រដ្ឋាភិបាល​សម្រេច​ផ្អាក​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​គ្រប់​គ្រង​ដី​កសិកម្ម

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​គ្រប់​គ្រង​ដី​កសិកម្ម​ទៅ​វិញ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ច្បាប់​នេះ។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​នានា​ស្ថិត​នៅ​ម្ដុំ​តំបន់​ចម្ការដូង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក​ ហ៊ុន សែន បាន​ប្រតិកម្មខ្លាំងៗចំពោះអ្នកផ្ដួចផ្ដើមបង្កើតច្បាប់សម្រាប់​គ្រប់​គ្រង​ដីកសិកម្ម ដោយ​លោក​ថា ប្រសិន​បើ​មិន​ចាំ​បាច់​ទេ មិនចាំបាច់​ធ្វើទេ ហើយ​លោកបញ្ជាទៅ​រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ឲ្យ​ធ្វើការពិនិត្យមើលចំពោះករណីនេះឡើងវិញ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នោះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃម្សិលមិញ​ថា ការ​រៀបចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ដី​កសិកម្ម​នេះ ត្រូវ​បាន​ផ្អាក​សិន។

សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​គ្រប់​គ្រង​ដី​កសិកម្ម ដែល​មាន ១៣​ជំពូក និង​ត្រូវ​ជា​ ១០៨​មាត្រា​នោះ ត្រូវ​បានផ្ដួច​ផ្ដើម​ឡើង​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាំង​ពី​ឆ្នាំ​២០១០។ ក្រសួង​នេះ​បាន​បញ្ជាក់​​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ​ថា សំណើ​ច្បាប់​នេះ​ មាន​គោល​បំណង​កំណត់​ការ​គ្រប់​គ្រង​ដី​កសិកម្ម ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះជាយ៉ាងណា តំណាង​ក្រុម​កសិករ​មកពី ២៤​ខេត្ត កាល​ពីថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​កន្លង​មក​នេះ បាន​ជំទាស់​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​ចេតនា​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​រំលោភ​យក​ដី​របស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ