Global Witness ថ្កោលទោស​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​

ជន​ដៃ​ដល់ដែល​បាន​បាញ់សម្លាប់លោក​ កែម​ ឡី

អង្គការ Global Witness នៅថ្ងៃនេះ បានថ្កោលទោសយ៉ាងដាច់ខាតចំពោះឃាតកម្មដ៏ឃោឃៅទៅលើលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃអាទិត្យនេះ។

លោក Patrick Alley សហស្ថាបនិកនៃអង្គការ Global Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានថ្លែងប្រាប់វីអូឌីតាមរយៈសារអេឡិចត្រូនិចនៅថ្ងៃអាទិត្យនេះថា នេះគឺជាឃាតកម្មថ្មីបំផុតទៅលើសកម្មជន និងអ្នកកាសែតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានធ្វើឡើង ដើម្បីវាយប្រហារទៅលើសំឡេងប្រឆាំង និងអនុញ្ញាតឲ្យវប្បធម៌និទណ្ឌភាពបន្តកើតមាន។

លោក Patrick Alley ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យទៅលើមូលហេតុនៃអំពើឃាតកម្មនេះ។ លោកបន្តថា៖ «ប្រសិនបើគេរកឃើញថា គាត់ [កែម ឡី] ត្រូវបានគេសម្លាប់ដោយសារតែសកម្មភាពរបស់លោកនោះ នគរបាលត្រូវតែស្វែងរកអ្នកទាំងឡាយដែលបញ្ជាឲ្យសម្លាប់ ហើយមិនត្រូវបញ្ឈប់ការស៊ើបអង្កេតត្រឹមការចាប់ខ្លួនខ្មាន់កាំភ្លើងនោះឡើយ»។

លោក Patrick Alley ក៏បានអំពាវនាវទៅដៃគូជំនួយអន្តរជាតិសម្រាប់កម្ពុជា ឲ្យថ្កោលទោសចំពោះឃាតកម្មនេះផងដែរ និងឲ្យគាំទ្រចំពោះសេចក្ដីអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ទៅលើឃាតកម្មនេះ។

លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគសង្គមឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅប្រហែលម៉ោង ៩ព្រឹកថ្ងៃទី១០ ខែកក្កដានេះ នៅក្នុងម៉ាត ស្ថិតក្នុងការ៉ាសស៊ាំងកាល់តិច ម្ដុំស្តុបបូកគោ។

ជនដៃដល់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកថ្ងៃដដែលនេះ ប៉ុន្តែ ពុំមានព័ត៌មានលម្អិតទាក់ទងនឹងមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ