មន្ត្រីរដ្ឋាភិបាលថាការបាត់បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​មិន​ប៉ះពាល់​​ដល់​ពិភព​លោក

បទល្មើសព្រៃឈើនៅកម្ពុជានាពេលកន្លងមក

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​បរិស្ថានថា​ការបាត់បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ពិភព​​លោក​​​​ធ្ងន់​ធ្ងរនោះ​ទេ និង​ថា​បញ្ហា​បំរែ​បំរួលអាកាស​ធាតុ​ពិភព​លោក​បច្ចុ​ប្បន្ននេះ​ គឺ​បណ្តាល​មក​ពី​ការ​កាប់​បំផ្លាញព្រៃ​ឈើ​ និង​ការ​បញ្ចេញ​ជាតិ​ពុល​ដោយ​ប្រទេស​មាន​ឧស្សាហកម្ម​ធំៗ។

របាយការណ៍​របស់​អង្គការណាសា ដែល​មាន​ទីតាំងនៅ​សហ​រដ្ឋ​អាមេរិក​ចេញ​កាលពីដើមឆ្នាំនេះ​​បាន​ឲ្យ​ដឹង​​​​​ថា​កម្ពុជាបាន​បាត់បង់ព្រៃឈើប្រចាំឆ្នាំ​ចន្លោះពី​ឆ្នាំ២០០១ និង២០១៤ មាន​អត្រា​កើនឡើង ១៤,៤​ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយ​ភាគ​ច្រើនស្ថិត​ក្នុង​ខេត្ត​កំពង់ធំ និងកំពង់ចាម។

ក្នុងវេទិកាសារធារណៈ វិស័យឯក​ជន និង​កិច្ច​គាំពារបរិស្ថាននៅព្រឹក​ថ្ងៃ​ទី១០ មីនា​នេះ អនុរដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​បរិស្ថា​ន ​លោក​ អ៊ាង សុផល្លែត ថា​ទំហំ​នៃ​ការ​ខូត​ខាត​ព្រៃ​ឈើ​របស់​កម្ពុជា មិន​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មា​ន​បំរែ​បំរួល​អាកាស​ធាតុ​​ដូច​បច្ចប្បន្ន​នេះ​នោះ​ទេ។ លោក​​ថា​បញ្ហានៃ​ការ​​ប្រែ​ប្រួល​​​នេះ​បណ្តាល​មក​ពី​ប្រទេស​មាន​ឧស្សាហកម្ម​ធំៗដូច​ជា​អា​មេរិក​ជាដើម​ជាអ្នក​ធ្វើ​ឲ្យ​មាន​បញ្ហា​ទាំង​នេះ​កើត​ឡើង និង​ថាកុំ​ឲ្យ​ប្រទេសទាំង​​នោះ​មក​ចោទ​ខ្មែរ​ឬក៏​បង្រៀន​ខ្មែរពី​បញ្ហា​នេះ​។

លោក​ថា៖ «យើង​គប្បីពិចារណា​ផង​ដែរ​ថា​បរិស្ថាន មិន​មែន​ជា​របស់​ប្រទេស​មួយ​ដាច់​ដោយ​ឡែក​នោះ​ទេគឺ​ជា​របស់​ កាំងគិត​មើល​ បើ​នៅ​អារីស្សូណាផង​កម្តៅ​វា​ឡើង​ដល់​៤៥ដឺក្រសេ​នោះ កម្តៅ​នោះ​បើ​ឡាន​ទៅ​ឆេះ ឆេះ​ម៉ាស៊ីន​ហ្មង»។

របាយការណ៍​របស់​អ្នក​សង្កេតការណ៍ពី​ស្ថានភាព​ព្រៃ​ឈើ​ពិភពលោក Globalforestwatch.org បាន​បង្ហាញ​ថាប្រទេស​ចំនួន​៥​ដែល​បាត់​បង់​គំរបព្រៃ​ឈើ​ច្រើន​ជាង​គេ​ពី​ឆ្នាំ២០០១ ដល់​ ២០១៤ មាន​ប្រទេស​ រុស្ស៊ី អូមែន កាណាដា សហរដ្ឋ​អាមេរិក និង​ប្រទេស​ឥណ្ឌូនេស៊ី។ របាយកាណ៍​មួយ​ផ្សេង​ទៀត​​របស់EDGAR ដែល​ជា​វិទ្យាស្ថានស្រាវជ្រាវ​មួយ​របស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹងថា​ប្រទេស​៥ ដែល​បាន​បញ្ចេញ​ជាតិ​ពុល​ទៅ​ក្នុង​បរិយាកាស​ច្រើន​ជា​ង​គេ​មាន​ ចិន អាមេរិក សហភាព​អឺរ៉ុប ឥណ្ឌា និងរដ្ឋ​សហព័ន្ធ​រុស្ស៊ី។

ទោះ​ជា​យ៉ាង​ណា​សកម្មជន​បរិស្ថានពិភព​លោក លោក អ៊ូច ឡេង​ យល់​ថា ការលើក​ឡើង​ដោយ​ស្តីបន្ទោស​ទៅ​លើ​ប្រទេស​ដទៃ​ថា​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​នោះមិន​គួរ​លើកឡើង​នោះ​ទេ ដោយ​សារ​បញ្ហា​បរិស្ថាននោះ​ជា​បញ្ហា​សកល​គួរ​ចូល​រួម​ដោះ​ស្រាយ​ដោយ​សកល ហើយ​ក៏​មិនគួរ​បណ្តែត​​​បណ្តោយ​ឲ្យ​ព្រៃ​ឈើ​របស់​កម្ពុជា​បន្ត​បាត់​បង​ផង​ដែរ។ លោក​ថា ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​​​ធំ​ៗទាំង​នោះជា​ប្រទេស​អ្នក​មាន ដូច្នេះ​ពួក​គេ​អាច​សម្រប​ខ្លួន​បាន​ច្រើន​ទៅ​នឹង​បំរែ​បំរួល​បរិស្ថាន​ជាង​​កម្ពុជា។

លោកថា៖ «យ៉ាង​ហោច​ណាស់​យើង​គ្មាន​វិធាន​ការ​ដើម្បី​ការ​ពារ​ព្រៃ​ឈើ​ឲ្យ​បាន​គង់​វង្ស យើង​មិន​គួរបន្ទោស​ប្រទេស​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ការ​បំរែ​បំរួល​អា​កាស​ធាតុ​ប៉ុន្តែយើង​គឺ​ជា​ធាតុផ្សំ​មួយ​ដែរ ប្រសិន​ជាយើង​គ្មាន​ព្រៃ​ឈើ​នោះ​ តើ​នៅ​ពេល​មាន​ខ្យល់​ព្យុះ​ម្តងៗ​នោះដូច​ជា​ផ្ទះ​ម៉ែ​ខ្ញុំ​នៅ​តាកែវ ពេល​មាន​ខ្យល់​មក​មិន​ខ្លាំង​ផង​បែរ​ជា​របូត​ដំបូល​ទៅ​អស់ តើ​យើង​មាន​លុយ​ឯណា​ទៅ​ទប់​ទល់​រឿង​អញ្ចឹង​ៗ​ប្រសិន​ជាបាតុភូត​គ្រោះ​ធម្មជាតិ​ធំ​ៗ​ដូច​ជា​ខ្យល់​ព្យុះ​ រន្ទះបាញ់​ ទឹក​ជំនន់​ជាដើម។ ស្មារទោស​ចុះសូម្បី​តែក្រុម​គ្រួសារ​អ្នក​ធំ​ៗ​ខ្លះ​នោះ​ក៏​មិន​អាច​ឡើង​យន្ត​ហោះ​ទៅ​ទាន់​ដែរ សូម្បី​តែ​យន្ត​ហោះ​ខ្លះ​នោះ​ក៏​អាច​ត្រូវ​បាន​រន្ទះ​បាញ់​ដែ​រសោយ​សារ​តែ​យើង អត់​មាន​ប្រព័ន្ធ​ការ​ពារ​ដោយ​ធម្មជាតិ​»។

ទោះ​ជា​យ៉ាង​ណា​សម្រាប់​កិច្ចគាំពារ​ព្រៃ​ឈើ​នេះលោក អ៊ាង សុផល្លែត​ ថា​រដ្ឋាភិបាល​មិន​បណ្តែត​បណ្តោយ​ឲ្យ​ព្រៃ​ឈើ​កម្ពុ​ជា​វា​កាន់​តែ​ហិន​ហោច​នោះ​ទេលោក​ថា មាន​វិធាន​ការ​ដែល​រដ្ឋ​បាន​ដាក់​ចេញ​នឹង​ឃើញ​ថា​មាន​​ប្រសិទ្ធភាព​រួច​ហើយសម្រាប់​ជួយ​គាំទ្រដល់​ការ​អភិរក្ស​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​សម្រាប់​កម្ពុជា​នេះ។

របាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយឆ្នាំ២០១១ស្តីពី «ធនធានគម្រប​ព្រៃឈើ​នៅកម្ពុជា​ឆ្នាំ​២០​១០​» ឲ្យដឹងថា នៅឆ្នាំ១៩៦៥ គម្របព្រៃឈើកម្ពុជា មានប្រមាណ៧៣ភាគរយ ហើយវា​បានថយចុះមក​នៅ​ប្រមាណ​៥៧​ភាគរយនៅឆ្នាំ២០១០ ដែលការធ្លាក់ចុះនេះ បណ្តាលមកពីកំណើន​នៃការប្រើប្រាស់​ដី​កសិ​កម្ម ពិសេសដីសម្បទានសេដ្ឋកិច្ច។

ទោះជាយ៉ាងណា ការចុះផ្សាយនៅលើគេហទំព័រ Open Development Cambodia បង្ហាញថានៅឆ្នាំ​១៩​៧៣ កម្ពុជាមានព្រៃឈើសរុប ១៣,១លានហិកតា ប៉ុន្ដែរហូតដល់ឆ្នាំ២០១៤ អត្រានេះបានធ្លាក់​ចុះមក​ត្រឹម​​៨,៧លានហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ