្ដីការក្រសួងកាលពីថ្ងៃទី៨វិច្ឆិកា ដោយលោកថា បច្ចុប្បន្នសំណុំរឿង ជម្លោះដីធ្លីរបស់ពលរដ្ឋជាមួយម្នាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច គឺអ្នកស្រី ស៊ុយ សុផាន នៅក្នុងដៃលោកជាង១០០ករណី។

លោកបន្ថែមថា៖«ស៊ុយសុផាននេះគឺគាត់ចំណាប់ណាស់ មនុស្សខ្ញុំថាម៉ាស្រុកខ្មែរមនុស្សប្រុស ដែលស្រីបោកបានគឺខ្ញុំហើយលើកទី១។ យាយផាននេះជាមួយខ្ញុំថ្ងៃខែដូចមិនត្រូវគ្នា ឥលូវមក ដល់ក្រសួងដែនដីនេះមានជាង១០០រឿងដែលគាត់ប៉ះពាល់វិវាទដីធ្លីជាមួយពលរដ្ឋ ឲ្យតែស្រ ឡះពេលតិចគឺដល់ម៉ោងហើយ[កោះហៅចូលដោះស្រាយ]នេះជាប្រវត្តខ្លះៗដែលខ្ញុំជំរាបជូន បងប្អូន »

លោកជា សុផារ៉ាបន្ថែមថាកាលលោកនៅជាអភិបាលសាលារាជធានីភ្នំពេញក៍ធ្លាប់ចាញ់បោក អ្នកស្រីស៊ុយ សុផាន ពាក់ព័ន្ធរឿងដីធ្លី និងបញ្ហាផ្សេងទៀតដែរ។

វិអូឌីមិនអាចសុំការឆ្លើយតបពីអ្នកស្រី ស៊ុយ សុផាន បានទេចំពោះករណីនេះ តែយ៉ាងណាអ្នកស្រី ប្រាប់ព័ត៌មានក្នុងស្រុកមួយកាលពីម្សិលម៉ិញថា អ្នកស្រីនឹងទៅតាមការកោះហៅរបស់លោក ជា សុផារ៉ា នៅពេលមានលិខិតផ្លូវការ។

ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងនៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានសាទរបើមានការកោះហៅអ្នកស្រី ស៊ុយ សុផានមកដោះស្រាយជម្លោះដីធ្លីនេះ។ លោកថា កន្លងមកជម្លោះដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋជា ច្រើនបានបាត់បង់ដីធ្លី និងមានការឈឺចាប់ ហើយលោកបានស្នើឲ្យទេសរដ្ឋមន្ត្រីក្រសួងរៀប ចំដែនដីរូបនេះត្រូវកោះហៅអ្នកមានលុយមានអំណាយផ្សេងទៀតដែលរំលោភយកដីពលរដ្ឋ ឲ្យមកដោះស្រាយដើម្បីបញ្ចប់ជម្លោះដីធ្លីនៅកម្ពុជា។

លោកបន្ថែមថា៖« ខ្ញុំគាំទ្រ ព្រោះបញ្ហាជម្លោះដីធ្លីកន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋទាន់ខ្សោយហ្នឹងបាត់បង់ដីធ្លី ហើយឈឺចាប់ថែមទៀត។ អញ្ចឹងបើឯកឧត្តម ជាសុផារ៉ាគាត់មានវិធានការបែបហ្នឹង គឺពួកយើងមានការគាំទ្រពេញទំហឹង ហើយលើក ទឹកចិត្តឲ្យឯកឧត្តមបន្តធ្វើមិនមែនត្រឹមតែលោកស្រីស៊ុយសុផានទេ គឺត្រូវធ្វើជាមួយករណីអ្នក មានអំណាច អ្នកធំៗដទៃទៀតដើម្បីធ្វើយ៉ាងណាបញ្ចប់ជម្លោះដីធ្លីនៅប្រទេសកម្ពុជានេះ»

កាលពីឆ្នាំ២០០៨ក្រុមហ៊ុន ផាន អ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផានទទួលបានសិទ្ធិពីរដ្ឋាភិបាល ធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយសន្យាសង់អាគារចំនួន១០ជូនប្រជាពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុនសង់បាន៨អាគារក៏ផ្អាកការសាងសង់ ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលបញ្ហានេះធ្វើឲ្យពលរដ្ឋនៅទីនោះផ្ទុះការតវ៉ារហូតមកដល់បច្ចុប្បន្ន។

ក្រោមគម្រោងអភិវឌ្ឍន៍នេះដែរ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋក្នុងតំបន់នោះរាប់រយគ្រួសារ ដោយអាជ្ញាធរ និងក្រុមហ៊ុនធ្វើការឈូសឆាយផ្ទះ និងបណ្តេញពលរដ្ឋចេញទាំងបង្ខំដែលរហូតមកដល់ពេលនេះនៅសល់ប្រជាពលរដ្ឋជាង១០គ្រួសារទៀត កំពុងបន្តរស់នៅលើអាគារចាស់និងលើគំនរសំរាមដើម្បីរងចាំដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ