វិភាគ៖ បើលោក សម រង្ស៊ី និងលោក កឹម សុខា មិនបែកគ្នា នោះបក្សកាន់អំណាចកាន់តែពិបាក

លោក​ កឹម សុខា​ និង​លោក ​សម រង្សុី ​កាន់​ដៃគ្នា​ កាលពីពេល​កន្លង​មក

ការប្រែប្រួលនយោបាយនៅសប្តាហ៍នេះ គឺជារបត់ថ្មីមួយដែលអ្នកវិភាគនិងអ្នកច្បាប់មួយចំនួនមិននឹកស្មានដល់។ ការមិននឹកស្មានដល់ ដោយសារតែមេដឹកនាំនិងមន្រ្តីបក្សប្រឆាំងមួយចំនួនត្រូវបានលើកលែងទោសជាបន្តបន្ទាប់ ខណៈមិនទាន់មានសាលក្រមចូលជាស្ថាពរនៅឡើយ។

ករណីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខណៈមេឃុំមកពីគណបក្សប្រឆាំងម្នាក់ទៀត ក៏ត្រូវបានលើកលែងទោស ខណៈសាលក្រមមិនទាន់ចូលស្ថាពរ។

ការលើកលែងទោស លោក ស៊ាង ចែត មេឃុំមកពីគណបក្ស សម រង្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយពីមានជំនួបបិទទ្វាររវាងលោក ហ៊ុន សែន លោក ស ខេង ជាមួយលោក កឹម សុខា ខណៈរដ្ឋសភាកំពុងបើកអង្គប្រជុំ។

ថ្វីត្បិតតែរបត់នយោបាយថ្មីនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនសារទថាជាការល្អដែលអ្នកនយោបាយខ្មែរអាចនិយាយគ្នាបាន ប៉ុន្តែមជ្ឈដ្ឋានជាច្រើនទៀតនៅតែបង្ហាញកង្វល់ថា នេះជាយុទ្ធសាស្ត្រថ្មីរបស់គណបក្សកាន់អំណាចដើម្បីបំបែកបក្សប្រឆាំង។

អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជានិយាយថា ថ្វីត្បិតតែលោក ហ៊ុន សែន ស្នើឲ្យលើកលែងទោសមេឃុំគណបក្សប្រឆាំង លោក ស៊ាង ចែត និងលោក កឹម សុខា ក៏ដោយ ប៉ុន្តែគណបក្សកាន់អំណាចនៅតែប្រើយុទ្ធសាស្ត្រ ចង់បំបែកបំបាក់គណបក្សប្រឆាំងតាមរយៈការដកតំណែងប្រធានក្រុមមតិភាគតិចនៅក្នុងសភាដែលមានឋានៈស្មើនាយករដ្ឋមន្រ្តីពីលោក សម រង្ស៊ី ប្រគល់ឲ្យ លោក កឹម សុខា។

ការផាត់លោក សម រង្ស៊ី ចោលហើយទៅចាប់ដៃជាគូរសន្ទនាជាមួយ លោក កឹម សុខា ត្រូវបានអ្នកវិភាគមើលឃើញថា ជាវិធីមួយដែលចង់ឬមិនចង់ក៏អាចធ្វើឲ្យលោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេសមានការអន់ចិត្តខ្លះៗដែរ ខណៈដែលបានព្យាយាមសម្របសម្រួលជាមួយលោក ហ៊ុន សែន ដើម្បីបានវិលចូលកម្ពុជាវិញមិនបានសម្រេចក្នុងអំឡុងពេលម្តាយក្មេកលោកស្លាប់។

ភ្លាមៗបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសយកលោក កឹម សុខា ជាដៃគូសន្ទនានោះ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកលោកថា «តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ»។

លោកបន្តថា៖ «ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»។

លោកបណ្ឌិត មាស នី អ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជាវិភាគថា ការដែលលោក ហ៊ុន សែន ផាត់លោក សម រង្ស៊ី ចោល ហើយទៅចាប់ដៃគូជាមួយលោក កឹម សុខា បើគេមើលមួយជ្រុងឃើញថាជាយុទ្ធសាស្ត្រមួយធ្វើឲ្យមេដឹកនាំគណបក្សប្រឆាំងអាក់អន់ចិត្តនឹងគ្នា។ ប៉ុន្តែលោកថា បើគណបក្សប្រឆាំងបានដឹងពីយុទ្ធសាស្ត្របែបនេះហើយ គឺមេដឹកនាំគណបក្សប្រឆាំងមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់នោះទេ។

លោកមានប្រសាសន៍ថា៖ «លោក សម រង្ស៊ី គួរកុំគិតថា ការដែលលោក កឹម សុខា កាន់តំណែង[ប្រធានក្រុមមតិភាគតិច]នេះជាការដណ្តើមប្រជាប្រិយភាពរបស់គាត់អី។ គាត់នៅតែត្រូវបានគេទទួលស្គាល់ថាជាមេបក្សដដែល។ ប៉ុន្តែគ្រាន់តែក្នុងកាលៈទេសៈដែលរដ្ឋាភិបាលការពារមិនឲ្យចូល។ អីចឹងកិត្តិយសលោក សម រង្ស៊ី នៅតែមាន កិត្តិយសលោក កឹម សុខា នៅតែមាន។ ការទាក់ទងគ្នារវាងអ្នកទាំងពីរនៅតែធម្មតា ពេលនោះធ្វើឲ្យគណបក្សប្រជាជនកាន់តែពិបាក»។

លោក មាស នី បន្តថា បើគណបក្សកាន់អំណាចប្រើយុទ្ធសាស្ត្របែបនេះហើយ មិនអាចធ្វើឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា បែកគ្នាបានទេនោះ លោកថាជាការទាល់ច្រករបស់គណបក្សកាន់អំណាច។

យ៉ាងណាក៏ដោយ បើតាមលោក មាស នី គណបក្សកាន់អំណាចនៅមានយុទ្ធសាស្ត្រជាច្រើនទៀតដើម្បីធ្វើបក្សប្រឆាំងចុះខ្សោយ។

ក្នុងសារសន្ទនាតាមបណ្តាញសង្គមដែលត្រូវបានបែកធ្លាយកាលពីពេលថ្មីៗនេះបង្ហាញថា លោក ហ៊ុន សែន បានប្រើប្រាស់វិធីគ្រប់បែបយ៉ាងធ្វើយ៉ាងណាបំបែកសម្ព័ន្ធភាព «ស្លាប់រស់» រវាង លោក សម រង្ស៊ី និង លោក កឹម សុខា ឲ្យបាននៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។

សារសន្ទនាដែលជឿថាជាសារលោក ហ៊ុន សែន និង ធី សុវណ្ណថា នោះគឺភាគីទាំងពីរបានលើកឡើងពីយុទ្ធសាស្ត្រធ្វើបាតុកម្មបិទស្នាក់គណបក្សសង្រ្គោះជាតិដើម្បីឲ្យរើសមេដឹកបក្សថ្មីដាក់ជំនួសលោក សម រង្ស៊ី។ ក្នុងសារនោះ លោក ហ៊ុន សែន បានសន្យាទំនុកបម្រុងលើការធ្វើបាតុកម្មរបស់ក្រុម ធី សុវណ្ណថា ដែលភាគីទាំងពីរសន្យាថានឹងធ្វើនៅក្នុងខែមករាឆ្នាំ២០១៨។

អ្នកវិភាគមើលឃើញថា នៅពេលលោក ហ៊ុន សែន មានទំនាស់ពាក្យសំដីជាមួយលោក កឹម សុខា ប្រមុខរដ្ឋាភិបាលរូបនេះ បែរទៅចាប់ដៃ លោក សម រង្ស៊ី ហើយពិសារអាហារួមគ្នាដែលមិនធ្លាប់មាន។ ប៉ុន្តែនៅពេលមានទំនាស់ពាក្យសំដីជាមួយ លោក សម រង្ស៊ី ហើយដាក់បំរាមមិនឲ្យយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាវិញនោះ បែរជាលោកនាយករដ្ឋមន្រ្តីប្រកាសយកលោក កឹម សុខា ជាដៃគូសន្ទនាជំនួសលោក សម រង្ស៊ី។

លោក សូ ចន្ថា សាស្ត្រាចារ្យផ្នែកនយោបាយ យល់ថាមេដឹកនាំគណបក្សប្រឆាំងប្រហែលជាបានដឹងហើយពីយុទ្ធសាស្ត្រ «ដេហ្វីត» (defeat) របស់លោក ហ៊ុន សែន  ក្នុងការបំបែកបំបាក់គណបក្សប្រឆាំង។ លោកថាប្រសិនបើដឹងហើយ លោក សម រង្ស៊ី និងលោក កឹម សុខា នៅតែធ្លាក់ចូលយុទ្ធសាស្ត្រនោះទៀត លោកថាជីវិតនយោបាយរបស់អ្នកទាំងពីរនឹងត្រូវបញ្ចប់ដូចគណបក្សហ្វ៊ុនស៊ិនប៉ិច។

លោកមានប្រសាសន៍ថា៖ «នៅពេលដែលដឹងយុទ្ធសាស្ត្របំបែកនេះហើយ លោក សម រង្ស៊ី និងលោក កឹម សុខា និងក្រុមដឹកនាំបក្សប្រឆាំងនៅតែបន្តពង្រឹងការឯកភាពផ្ទៃក្នុងហើយ កែទម្រង់ផ្ទៃក្នុងគណបក្សនេះឲ្យមានភាពរឹងម៉ាំ ស្របតាមប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ខ្ញុំថាអាហ្នឹងល្អបំផុតហើយ»។

យ៉ាងណាក៏ដោយការលើកលែងទោស លោក កឹម សុខា និងមេឃុំគណបក្សប្រឆាំងទាក់ទងសំណុំរឿង «អាស្រូវស្នេហា» នោះ គឺធ្វើឡើងស្របពេលលោក សម រង្ស៊ី  និងលោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាថ្មីទៀត ចំពោះអ្នកដែលនិយាយថា ភរិយាលោក ហ៊ុន សែន និងលោក ម៉ាណែត ជា «អតីតប្រពន្ធនិងកូនមេដឹកនាំវៀតណាម»។

បើតាមលោក សូ ចន្ថា លោកចង់ឃើញមានការដោះលែងអ្នកជាប់ឃុំទាំងអស់ដែលទាក់ទងនឹងរឿងនយោបាយ នោះទើបបង្ហាញថាអ្នកនយោបាយខ្មែរមានការប្រកួតប្រជែងគ្នាដោយស្មោះត្រង់តាមសន្លឹកឆ្នោតរបស់ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ