លិខិតមិត្តអ្នកអាន៖ ទូកសែន ភ្លេចទឹក

លោក ហ៊ុន សែន នៅក្នុងពិធី​បញ្ចុះសីមាព្រះវិហារវត្តព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ នៅថ្ងៃទី៨កុម្ភៈនេះ (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ខណៈពេលមនុស្សលោក នៅតែមិនអាចដើរលើទឹកបាន ទូកគឺជាឧបករណ៍មួយប្រភេទ​ដែលមនុស្សយើងបាននិងកំពុងតែប្រើប្រាស់រាល់ថ្ងៃសម្រាប់ជាមធ្យោបាយចម្លង និង​នេសាទ។ល។ ដោយសារភូមិសាស្ត្រប្រទេសកម្ពុជាយើង​ឡោមព័ទ្ធទៅដោយ​ទន្លេបឹងបួរ​ជាច្រើននោះ ខ្មែរជំនាន់ដើម ក្រៅពីប្រើបា្រស់ទូកសម្រាប់​ជាយានចម្លង និងនេសាទត្រី​មនុស្សសម័យនោះ​ក៏បានប្រើប្រាស់ទូក​ក្នុងការធ្វើសង្គ្រាមជើងទឹក​ដើម្បីច្បាំងជាមួយសត្រូវការពារទឹកដី និងមាតុភូមិរបស់គេដែរ។

បច្ចុប្បន្ន ទូកនៅតែជាឧបករណ៍មួយដើរតួយ៉ាងសំខាន់​សម្រាប់ជាមធ្យោបាយចម្លង​មនុស្សសត្វ និងនេសាទត្រីដដែល ហើយមនុស្ស​បានកែឆ្នៃទូកទាំងនោះ​ទៅជាទូកសម័យទំនើបធ្វើពីដែក ជ័រស្វិតឬកៅស៊ូម្យ៉ាង ​និងបច្ចុប្បន្ន​បានប្រើគ្រឿងម៉ាស៊ីន​មានល្បឿនលឿន​ស្ទើរតែមិនចង់ជឿ។ យ៉ាងណាមិញ​ទោះបីទូកធ្វើពីអ្វីក៏ដោយ​ក៏ទូកនៅតែមិនអាចខ្វះទឹកបាន ព្រោះទឹកជាអ្នកធ្វើឱ្យទូកអណ្តែតនិងមានចលនាទៅមុខបាន មិនថាទឹកសមុទ្រ ទឹកទន្លេឬបឹងបួរឡើយ។

ក្នុងន័យនេះ បរិបទនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋជាពិសេសមន្ត្រីរាជការ ស្ថាប័នរដ្ឋនានា និងប្រជាពលរដ្ឋនៅតាមស្រុកស្រែចំការតំបន់ដាច់ស្រយាល គឺជាទឹកដែលលោក ហ៊ុន សែន និងបក្សប្រជាជនកំពុងអាស្រ័យលើដោយមិនអាចខ្វះបាន ហើយទឹកប្រជាពលរដ្ឋ និង​ស្ថាប័ន​រដ្ឋ​ទាំងនេះ​ហើយដែលជ្រោងធ្វើឱ្យទូកសែន និងបក្សប្រជាជន​របស់​លោក​បាន​អណ្តែត​ក្លាយ​ជាមហាសេដ្ឋី មានលុយចាយមួយរយជាតិទៀតក៏មិនអស់ រហូតដល់ភ្លេច​ខ្លួន​ថា​កំពុង​ធ្វើអ្វី​ដល់​បច្ចុប្បន្ន។

លោក ហ៊ុន សែន និងបក្សប្រជាជនក៏មើលឃើញយ៉ាងច្បាស់ណាស់ថា អំណាច​ដ៏មហាសាល​និង​ទូកបក្សប្រជាជនកម្ពុជារបស់លោក គឺកំពុង​អណ្តែត​លើ​ទឹក​នោះយ៉ាងពិតប្រាកដ​ហើយ​ធ្វើ​ឱ្យ​លោកបាននិងកំពុងកាន់អំណាចជាងសាមសិបឆ្នាំរហូតដល់បច្ចុប្បន្ន។ លោក ហ៊ុន សែន និង​បក្សរបស់លោកគួរតែតបស្នងដល់ទឹក ដែលបានធ្វើឱ្យទូករបស់លោកអណ្តែត និង​ធ្វើឱ្យគ្រួសារ​របស់លោកនិងបក្ខពួកអាចដេកលើគំនរមាសប្រាក់ដ៏មហាសាល និង​ធ្វើ​ជា​មហាសេដ្ឋីគ្រប់គ្នា សូម្បីតែពួកនេះ​មិនដែល​បានបញ្ចេញកម្លាំង​ញើសឈាម​តាមអំពើសុចរិត​ទៀង​ត្រង់អ្វីសោះឡើយ។ ផ្ទុយទៅវិញ ពួកគេបក្សប្រជាជន​ មានបានក៏ដោយសារ​តែ​លក់សម្បត្តិ​ជាតិ សម្បត្តិប្រជាជន ប្លន់យកដីធ្លី ផ្ទះសម្បែង និង​ដេញ​ប្រជាពរដ្ឋចេញ​ពីលំនៅ​ឋានដោយបង្ខំ ប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចប្រវ័ញ្ចជាតិ ជួញដូរមនុស្ស​ និង​គ្រឿង​ញៀន​ជាដើម។

តើទូកសែនបានធ្វើអ្វីខ្លះ ដើម្បីតបស្នងទៅនឹងទឹក​ដែលជាអ្នក​មានគុណ?​ ឬគ្រាន់​តែជាការចែក​សារ៉ុង ប៊ីចេង ប្រេងកូឡា និងលុយ ៥០០០រៀលដល់ប្រជាពលរដ្ឋ រាល់មុនការ​បោះឆ្នោត​ម្តងៗ​ ដែលជាការតបស្នងទឹក ដែលខំទ្រទូកនោះ?

យើងបានកត់សម្គាល់កន្លងមក មានការផ្តល់និងអភិវឌ្ឍន៍មួយចំនួន​ដែរក្នុងរយៈពេលជាង៣០​ឆ្នាំ​កន្លងមកនេះ ដូចជាការសង់ផ្លូវថ្នល់ស្ពានខ្លះ ឬសាលារៀនជាដើម ក៏ប៉ុន្តែ ផ្លូវថ្នល់ និងស្ពានទាំងនោះគ្មានគុណភាព ចំណែកសាលារៀន​គ្មានគ្រូបង្រៀន (ប្រាក់ខែតិច)។ ទាំងនេះសុទ្ធសឹង ជានយោបាយបោកប្រាស់ប្រជាភិថុតទាំងអស់ ហើយផ្ទុយទៅវិញ លោក ហ៊ុន សែន ​និង​ទូកបក្សប្រជាជនកម្ពុជា​របស់លោកបាន​និង​កំពុងធ្វើ​សកម្មភាពបញ្ច្រាសទិស​បញ្ច្រាសឆន្ទះទឹក ដែលធ្វើឱ្យប្រជាពលរដ្ឋជាទូកស្រក់ទឹកភ្នែកនិងឈឺចាប់រកទីបំផុត។

សកម្មភាពនិងទង្វើដែលលោក ហ៊ុន សែន​និងមនុស្សនៅលើទូកបក្សប្រជាជន​របស់​លោក​នោះ គឺវាផ្ទុយទៅនឹងមាគ៌ា ឬគោលការណ៍ប្រទេសជាតិ រដ្ឋធម្មនុញ្ញ និង​សិទ្ធិ​មនុស្ស​អន្តរជាតិទាំងស្រុង។

ទង្វើក្បត់ជាតិ ក្បត់និងប្រជាជនខ្លួនឯង បានស្តែងចេញយ៉ាងច្បាស់មិនអាចលាក់បាំងបាន ដូចជាការលក់ប្រទេសជាតិតាមរយៈកិច្ចព្រមព្រៀងបំពេញបន្ថែមផ្សេងៗ ទៅ​ឱ្យប្រទេស​ជិត​ខាង លក់សម្បត្តិជាតិ ធនធានធម្មជាតិដូចជា ព្រៃព្រឹក្សា ត្រី រ៉ែក្រោមនិងលើដី ភ្នំ សត្វព្រៃទន្លេ បឹងបួរ សមុទ្រ ប្រាសាទបុរាណ និងលក់ប្រជាពលរដ្ឋខ្លួនឯងឱ្យទៅបំរើប្រទេសជិតខាង។ល។ ហើយទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋផ្សេងទៀតដូចជា អគាររបស់រដ្ឋាភិបាល សាលារៀន រោងភាពយន្ត ពហុកីឡដ្ឋានជាតិ សួនច្បារ វត្តអារាម និងបឹងធម្មជាតិដូចជាបឹងកក់ និងបឹងទំពុនជាដើម។ មានការរំលោភយកដីធ្លីពីប្រជាពលរដ្ឋស្លូតត្រង់ បណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ វាយបង្ក្រាបជនស្លូតត្រង់ ស្ត្រីទន់ខ្សោយ ព្រះសង្ឃ សម្លាប់ ចាប់ដាក់គុក អ្នកដែលហ៊ានតវ៉ានឹងអំពើអយុត្តិធម៌ ភាពអសន្តិសុខក្នុងសង្គម និងប្រជាពលរដ្ឋកំពុងរស់ក្រោមភាពភ័យខ្លាច និងមិនមានជំនឿលើស្ថាប័នរដ្ឋ។ ប្រជាពលរដ្ឋអត់ទ្រាំលែងបាន ហ៊ានប្រថុយជីវិតចេញមុខការពារទ្រព្យសម្បតិ្តរដ្ឋជំនួសអាជ្ញាធរមានសមត្ថកិច្ច ឧទាហរណ៍ ប្រជាពលរដ្ឋចេញមុខការពារព្រៃឡង់ ព្រៃរការ និងតំបន់អារ៉ែងជាដើម។

អត្រាអត់ការងារធ្វើនៃប្រជាពលរដ្ឋកើនឡើងយ៉ាងគំហុកពីមួយឆ្នាំទៅមួយឆ្នាំដែលធ្វើឱ្យប្រទេសជាតិកំពុងដើរថយក្រោយបើប្រៀបធៀបជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ប្រាក់ចំណូលប្រជាជនទាប ភាពគ្មានទីផ្សាររបស់កសិករ អំពើពុករលួយដល់ឆ្អឹង បក្ខពួកនិយម ប្រជាពលរដ្ឋ​ចំណាកស្រុក​ទៅ​រកការងារធ្វើនៅទីក្រុង​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និង​ប្រជាពលរដ្ឋរាប់លាននាក់​ចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅប្រទេសជិតខាង និងក្នុងតំបន់។

គ្រួសារលោក ហ៊ុន សែន កំពុងគ្រប់គ្រងប្រព័ន្ធពត៌មាន និង​បណ្តែតបណ្តោយ​ឱ្យបក្ខពួក​របស់ខ្លួនផ្សាយ​តាមអំពើ​ចិត្តគ្មានវិជ្ជាជីវៈ ដែល​ធ្វើឱ្យសីលធម៌ជាតិធ្លាក់ចុះ​យ៉ាងគំហុក​នាប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។

ប្រព័ន្ធតុលាការមិនឯករាជ្យស្ថិតនៅក្រោមអំណាចបក្សនយោបាយ ជាឧបករណ៍ចាត់ការ​និងបង្ក្រាបអ្នកហ៊ានចេញមុខតវ៉ារឿងវិវាទដីធ្លី អំពើអយុត្តិធម៏សង្គម អ្នកមិនមាន​គំនិតយល់ស្រប​ឬអ្នកដែលហ៊ានជំទាស់លោកហ៊ុន សែន និងបក្សប្រជាជន។

បំបិតមាត់សកម្មជនសិទ្ធិមនុស្ស និងបក្សប្រឆាំង សម្លាប់មនុស្សក្រៅច្បាប់ ចាប់បង្ខាំងតាម​ទំនើងចិត្ត លើកទ្រជនបរទេសជាពិសេសជនជាតិយួន និងចិន ជាងជាតិរបស់ខ្លួន​ដោយ​បណ្តែតបណ្តោយ និង ឃុបឃឹតជាមួយជនបរទេសទាំងនោះប្រព្រឹត្តបទល្មើស និង​បំផ្លិចបំផ្លាញ​ជាតិបង្កើនកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ជាពិសេស​ក្រុមអង្គរក្ស​ការពារត្រកូលហ៊ុនច្រើនលើសលុប ចំណាយលុយជាតិខ្ចះខ្ជាយ គ្រប់គ្រងស្ថាប័ន​ជាតិទាំងស្រុងដូចជាស្ថាប័ននីតិប្បញ្ញត្តិ តុលាការ នីតិប្រតិបត្តិ និងស្ថាប័នព្រះមហាក្រត្សជាដើម។ ស្ទើរតែរាល់ថ្ងៃគេសង្កេតឃើញលោក ហ៊ុន សែន ប្រើប្រាស់ព្រះមហាក្រត្សឱ្យតែងតាំងអ្នកនេះ អ្នកនោះ តាមតែការចង់បានរបស់ខ្លួន ជាពិសេស​មន្ត្រីយោធាដែលមានឋានៈ ជាផ្កាយស្ទើររាប់មិនអស់ បើទោះណាអ្នកទាំងនោះមិនមានស្នាដៃ និងមិនថា អ្នកនោះជាទណ្ឌិតកំពុងជាប់ទោសនៅឡើយក្តី។

ទង្វើ «ទូកសែនភ្លេចទឹក អាចហៅបានថាក្របីភ្លេចថ្លុក» ដែលបានបង្ហាញខាង​លើ​គឺ​នៅរាប់មិន​ទាន់អស់នៅឡើយទេ ហើយ​ចំណាយពេលមួយឆ្នាំ​ទៀត​ក៏រៀបរាប់ពីកំហុស​លោក​ ហ៊ុន សែន ​និង​បក្ខពួកគណបក្សប្រជាជនមិនអស់ផង។

ទូកសែន និងបក្សប្រជាជនរបស់លោក​កុំថាឡើយតបស្នងទៅនឹង​ទឹកដែលខិតខំ​ទ្រទូក​របស់​ខ្លួន​ឱ្យអណ្តែតរហូតដល់បច្ចុប្បន្ន ផ្ទុយទៅវិញអ្នក​ដែលកំពុងនៅលើទូក​សែនកំពុង​តែប្រមាថ​មាក់ងាយយ៉ាងខ្លាំងមកលើទឹកតាមរយៈស្តោះដាក់ទឹក នោម និងជុះដាក់ទឹកបើទោះជាគេ បក្សប្រជាជនបាននិងកំពុងឃើញទឹកនៅពីក្រោមទូករបស់ពួកគេកំពុងទទួលរងផលប៉ះពាល់និងស្ថិតនៅក្នុងសភាពកខ្វក់ស្អុយដែលប្រទេសនៅលើពិភពលោកនេះមិនឱ្យតម្លៃយ៉ាងណាក៏ដោយ។ លោក ហ៊ុន សែន និងពួកប្រតិកិ្រយារបស់លោកទាំងនោះ នៅតែបន្តចិញ្ចឹមចិត្ត កម្ទេច​បំផ្លិចបំផ្លាញទឹកថ្លាដែលឆ្លុះឃើញពីទង្វើអាក្រក់និងអវិជ្ជមានរបស់គេ ដោយគេ​មិន​បាន​គិត​ឱ្យបានស៊ីជម្រៅថា «ទឹកគឺជាអ្នកទ្រទូកសែន និងបក្សប្រជាជនឱ្យអណ្តែ​តបាន ហើយទឹកក៏អាចពន្លិចទូកនោះឱ្យលិចបានដែរ» ទឹក អាចធ្វើឱ្យទូកសែនលិច ឬស្រកហួតហែង​ចាកចោលទូកឱ្យនៅគាំងមិនទៅមុខឱ្យនៅឯកា​អនាថាតែឯង ហើយទីបំផុត បើទោះជាលោក ហ៊ុន សែន ខិតខំចាក់មាស ពេជ្រ ដុល្លារមកក្រាលបាំងទប់ទឹក​ទៀត​ក៏មិនអាច​ទៅរួចដែរ ហើយវាសនាទូកសែន និងបក្ខពួកខិលខួចក្បត់ជាតិក្បត់​ប្រជាជនឯងទាំង​នោះ នឹងមិនខុសអីវាសនារបស់ទូក សាដាម ហ៊ូសេន អតីតប្រធានធិបតី​នៃ​ប្រទេសអ៊ីរ៉ាក់ ប៉ែន អាលី អតីតប្រធានធិបតីនៃប្រទេសតុយនេស៊ី និងខ្មោច​កាដាហ្វីអតីតប្រធានធិបតីនៃប្រទេសលីប៊ីឡើយ ដែល​ជាចុងក្រោយ​ពួកផ្តាច់ការ​ទាំងនោះ​មិនអាចយកទៅជាមួយសូម្បីទ្រព្យសម្បត្តិ ឬប្រាក់កាសមួយកាក់មួយសេនឡើយ៕

ដោយ អ៊ំ សារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ