ផលិតកររឿង ​«​កំពូលល្ងង់នៅអាស៊ី​» ទទួលឥទ្ធិពលពី​រឿង​​ «​​វិកលចរិត»

គ្មានអ្នកណាមិនដឹងនោះទេ ថាផលិតកម្ម Galaxy គឺជាផលិតកម្មថ្មោងថ្មីនិងទើបសម្រេចិត្តបោះទុនផលិតរឿងលើកដំបូងក្រោមចំណងជើងថា «កំពូលល្ងង់នៅអាស៊ី»។ បទពិសោធន៍ធំមួយបន្ទាប់ពីរឿង «វិកលចរិត» ខាតដើម បានរុញអោយផលិតករវ័យក្មេងនិងខ្ចីបទពិសោធន៍រូបនេះលើកឡើងជាច្រើនភ័យខ្លាចរឿងថ្មីរបស់ខ្លួនមានវាសនាដូចរឿង «វិកលចរិត»។

លោក ឡេង ណាវ៉ាត់ត្រា ផលិតរឿង «កំពូលល្ងង់នៅអាស៊ី» បានអះអាងថា មុនពេលផលិតរឿងមួយនេះ លោកគ្រាន់តែជាពលករមួយរូបដែលចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េនិងបានសន្សំប្រាក់កាក់ពីការងាររោងចក្រនៅទីនោះ ហើយមកបើកផលិតកម្មប៉ុណ្ណោះ ទើបលោកមានការបុកពោះដូចគ្នា ដែលរឿងរបស់លោកគ្រាន់តែជាស្នាដៃដំបូង ហើយត្រៀមដាក់បញ្ចំងបន្ទាប់ពីរឿងធំមួយទើបតែបានខាតដើម។

លោកក៏ទទួលស្គាល់ពីភាពក្មេងខ្ចីរបស់នៅក្នុងវិស័យភាពយន្តនិងថាភាគរយដែលត្រូវប្រឈមដូចគ្នានឹងរឿង «វិកលចរិត» នឹងអាចកើតឡើង ប្រសិនបើខ្វះការគាំទ្រព្រោះតែរើសអើងថាជាស្នាដៃដំបូង។ លោកហ៊ានទទួលយកលទ្ធផល បើទោះជារឿងដំបូងរបស់ខ្លួន ចំណេញឬខាតដូចគ្នានឹងរឿង «វិកលចរិត»។ យ៉ាងណាមិញលោកថាខ្សែរឿងរបស់ខ្លួន នឹងមិនមានវាសនាខាតនោះទេ បើទោះជាស្នាដៃដំបូងនិងជារឿងដែលផលិតដោយផលិតកម្មថ្មោងថ្មីអាចនឹងត្រូវប្រឈមខ្ពស់មិនខ្ពស់ពីរឿងខាតបង់។ លោកថាគ្រាន់តែឈុតខ្លីៗរបស់រឿង «កំពូលល្ងង់នៅអាស៊ី» មានអ្នក Like ដល់ទៅជាង១លាននាក់ទៅហើយត្រឹមរយៈពេលប្រាំថ្ងៃ ក្រោយការបង្ហោះទើបលោកនៅតែរំពឹងខ្ពស់សម្រាប់រឿងនេះ។

បទពិសោធន៍បរាជ័យរបស់រឿង «វិកលចរិត» លោកថាបានជះឥទ្ធិពលដល់រឿងដំបូងៗរបស់ផលិតកម្មថ្មីៗជាពិសេសគឺរឿងរបស់លោក ប៉ុន្តែលោកក៏នៅតែមើលឃើញថាស្ថានភាពរឿងរបស់លោកមានវាសនាខុសគ្នាពីរឿង «វិកលចរិត» ដែលខាងផលិតករទើបបានប្រកាសថាខាតដើមស្រង់មិនរួចនោះ។

លោកនិយាយថា៖ «ដល់ពេលឃើញរឿងគាត់(វិកលចរិត)ខាត ខ្ញុំជាផលិតករថ្មីៗ បុកពោះមែនទែន ប៉ុន្តែខ្ញុំគិតថារឿងខ្ញុំនឹងគេចរួចពីបញ្ហាហ្នឹង ប៉ុន្តែបើខាតចឹងមែន ខ្ញុំអត់បាក់ទឹកចិត្តទេ ហោចណាស់ក៏ចាត់ទុកជាការសាកល្បងទីផ្សារសម្រាប់ការផលិតភាពយន្តដែរ ព្រោះធ្វើម៉េចផលិតកម្មយើងថ្មី»។

លោកបង្ហាញការសោកស្ដាយបន្ទាប់ពីរឿង «វិកលចរិត» ក្លាយជារឿងខាតបង់ប្រចាំឆ្នាំក្នុងពេលដែលរឿង «កំណត់ហេតុនាងនាថ» ត្រូវគេកត់សម្គាល់ថាជារឿងកើបលុយស្របគ្នា។

លោកនៅតែបុកពោះខ្លាចរឿងរបស់ខ្លួនខាតដើមនិងថាវិស័យភាពយន្តខ្មែរប្រសិនបើគ្មានការជំរុញនិងលើកទឹកចិត្ត គឺពិតជាពិបាកទៅមុខ។ លោកថាខ្សែរឿងរបស់លោកចំណាយដើម៦ម៉ឺនដុល្លារ ទើបនៅតែធ្វើអោយលោកបុកពោះ បន្ទាប់ពីខ្សែរឿងលោក ហ៊ុយ យ៉ាងឡេង ដែលប្រើទុនត្រឹមតែ៤៥០០០ដុល្លារ បែរជារកដើមមិនបានពាក់កណ្ដាលនៅឡើយ។

លោកថាផលិតករនឹងបាក់ទឹកចិត្តប្រសិនបើស្ថានភាពផលិតរឿងមានការខាតបង់។ យ៉ាងណាមិញ លោកថាខ្លួនមានយុទ្ធសាស្រ្តធ្វើអោយរឿងថ្មោងថ្មីរបស់ខ្លួនទទួលបានការគាំទ្រ ទើបលោកសម្រេចចិត្តប្រកាសអោយកម្មករកម្មការិនីចំនួន២០០នាក់ទៅទស្សនារឿង «កំពូលល្ងង់នៅអាស៊ី» ឥតគិតថ្លៃក្នុងពេលបញ្ចាំងគ្រប់រោងទំនើបដោយគ្រាន់តែបង្ហាញកាតរោងចក្រនៅកន្លែងលក់សំបុត្រ។

លោកថាខ្លួនចង់រំលឹកពីអតីតកាលកាលធ្លាប់នៅធ្វើជាកម្មកររោងចក្រក្នុងប្រទេសកូរ៉េ ទើបលោកសម្រេចចិត្តចេញខាតថ្លៃរោងចំនួន២០០សំបុត្រ ដើម្បីអោយកម្មករកម្មការិនីបានទស្សនារឿងរបស់លោកក្នុងរោងទំនើប។

លោក ហ៊ុយ យ៉ាងឡេង ផលិតកររឿង «វិកលចរិត» បានអះអាងថាខ្សែរឿងរបស់លោកជួបរឿងខាតបង់ដោយសារតែលោកធ្វើឈុតផ្សព្វផ្សាយមិនសូវទាក់ទាញនិងដាក់បញ្ចាំងចំពេលខ្សែរឿង «កំណត់ហេតុនាងនាថ» ដាក់បញ្ចំងព្រមគ្នា។

លោកថាខ្សែរឿងរបស់ខ្លួនទើបតែមានមនុស្សមើលគួរសមបន្តិច ក្រោយការភ្ញាក់ផ្អើលរឿងលោកខាតដើមហើយជាប់បំណុលគេច្រើនម៉ឺនប៉ុណ្ណោះ។

ប៉ុន្តែទម្រាំមានការគាំទ្រ លោកថាចង់ហួសពេលទៅហើយ ដោយសារតែមានការគាំទ្រគឺត្រូវចំរោងកុនបានកាត់ម៉ោងបញ្ចាំងរឿងលោក ហើយកាលពីថ្ងៃទី៨ ធ្នូមុននេះ រោងកុនក៏បានដាក់បញ្ចាំងរឿងថៃដែលធ្វើអោយអ្នកមើលកុនងាកទៅមើលរឿងនោះវិញ។

លោកថាខ្លួននៅតែបានចំណូលមិនទាន់បានពាក់កណ្ដាល បើទោះជាការភ្ញាក់ផ្អើលបានជួយអោយមានចលនាទិញសំបុត្រទស្សនារឿងលោកគួរសមជាងមុន។

លោក ហ៊ុយ យ៉ាងឡេង បានសន្និដ្ឋានថា បើទោះជារឿងរបស់លោកបានបង្ហាញពីការបរាជ័យ ប៉ុន្តែលោកថាខ្សែរឿងក្រោយអោយមានលក្ខណៈកំប្លុកកំប្លែង គឺមិនមានការប្រឈមដូចលើកនេះទេ ជាពិសេសចំពោះរឿងដែលជ្រើសតារាល្បីអោយធ្វើតួសំខាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ