ក្រសួងសុខាភិបាល៖ អត្រាកើតជំងឺគ្រុនចាញ់ធ្លាក់ចុះ៥៤ភាគរយ និងស្លាប់ម្នាក់គត់នៅឆ្នាំ២០១៦

មូសខ្លាដែលបង្កឲ្យមានការឆ្លងមេរោគZika (រូបភាពពីសារព័ត៌មាន Channel News Assia)

ក្រសួងសុខាភិបាលលើកឡើងថា អត្រាស្លាប់ដោយសារកើតជំងឺគ្រុនចាញ់នៅឆ្នាំ២០១៦ មានការធ្លាក់ចុះគួរឲ្យកត់សំគាល់ បើធៀបនឹងឆ្នាំ២០១៥និងបណ្ដាឆ្នាំមុនៗ។

នៅក្នុងសេចក្ដីជូនដំណឹង ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រនៃក្រសួងសុខាភិបាល អះអាងថា អត្រាកើតជំងឺគ្រុនចាញ់នៅឆ្នាំ២០១៦ បានថយចុះ៥៤ភាគរយ ដោយអត្រាឈឺមានចំនួន២៣ ៣៦៧ករណី និងស្លាប់តែម្នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៦ ខណៈអត្រាអ្នកកើតជំងឺនេះនៅឆ្នាំ២០១៥ មានចំនួន ៥៦ ២៧៤ករណី និងស្លាប់មាន១០ករណី។ បើតាមក្រសួងសុខាភិបាល ការធ្លាក់ចុះនេះ គឺក្រោយពីរដ្ឋាភិបាលបានអនុវត្តផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦។

ក្រសួងសុខាភិបាល បញ្ជាក់ថា បើតាមទិន្នន័យខាងលើនេះ ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ គឺសម្រេចបានលទ្ធផលជោគជ័យ២ឆ្នាំមុនការគ្រោងទុកនៅឆ្នាំ២០១៨ ដោយថា ក្រសួងនឹងខិតខំទប់ស្កាត់មិនឲ្យមានអ្នកណាម្នាក់ស្លាប់ដោយសារជំងឺនេះឡើយ ក្នុងចំណោមប្រជាជន១ពាន់នាក់ នៅឆ្នាំ២០២០។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះ ការថយចុះនៃការកើតជំងឺគ្រុនចាញ់ គឺដោយសារផែនការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ដែលរដ្ឋាភិបាលដាក់ចេញ ដូចជា ការការពារ អប់រំ និងព្យាបាល រួមទាំងការយល់ដឹងរបស់ពលរដ្ឋខ្លួនឯង។ លោកថា ខេត្ដដែលមានអត្រាកើតជំងឺគ្រុនចាញ់ថយចុះ រួមមាន មណ្ឌលគិរី រតនៈគិរី  ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ ជាដើម។

លោកថា៖ «ដោយឈរលើមូលដ្ឋានបីសំខាន់ គឺការការពារ និងការអប់រំ ហើយនិងការថែទាំ ព្រមទាំងគិតគូអំពីអាទិភាពមួយចំនួន ដែលយើងត្រូវផ្គត់ផ្គង់ឪសថ បរិក្ខារពេទ្យឲ្យបានគ្រប់គ្រាន់។ រួមចំណែករបស់ពលរដ្ឋហ្នឹងផងដែរ ត្រូវហើយប្រជាពលរដ្ឋយើងយល់ដឹង ហើយក៏គាត់ប្រើប្រាស់មុង ហើយពេលទៅកន្លែងព្រៃ គាត់យកមុងទៅជាមួយ។ បន្ទាប់មកពេលមានជំងឺ ក្ដៅខ្លួនគាត់មកពេទ្យ ដើម្បីឲ្យពេទ្យពិនិត្យភ្លាម ហើយឲ្យថ្នាំបានរហ័ស»។

ក្រសួងឲ្យដឹងទៀតថា រដ្ឋាភិបាលបានទទួលជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ដោយរំលឹកថា នៅកំឡុងទសវត្សឆ្នាំ៨០ និង៩០ ជំងឺគ្រុនចាញ់មានប្រមាណ១៣ម៉ឺនករណី ក្នុងនោះស្លាប់ពី ៧០០ ទៅ៨០០នាក់ក្នុងមួយឆ្នាំ។ ចំណែក ពីឆ្នាំ២០០០ដល់២០១០ ជំងឺគ្រុនចាញ់ធ្លាក់មកត្រឹមជាង៩ម៉ឺន២ពាន់ករណី និងស្លាប់មាន៣៥៧នាក់ក្នុងមួយឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ