មូលហេតុបក្សកាន់អំណាច៦១ឆ្នាំនៅម៉ាឡេស៊ីចាញ់ឆ្នោត

រូបភាព៖ វេបសាយបរទេស

លទ្ធផលនៃការបោះឆ្នោតនៅម៉ាឡេស៊ីកាលពីម្សិលមិញធ្វើឲ្យពិភពលោកចាប់អារម្មណ៍ទៅលើពីរចំណុចសំខាន់គឺទី១ គណបក្សBarisan Nasional ដឹកនាំប្រទេស៦១ឆ្នាំគឺចាប់ពីការទទួលបានឯករាជ្យពីប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៥៧មកបានចាញ់ ហើយទី២ មេដឹកនាំថ្មីប្រទេសនេះមានវ័យចាស់ជាងគេលើពិភពលោកគឺលោក មហាធា មហាមេដ វ័យ៩២ឆ្នាំ។​

លទ្ធផលនៃការបោះឆ្នោតនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ អ្នកវិភាគនិងអ្នកនយោបាយនៅលើពិភពលោក។​

លទ្ធផលបឋមបង្ហាញថា គណបក្សប្រឆាំងទទួលសំឡេងគាំទ្រ១២១អាសនៈ ចំណែកគណបក្សកាន់អំណាចទទួលបានតែ៧៩អាសនៈប៉ុណ្ណោះ។​

កត្តាធម្មជាតិ​

ការដឹកនាំយូរតែងតែមានកំហុសកាន់តែច្រើន ខណៈសមាជិកសង្គមនោះមានសមត្ថភាពមើលឃើញកំហុសទាំងនោះ។​ ស្របពេលដែលបណ្តាប្រទេសមួយចំនួន​ដូរមេដឹកនាំជាបន្តបន្ទាប់ ពិសេសប្រទេសជឿនលឿន​មួយចំនួន​សុទ្ធតែបានកំណត់អាណត្តិមេដឹកនាំផងដែរអាចពីរ ឬ បីអាណត្តិ។ ដូច្នេះចំណុចនេះក៏អាចជាមូលហេតុមួយដែលធ្វើឲ្យពលរដ្ឋមានអារម្មណ៍ចង់ផ្តាស់មេដឹកនាំថ្មី ឬ ផ្តល់ឱកាសឲ្យអ្នកដែលមើលឃើញកំហុសរដ្ឋាភិបាលដឹកនាំប្រទេសវិញម្តង។​

កំហុសរដ្ឋាភិបាល​ និងបុគ្គល​នាយករដ្ឋមន្ត្រី

មានការចោទប្រកាន់ថា រដ្ឋាភិបាលដឹកនាំដោយគណបក្ស Barisan Nasional បានធ្វើឲ្យប្រទេសចុះខ្សោយហាក់ស្ថិតនៅក្រោមសម្ពាធនៃប្រទេសចិន​ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។​

បញ្ហាជីវភាពប្រចាំថ្ងៃពលរដ្ឋនិងបក្សប្រឆាំងចោទរដ្ឋាភិបាលថា មិនបានធ្វើឲ្យមានភាពល្អប្រសើរដល់ការរស់នៅរបស់ពលរដ្ឋទេគឺ ការចំណាយផ្សេងៗលើជីវភាពប្រចាំថ្ងៃឡើងថ្លៃជាលំដាប់។​

មួយរយៈចុងក្រោយនេះ មានការចោទប្រកាន់នាយករដ្ឋមន្ត្រីលោក​ Najib Razak ដែលពេលនេះចាញ់ឆ្នោត កេងបន្លំយកលុយអភិវឌ្ឍន៍ជាតិចំនួន​៧០០លានដុល្លារអាមេរិក​ ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។​

បញ្ហាប្រព័ន្ធយុត្តិធម៌ប្រទេសនេះ ក៏រងការចោទថា ស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច ធ្វើឲ្យអ្នកដែលមាននិន្នការនយោបាយប្រឆាំងប្រឈមជាប់ពន្ធនាគារ។ ជាក់ស្តែងមេដឹកនាំគណបក្សប្រឆាំងលេចធ្លោរមួយរូបគឺលោក​ Anwar Ibrahim កំពុងជាប់ពន្ធនាការដោយចោទថា មានកំហុសក្នុងទំនាក់ទំនងផ្លូវភេទ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានគេមើលឃើញថា គ្រាន់តែជាលេសមួយដើម្បីចាប់​អ្នកប្រឆាំងដាក់ពន្ធនាគារ។​

ចូលរួមសម្ព័ន្ធគណបក្សប្រឆាំង

កាលពីឆ្នាំ២០១៦ មានការរួបរួមគ្នារវាងគណបក្សប្រឆាំងផ្សេង បង្កើតគណបក្សប្រឆាំងធំមួយឈ្មោះ​ Pakatan Harapan ឬហៅសម្ព័ន្ធនៃក្តីសង្ឃឹម។​ ចលនានេះ​ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្រទាប់មហាជន ដោយសារតែមានការបង្ហាញពីគោលនយោបាយថ្មី ហើយពិសេសនោះមានការដឹកនាំពីអ្នកនយោបាយជើងចាស់លោក Mahathir Mohamad។​

លោក​ Mahathir Mohamad ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល២២ឆ្នាំ ពេលដែលលោកនៅក្នុងគណបក្សកាន់អំណាចបច្ចុប្បន្ន ហើយលោកក៏ប្រកាសចូលនិវត្តន៍ប៉ុន្តែដោយ សារតែលោកមើលឃើញ កំហុសមេដឹកនាំបច្ចុប្បន្នទើបប្រកាសចូលធ្វើនយោបាយវិញ។​

អតីតកាល លោក​ Anwar Ibrahim ក៏ជាអ្នកធ្វើនយោបាយប្រឆាំងជាមួយលោក​ Mahathir Mohamad ដែរ ប៉ុន្តែក្នុងការបោះឆ្នោតនៅអាណត្តិទី១៤នេះ គឺលោក លោក​ Anwar បានអំពាវនាវឲ្យអ្នកគាំទ្រលោក​បោះឆ្នោតឲ្យលោក​ Mahathir។ ចំណុចទាំងនេះ ធ្វើចលនានៃក្រុមប្រឆាំងកាន់តែកើនឡើងខ្លាំង រហូតអាចដូររដ្ឋាភិបាល​បុកគ្រឹះ៦១ឆ្នាំនេះបាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ