បទយកការណ៍៖អ្នកមានជម្លោះដីធ្លីកាន់តែជួបការលំបាកពេលវត្តសាមគ្គីរង្ស៊ីឈប់ឲ្យស្នាក់នៅ

ក្នុងរាជធានីភ្នំពេញមានវត្តអារាមតិចតួចណាស់ ដែលហ៊ានឲ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទីស្នាក់នៅបណ្តោះអាសន្នដើម្បីស្វែងរក និងរងចាំដំណោះស្រាយវិវាទដីធ្លីពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធ។

ក្នុងរាជធានីភ្នំពេញមានវត្តអារាមតិចតួចណាស់ ដែលហ៊ានឲ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទីស្នាក់នៅបណ្តោះអាសន្នដើម្បីស្វែងរក និងរងចាំដំណោះស្រាយវិវាទដីធ្លីពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធ។

កំពុងអង្គុយជុំគ្នាជាមួយពលរដ្ឋផ្សេងទៀត ក្រោយពិសាបាយល្ងាចរួច អ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តមួយក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរងចាំដោះស្រាយវិវាទដីធ្លី បន្ទាប់ពីដាក់ញត្តិនៅក្រសួងរៀបចំដែនដី អ្នកស្រី សាត ញ៉េប រៀបរាប់ថា ជម្លោះដីធ្លីរបស់ពួកគាត់បានអូសបន្លាយជិត១០ឆ្នាំហើយរហូតមកដល់ពេលនេះមិនទានទទួលបានដំណោះស្រាយនៅឡើយទេ។

ស្រ្តីវ័យ៤០ឆ្នាំរូបនេះបន្តថា រយៈពេល៨ឆ្នាំដែលពួកគាត់ឡើងមករកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិនៅរាជធានភ្នំពេញគឺ ក្រុមពលរដ្ឋតែងតែដើរសុំវត្តអារាមនានាក្នុងរាធានីភ្នំពេញដើម្បីស្នាក់នៅរងចាំដំណោះស្រាយពីអាជ្ញាធរ ប៉ុន្តែកន្លងមកមានវត្តអារាមតែពីរប៉ុណ្ណោះ គឺវត្តចាស់ និងសមគ្គីរង្សី ដែលហ៊ានឲ្យពួកគាត់ស្នាក់នៅបណ្តោះអាសន្ន។

អ្នកស្រីបន្ថែមថា«ពីមុនមកពួកខ្ញុំធ្លាប់មកស្នាក់នៅវត្តសាមគ្គីរង្ស៊ី ប៉ុន្តែមួយរយៈចុងក្រោយនេះខាងអាជ្ញាធរមូលដ្ឋានហ្នឹងគាត់មិន អនុញ្ញាតឲ្យព្រះសង្ឃហ្នឹងទទួលជនរងគ្រោះដីធ្លីបន្តទៀត។​អញ្ចឹងហើយលោកគ្រូចៅអធិការវត្តសមគ្គីរង្សីហ្នឹង ក៏គាត់មិនអនុញ្ញាតឲ្យពួកយើងនៅដែរ។ អញ្ចឹងហើយយើងគិតថា កុំឲ្យលំបាកលោកគ្រូគាត់មានសម្ពាធធ្ងន់ធ្ងរ ពួកខ្ញុំសុខចិត្តដកខ្លួនមកខាងវត្តចាស់វិញតាមសំណើរបស់សាលាក្រុងដែលគេចាត់ឲ្យពួកខ្ញុំមកស្នាក់នៅវត្តចាស់នេះ»

អ្នកមានជម្លោះដីធ្លីក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលអះអាងថា ត្រូវអាជ្ញាធរឈួសឆាយផ្ទះ និងបណ្តេញចេញពីភូមិផងនោះ អ្នកស្រី សាត ញ៉េប រៀបរាបបន្តទៀតថា ពេលនេះចៅអធិការសាមគ្គីរង្សីលែងឲ្យជនរងគ្រោះដីធ្លីស្នាក់ក្នុងវត្តបន្តទៀតហើយ ដែលបណ្តាលឲ្យពួកគាត់ជាអ្នកក្រីក្រជួបការលំបាកក្នុងការរកកន្លែងស្នាក់នៅពេលឡើងមកតវ៉ានៅភ្នំពេញម្តងៗ។

អ្នកស្រីបន្ថែមថា«សម្រាប់ពួកខ្ញុំវាជួបផលលំបាកខ្លាំង ដោយសារវត្តដែលយើងធ្លាប់ស្នាក់នៅគេអត់ទទួលយើង អញ្ចឹងបើយើង អត់មកស្នាក់នៅវត្តចាស់ទេ យើងនឹងអត់កន្លែងស្នាក់នៅ ពិសេសបំផុតគឺយើងអត់មានលុយសម្រាប់ដេកផ្ទះសំណាក់ សម្រាប់ អាហារហូបចុកផ្សេងៗ»

កំពុងសម្រាកក្នុងសាលាឆាន់នៅវត្តចាស់ដែរ ពលរដ្ឋខេត្តព្រះវិហារម្នាក់ទៀត អ្នកស្រី នាង សុផល រៀបរាប់ប្រាប់វីអូឌីទាំងអួលដើមករថា ពួកគាត់ត្រូវបានអាជ្ញាធរខេត្តវិហារធ្វើទុក្ខបុកម្នេញដោយឈួសឆាយផ្ទះ និងបណ្តេញចេញពីភូមិ ហើយនៅពេលឡើងមកតវ៉ានៅភ្នំពេញ ត្រូវអាជ្ញាធររាជធានីភ្នំពេញធ្វើបាប ដោយមិនអនុញ្ញាតឲ្យពួកគាត់ជាជនក្រីក្របានស្នាក់នៅតាមវត្តអារាមផ្សេងៗថែមទៀត។

អ្នកស្រីបន្ថែមថា«សង្ឃឹមថា ព្រះតេជគុណ សង្ឃនៅវត្តនេះ[វត្តចាស់] យ៉ាងណាមិនចិត្តដាច់ធម្មមេតាដែរ អត់គិចថាចិត្តដាច់ ទេ។ រាល់ថ្ងៃនេះពួកខ្ញុំក្រលំបាកណាស់ អ្នកខ្លះពេលដែលគេដេញពីទឹកដីហ្នឹងទៅ គេរុះផ្ទះរុះសម្បែង ទាំងយប់ទាំងថ្ងៃគេភ្ជុងឲ្យ ចេញ បើមិនចេញគេបាញ់ អ្នកខ្លះគ្នាពោះធំរត់រត់ជួនកាលចេញមកសម្រាលកូនមកងាប់ក៏មានដែរ»

ក្នុងទឹកមុខហាក់កំពុងមានកង្វល់ អ្នកមានវិវាទដីធ្លីម្នាក់ទៀតមកពីខេត្តកោះកុង ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនពីរនៅខេត្តនោះ លោក រស់ សុផល និយាយថា ពួកគាត់ប្រមាណ២៣២គ្រួសារ ស្ថិតក្នុងស្រុកគីរីសាគរ និងបុទុមសាគរត្រូវបានក្រុមហ៊ុនញ៉ូញៀនរបស់ចិន និងក្រុម SEZ របស់លោក លីយ៉ុងផាត់រំលោភយកដីកាលពីឆ្នាំ២០០៨។

បុរស់វ័យជាង៣០ឆ្នាំរូបនេះ បន្តថា ដោយសារគ្មានដំណោះស្រាយពីអាជ្ញាធរថ្នាក់ខេត្ត ក្រុមអ្នកភូមិបាននាំឡើងមកតវ៉ារកដំណោះស្រាយដល់រាជធានីភ្នំពេញ ខណៈរង់ចាំដំណោះស្រាយពីក្រសួងរៀបចំដែនដី ពួកគាត់បានដើរសុំវត្តអារាមនានានៅរាជធានីភ្នំពេញ ក្នុងនោះមានទាំងវត្តសមគ្គីរង្សីផង ដើម្បីស្នាក់បណ្តោះអាសន្ន ប៉ុន្តែមិនត្រូវបានព្រះសង្ឃគង់នៅវត្តទាំងនោះឲ្យស្នាក់នៅនោះទេ ដោយលើកហេតុផលថា អាជ្ញាធរមិនអនុញ្ញាត។

លោកបន្ថែមថា«ព្រោះបើយើងមិនរងគ្រោះ ពួកយើងមិនឡើងមកទេ នេះយើងរងគ្រោះបានយើងឡើងមក ហើយយើងអត់ចង់ឡើងមកធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សណ្តាប់ធ្នាប់សារណៈអីទេ យើងអត់ចង់សោះ បើគាត់[រដ្ឋាភិបាល]ពន្លឿនការ ដោះស្រាយឲ្យលឿនយើងចង់នៅមូលដ្ឋានយើងល្អជាងមកទីនេះ១០០ដង»

បើទោះជាព្រះសង្ឃគង់នៅវត្តអារាមមួយចំនូនក្នុងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ បានស្នាក់នៅ       បណ្តោះបណ្តោះក៏ដោយ ប៉ុន្តែតំណាងអ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុងរូបនេះអះអាងថា ព្រះសង្ឃគង់នៅវត្តចាស់ក្នុងខណ្ឌជ្រោយចង្វារបានអនុញ្ញាតឲ្យក្រុមអ្នកមានជម្លោះដីធ្លីស្នាក់ក្នុងវត្តនេះបណ្តោះអាសន្នដើម្បីចាំដំណោះស្រាយ ខណៈអាជ្ញាធរចុះសួរនាំ និងឃ្លាំមើលជាប្រចាំ។

លោកបន្ថែមថា«ពួកខ្ញុំក៏បានទៅសុំវត្តសាមគ្គីរង្សីដែរ ប៉ុន្តែគាត់ថា មិនអាចស្នាក់នៅបានទេ រួចហើយពួកខ្ញុំក៏ដើរសួរតាមវត្តផ្សេង ទៀតគឺអត់មានវត្តណាហ៊ានឲ្យពួកខ្ញុំស្នាក់នៅបានទេ។រួចហើយក៏ពួកខ្ញុំសួរមកដល់វត្តចាស់នេះបានគាត់ថា អាចស្នាក់នៅបាន ប៉ុន្តែគាត់ថា រឿងជ្ញាធរធ្វើយ៉ាងណាៗគាត់អត់ដឹងទេ។ប៉ុន្តែខ្ញុំសំនូមពរទៅអាជ្ញាធរដែនដីទាំងអស់សូមកំឲ្យគាត់ដាក់សម្ពាធលើព្រះសង្ឃជាសាសនារបស់រដ្ឋ ព្រោះគាត់ជួយនេះគឺសង្គ្រោះសត្វលោកកំពុងជួបទុក្ខលំបាក»

ព្រះសង្ឃមួយអង្គរគង់នៅវត្តចាស់ ព្រះតេជគុណ ណុប វណ្ណី មានសង្ឃដីកាថា គ្មានព្រះសង្ឃអង្គណាបាននាំ និងអនុញ្ញាតឲ្យពលរដ្ឋទាំងនោះស្នាក់នៅក្នុងវត្តនោះទេ ប៉ុន្តែបើពលរដ្ឋទាំងនោះមកហើយ ព្រះសង្ឃក៏មិនកំណាញ់នោះដែរ ដោយថា វត្តអារាមជាកន្លែងដែលពុទ្ធបរិស័ទ្ធិគ្រប់ទិសទីអាចស្នាក់នៅបណ្តោះអាសន្នបាន។

ព្រះអង្គមានសង្ឃដីកាថា«លោកអនុញ្ញាតឲ្យស្នាក់នៅដោយសារលោកគិតថា វត្តជារបស់ពុទ្ធបរិស័ទ្ធិ មិនមែនជាវត្តរបស់បុគ្គល ឬរបស់គណបក្សនយោបាយណាទេ គឺវត្តរបស់ពុទ្ធសាសនា គឺវត្តរបស់ប្រជាពលរដ្ឋទូរទៅ អញ្ចឹងរឿងគាត់សុំស្នាក់នៅ១ថ្ងៃ២ថ្ងៃ ឬរយៈពេលអាទិត្យ​ឬត្រឹម១ខែអី គឺលោក មិនអាចហាមគាត់បានទេ។ ពេលដែលមកនៅស្នាក់នៅអញ្ចឹងគឺមានអាជ្ញាធរគេចុះទៅសួរលោក ឬណែនាំ ឬប្រាប់លោកម៉េចៗអញ្ចឹងគឺតែងតែមានអញ្ចឹងហើយ»

ចំណែកចៅអធិការវត្តសាមគ្គីរង្សី​​ព្រះ​តេជ​គុណ ​ថាច់ ហាស់​សំអាង ពេលដែលសួរសំណួរដំបូងថា មូលហេតុអ្វីបានជាឈប់ឲ្យពលរដ្ឋរងគ្រោះដីធ្លីស្នាក់នៅក្នុងវត្តទៀតនោះ? គឺព្រះអង្គឆ្លើយថា រឿងនេះត្រូវសួរទៅជ្ញាធរ ប៉ុន្តែយូរបន្តិច ព្រះអង្គមានសង្ឃដីកាថា ករណីឈប់ឲ្យពលរដ្ឋរងគ្រោះដីធ្លីស្នាក់នៅវត្តសាមគ្គីរង្សីទៀតនោះ ដោយ សារព្រះអង្គគ្មានថវិកាសម្រាប់ចំណាយលើថ្លៃទឹកភ្លើងពេលពលរដ្ឋស្នាក់នៅក្នុងវត្ត។

ព្រះអង្គរមានសង្ឃដីកាថា«អាហ្នឹង ទាល់តែទៅសម្ភាសន៍អាជ្ញាធរបានដឹង សម្ភាសន៍លោក ម៉េចបាន។ អើ! និយាយរួមលោក មានការនឿយហត់ អញ្ចឹងទៅលោកក៏សម្រាកជួយទៅប្រជាពលរដ្ឋតែប៉ុណ្ណឹងឯង លោកបងគ្មានអីទេ»

គួររំលឹកថា រយៈពេលប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថា ពលរដ្ឋមានជម្លោះដីធ្លីមកពីបណ្តាខេត្តនានាដែលឡើងតវ៉ារកដំណោះស្រាយវិវាទដីធ្លីពីអាជ្ញាធរថ្នាក់ជាតិនៅរាជធានីភ្នំពេញ គឺពួកគេតែងតែស្នាក់នៅក្នុងវត្តសាមគ្គីរង្សីស្ថិតខណ្ឌមានជ័យ និងវត្តចាស់ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរងចាំដំណោះស្រាយពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធ។ ចំណែកវត្តផ្សេងៗទៀតគេកម្រឃើញព្រះសង្ឃអនុញ្ញាតឲ្យអ្នកមានជម្លោះដីធ្លីស្នាក់នៅណាស់ ដោយសារខ្លាចអាជ្ញាធររករឿង ដែលបញ្ហានេះធ្វើឲ្យកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋមានជម្លោះដីធ្លីកាន់តែរួមតូច៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។