អង្គការជិត៨០ស្ថាប័នអំពាវនាវឲ្យឈប់ប្រើតុលាការដាក់សម្ពាធស្ថាប័នព័ត៌មាន

រូបភាពទីស្នាក់ការកាសែតភ្នំពេញប៉ុស្តិ៍ ដោយ ជន ចាន់រ៉ែន

ក្រុមអង្គការសង្គមស៊ីវិលជិត៨០អំពាវនាវ ឲ្យបញ្ឈប់​ប្រើប្រព័ន្ធតុលាការ ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ខណៈ​និ​​ព​​ន្ធ​​​នា​​យ​​កកា​សែតភ្នំពេ​​​ញប៉ូស្តិ៍ ដែលគេស្គាល់ថាជាស្ថាប័នឯករាជ្យមួយ ត្រូវបានបណ្តេញ ចេញពីការងារ​ក្រោយ​ប្តូរអ្នក​​គ្រ​ប់គ្រងថ្មី ។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការចំនួន៧៩ ចេញផ្សាយថ្ងៃទី៩ឧសភានេះ បានសម្ដែង​ការ​សោ​កស្ដា​យ ​ចំពោះ​ការវិវត្តន៍​ចុង​ក្រោ​យ​នេះ ទៅ​លើ​សេរីភាព​សារព័ត៌មាន ​ពាក់ព័ន្ធ​នឹងភាពមិន​ច្បាស់លាស់ ​នៃ​ការលក់​ស្ថាប័ន​កាសែត​ភ្នំពេ​ញ​ប៉ុស្ដិ៍​ និងការ​ប​ញ្ជា​​​​ភ្លាមៗ​របស់​ម្ចាស់ថ្មី​នៃកាសែត​នេះ ឱ្យ​លុប​ចោល​អត្ថបទ​ព័ត៌មាន ​ដែលបាន​ចេញ​ផ្សាយរួច​។

ក្រុមអ​ង្គការសង្គ​មស៊ីវិ​​ល​ចា​ត់ទុកថា ទង្វើនេះ​បាន​នាំ​ឱ្យអ្នករាយការណ៍​ព័ត៌មាន​ និងបុគ្គលិកជាន់​ខ្ពស់ចំនួន​១៣នាក់ ​សម្រេ​ច​ចិ​​ត្ត​​លាឈប់​ពី​ការងារ ខណៈដែ​ល​និ​​ពន្ធ​នាយក​នៃកាសែតនេះ ត្រូវបាន​បណ្ដេញ​ចេញ​ពីការងារ​។

សង្គមស៊ីវិលឲ្យដឹងទៀតថា នេះគឺជា​ករណី​ចុងក្រោយ​មួយ​ ក្នុងចំណោម​ការធ្វើទុក្ខ​បុកម្នេញ​ជាច្រើនបន្តបន្ទាប់​ទៀត​ ដែលបា​ន​​ធ្វើ​​ឱ្យ​​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់លំហ​សារព័ត៌មាន ចាប់តាំងពី​ពាក់កណ្ដាល​​ឆ្នាំ​២០១៧​មក ហើយថាភ្នំពេញប៉ុស្ដិ៍ គឺជា​កាសែ​ត​​ចុះ​​ផ្សាយ​ជាភាសា​ខ្មែរនិងអង់គ្លេស​ ដែល​​ត្រូវបាន​ចាត់ទុកថា​ ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​មួយនៅ​កម្ពុជា និងថាការផ្លា​ស់ប្ដូរ​​ម្ចា​​ស់ថ្មី​នៃ​កាសែត​នេះ បាន​នាំឱ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ នៅពេល​ខាងមុខ។​

សង្គមស៊ីវិលថា៖«ភ្នំពេញប៉ុស្ដិ៍ គឺជា​កាសែត​ចុះផ្សាយ​ជាភាសា​ខ្មែរនិងអង់គ្លេស​ ដែល​​ត្រូវបាន​ចាត់ទុកថា​ ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​មួយនៅ​កម្ពុជា ហើយការផ្លាសប្ដូរ​ម្ចាស់ថ្មី​នៃ​កាសែត​នេះ បាន​នាំឱ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ នៅពេល​ខាងមុខ»។​

​សង្គមស៊ីវិល កត់សម្គាល់ថា ដូចគ្នា​នឹង កាសែត​ភ្នំពេញប៉ុស្ដិ៍​ដែរ​ កាសែត​ខេមបូឌា​ ដេលី​ ដែលតែង​ចុះផ្សាយ​ អត្ថបទ​រិះគន់​ ឥតលំអៀង​ និង​របាយការណ៍​បែបស៊ើបអង្កេត​ ត្រូវបាន​បង្ខំចិត្ត​បញ្ឈប់​ដំណើរការ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៧​ បន្ទាប់ពីរង​ការចោទ​ប្រកាន់​ថា មាន​ជាប់ជំពាក់ប្រាក់​ពន្ធ​ប្រមាណជាង​ ៦,៣លាន​ដុល្លារ។

ស្ថាប័ន​សារព័ត៌មាន​ផ្សេងទៀត​ ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង​ រួម​បញ្ចូល​ទាំង​​ការបិទ​ហ្រ្វេកង់ស៍​របស់​វិទ្យុ​ចំនួន​៣២ ដែល​ផ្សាយព័​ត៌​មា​ន​បន្តពី​វិទ្យុ ​អាស៊ីសេរី​ (RFA)​ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ (VOA) និង​វិទ្យុសំឡេង​ប្រជាធិបតេយ្យ ​(VOD) ​ជាដើម។​

សេ​ចក្តីថ្លែងការណ៍រួមដដែល អះអាងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដែលមាន​លក្ខណៈ​រិះគន់​ ដោយគ្មាន​ការជ្រៀតជ្រែក​ពី​សំ​ណា​ក់​​ក្រុមហ៊ុន​សាជីវកម្ម​ ឬបម្រើផល​ប្រយោជន៍​នយោបាយ​ គឺមាន​សារៈសំខាន់ ​ក្នុងដំណើរការ​សង្គម​ប្រជា​​ធិ​ប​តេយ្យ​ ក៏ដូច​ជា​​កា​រ​​គោរព​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​ ដែលធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា​ និង​ច្បាប់​អន្តរ​ជាតិ​​​​ផ្សេងៗ។

អង្គការ​សង្គមស៊ីវិល​ទាំងនោះ ស្នើ​ដោយទទួច​ឱ្យមាន​ការ​គោរព​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ ​សេរីភាព​នៃការ​បញ្ចេញមតិ​ និង​សូ​ម​​​​ឱ្យ​​បញ្ឈប់ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ ទៅលើ​សកម្មជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នកសារព័ត៌មាន​មាន នៅ​​​កម្ពុ​​ជា។VODនៅមិន​ទាន់អាចសុំការឆ្លើយតបពីអ្នកគ្រប់គ្រងថ្មី របស់កាសែតភ្នំពេញប៉ូស្តិ៍ និងពីស្ថាប័នពាក់ពា​ក់ន់បាន​នៅ​ឡើ​យ​ទេ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ