ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាឲ្យប្រើច្បាប់ស្តីពីគណបក្សនយោបាយ

ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ

ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ បានចុះហត្ថលេខា​ឲ្យប្រើច្បាប់​ស្តីពីគណបក្សនយោបាយកាលពី​ដើមសប្តាហ៍​នេះ ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅក្រៅប្រទេសដើម្បីតាមដានព្រះរាជ្យសុខភាព។

អ្នកនាំពាក្យព្រឹទ្ធសភាលោក អ៊ុំ សារិទ្ធិ ឲ្យវីអូឌីដឹងនៅព្រឹកនេះថា ច្បាប់ស្តី​ពីគណបក្ស​នយោបាយ​ត្រូវបាន​ចូលជាធរមាន បន្ទាប់ពីបានចុះហត្ថលេខាកាលពីថ្ងៃទី៧ខែមីនាដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខរដ្ឋស្តីទីនៅពេលនេះ។

ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោទនកម្ម​ឡើងវិញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧។

ខ្លឹមសារសំខាន់​ក្នុងសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយនេះ​ គឺមិនអនុញ្ញាតិឲ្យប្រធាន ឬអនុប្រ​ធាន​គណ​​បក្សនយោបាយណា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មាន​សិទ្ធិដឹកនាំបក្សបាននោះទេ។ លើស​ពី​នេះទៀត បើប្រធាន អនុប្រធាន​បក្សណា​មួយ បាន​ប្រព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ប្តឹង​ទៅតុលាការកំ​ពូល ដើម្បី​រំលាយបក្សនោះ​។

ទាំងសហគមន៍ជាតិនិងអន្តរជាតិ បានប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីសមាជិករដ្ឋសភា​មកពី​គណបក្ស​​ប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានលើកដៃអនុម័ត «ច្បាប់ដ៏ចម្រូងចម្រាស់និងប្រញាប់ប្រញាល់មួយនេះ» នោះគឺការកែច្បាប់ស្តីពីគណបក្សនយោបាយ។

ពួកគេបានរិះគន់ថាច្បាប់ថ្មីនេះថា​បាន «ផ្តល់អំណាចដ៏​លើសលប់ ដល់រដ្ឋាភិបាលក្នុងការរំលាយគណបក្សណាមួយ​​ហើយឈានទៅរករបបឯកបក្ស»។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាប្រតិកម្មថា ប្រទេសទាំងនោះ​កំពុង​ជ្រៀត​ជ្រែកកិច្ចរបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ