​កិច្ច​ប្រជុំ​ជាមួយ​សាលាក្រុងរឿងធ្វើផ្លូវក្បែរវិហារបឹងកក់មិនទាន់​បាន​លទ្ធផលអ្វី

វិហារឥស្លាមក្នុងតំបន់បឹងកក់

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី លោក អះម៉ាត់ យ៉ះយ៉ា បានអះអាងថាកិច្ចប្រជុំជាមួយសាលាក្រុងកាលពីថ្ងៃចន្ទទាក់ទងនឹងគម្រោងធ្វើផ្លូវក្បែរវិហារបឹងកក់នៅតែមានភាពចម្រោងចម្រាសនៅឡើយ។

លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់វីអូឌីថាលោកបានចូលរួមប្រជុំកាលពីរសៀលថ្ងៃចន្ទ ដោយភាគីទាំងអស់មានគំនិតផ្ទុយគ្នាពីគម្រោងធ្វើផ្លូវនេះ។ លោកថាកិច្ចប្រជុំនេះមិនទទួលបានលទ្ធផលអ្វីនោះទេ។ លោកបន្តថាសាលារាជធានីស្នើឲ្យមានជំនួបមួយទៀតដាច់ដោយឡែកជាមួយក្រុមរបស់លោកដែលជំទាស់នឹងប្លង់គូសវាសធ្វើផ្លូវបច្ចុប្បន្ននេះ។ លោកមានប្រសាសន៍ថាប្រជាពលរដ្ឋក៏ដូចជារូបលោកនៅតំបន់នោះស្នើឲ្យមានការធ្វើផ្លូវនៅជាប់នឹងរបងដើម្បីកុំឲ្យរំខានការថ្វាយបង្គំ។

លោកបញ្ជាក់ថា៖ “យើងមិនមែនប្រឆាំងជាមួយរដ្ឋាភិបាលឬសាលាក្រុងទេ យើងគ្រាន់តែសំណូមពរឲ្យធ្វើតាមព្រំរបង រឿងស្អីសម្រួលអត់បាន មិនមែនមតិរបស់ខ្ញុំតែម្នាក់ឯងទេ មិតរបស់ប្រជារាស្រ្ត ហើយខ្ញុំនៅជាមួយប្រជារាស្រ្ត”។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក  មាន ចាន់យ៉ាដា មានប្រសាសន៍ថានឹងមានកិច្ចប្រជុំបន្តបន្ទាប់ទៀតដើម្បីសិក្សាពីលក្ខណៈបច្ចេកទេសនិងរកចំណុចឯកភាពគ្នារវាងថ្នាក់ដឹកនាំឥស្លាម។

នៅរសៀលថ្ងៃអង្គារនេះ លោក អះម៉ាត់ យ៉ះយ៉ា នឹងចូលបំភ្លឺទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍មួយ ដែលប្តឹងដោយរដ្ឋលេខាធិការក្រសួងការងារនិងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីម លោក អូស្មាន ហាស្សាន់ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងធ្វើផ្លូវកាត់វិហារឥស្លាមអាល់សារកាល់ភ្នំពេញនៅតំបន់បឹងកក់។ លោកបន្ថែមថាពាក្យបណ្តឹងនេះគឺអាចទាក់ទងនឹងការថ្លែងរបស់លោកទៅកាន់សារព័ត៌មានមួយដែលថា៖ “ខ្ញុំបញ្ជាក់ថាការធ្វើប្លង់គឺអូស្មាន ហាស្សាន់ អ្នកធ្វើប្លង់(ផ្លូវឆ្លងកាត់វិហារ)ឲ្យគំនិតទៅសាលាក្រុង”។

គម្រោងធ្វើផ្លូវផ្លូវឆ្លងកាត់វិហារបឹងកក់នេះជាគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ពីទួលគោកទៅមហាវិថីព្រះមុនីវង្ស ដែលត្រូវបានគ្រោងឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ។

អតីតនិស្សិតនិងនិស្សិតមូស្លិមកម្ពុជាបានសរសេរលិខិតចំហរមួយចុះថ្ងៃទី២៩ខែមេសា ហើយវីអូឌីទទួលបានថាពួកគេមិនគាំទ្រជាដាច់ខាតចំពោះការសាងសង់កាត់តាមដីវិហារឥស្លាមអាល់សារកាល់ភ្នំពេញ ដោយថាការធ្វើផ្លូវនេះនឹងរំខានការគោរពសាក្ការៈព្រះអល់ឡោះ។ លិខិតបញ្ជាក់ថា៖ “បើមានផ្លូវជិតវិហារនាំឲ្យមានសំឡេងរំខាន ប៉ះពាល់ដល់ភាពស្អាតស្អំនៃការថ្វាយបង្គំ ប្រាសចាកពីធម៌វិន័យឥស្លាមនិងជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងសោភ័ណភាពរបស់វិហារ”។

គួរបញ្ជាក់ថាវិហារអាល់សារកាល់ភ្នំពេញដែលមានតម្លៃជាង២,៦លានដុល្លារស្ថិតនៅតំបន់បឹងកក់ ក្រោយសណ្ឋាគារភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ សម្រាប់សហគមន៍ខ្មែរឥស្លាមប្រតិបតិ្ដគោរពសាសនា។ វិហារនេះអាចផ្ទុកមនុស្សបានជាង២ពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ