លោក កែម ឡី៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ”

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ភរិយារបស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជារឿងនយោបាយ ដោយច្រានចោលការលើកឡើងពីរឿងជំពាក់លុយគេ។

លោក កែម ឡី ដែលមានស្រុកកំណើតនៅខេត្តតាកែវនិងជាអ្នកស្រាវជ្រាវមួយរូបធ្លាប់បាននិយាយទៅកាន់សាធារជនថា៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ។ ខ្ញុំចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន  នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ។ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាច យើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្តល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ អញ្ចឹងហើយបានខ្ញុំហ៊ាននិយាយបែបនេះ”។

លោក កែម ឡី បានឲ្យយោបល់ថាការវិភាគឬការផ្តល់យោបល់ត្រូវមានលក្ខណៈវិទ្យាសាស្រ្តឲ្យច្រើននិងមានភស្តុតាងត្រឹមត្រូវ។ លោកបញ្ជាក់ថា៖ “ជាទូទៅខ្ញុំដាក់ខ្លួនថានៅពេលដែលយើងចាប់ផ្តើមវិភាគ យើងត្រូវមានលិខិតឆ្លងដែនមួយហើយមានវីសា(ទិដ្ឋាការ)បី។ ទីមួយបើសិនជាគេមិនសប្បាយចិត្ត គេឲ្យយើងទៅមន្ទីរពេទ្យ យើងទៅ ទៅ មិនសប្បាយ គេឲ្យយើងទៅព្រៃស យើងទៅ ទៅ ហើយបើសិនជាគេមិនសប្បាយចិត្ត ហើយគេឲ្យយើងទៅវត្តព្រះពុទុ្ធ យើងទៅ ទៅ អាហ្នឹងបានយើងវិភាគទៅ យើងបញ្ចេញយោបល់ទៅ វាត្រូវជ្រុងណា។ ក៏ប៉ុន្តែបើសិនជាយើងខ្លាចនូវវីសាបីហ្នឹងទេ ខ្ញុំគិតថាវាពិបាកនឹងផ្តល់ផលដល់សង្គម”។

លោកបន្ថែមថា៖ “ខ្ញុំអំពាវនាវឲ្យយុវជនជំនាន់កណ្តាលឬក៏ជំនាន់ក្រោយហ្នឹង កាន់តែមានសេចក្តីក្លាហានឡើង យើងធ្វើម៉េចផ្តល់យោបល់ព័ត៌មានដែលមានភស្តុតាងត្រឹមត្រូវ មានលក្ខណៈវិទ្យាសាស្រ្ត មានឧទាហរណ៍ឲ្យច្រើនហើយប្រកបដោយក្រមសីលធម៌ខ្ពស់”។

លោក កែម ឡី បានឲ្យជាយោបល់ថា៖ “អ្វីដែលជាផលវិបាក បើសិនជាយើងវិភាគ ហើយខ្លាចបរិយាកាសនយោបាយ។ បើយើងវិភាគ យើងបារមុ្ភខ្លាចគេសម្លាប់ ខ្លាចជាប់គុក ខ្លាចគេធ្វើបាប។ អញ្ចឹងខ្ញុំគិតថាយើងវិភាគអត់ត្រូវជ្រុងទេ។ អញ្ចឹងខ្ញុំគិតថាផ្តាំដល់សាធារជន យុវជន យើងនិយាយអីជាការពិត កម្រិតនៃការយល់ដឹងយើងប៉ុណ្ណា យើងនិយាយប៉ុណ្ណឹង”។

លោកបានអំពាវនាវឲ្យយុវជនចេះបញ្ចេញគំនិតទៅលើបញ្ហាអ្វីមួយ ប្រសិនបើពួកគេមានគោលដៅពិតប្រាកដក្នុងការជួយសង្គម។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមើលទៅអ្នកអត្ថាធិប្បាយ អ្នកផ្តល់យោបល់នៅក្នុងសង្គម ប្រសិនបើគាត់មានគោលដៅពិតប្រាកដ ថាគាត់ជួយសង្គមពិតប្រាកដ ហ្នឹងខ្ញុំគិតថាវាមិនប៉ះពាល់ទេ។ ដោយសារអីយើងត្រូវតែហ៊ានប្រឈមណាស់ បើយើងចង់និយាយការពិតជៀសវាងយើង និយាយការពារ”។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ(រូបថត៖ស៊ុន ណារិន)
លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ(រូបថត៖ស៊ុន ណារិន)

ព្រះសង្ឃប៊ុត ប៊ុនតិញ ដែលតែងតែចូលរួមការតវ៉ានិងសកម្មភាពសង្គមនានា បានសរសេរនៅលើហ្វេសប៊ុករបស់លោក ក្រោយការបាញ់សម្លាប់លោក កែម ឡី ថា៖ “ភាសាចុងក្រោយរបស់លោកបណ្ឌិត កែម ឡីកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ទី០៧ ខែមិថុនា ឆ្នាំ២០១៦។ គាត់និយាយថា “គេនឹងសម្លាប់យើងទាំងពីរនាក់ កែម ឡី និងប៊ុត ប៊ុនតិញ។ លោកបណ្ឌិតបានដឹងរឿងនេះច្បាស់ណាស់ តែគាត់មិនព្រមគេចខ្លួន”។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក កែម ឡី ត្រូវបានសារព័ត៌មានផ្សេងៗហៅសម្ភាសន៍ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Wintess)ពីរឿងជំនួញធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុន។

លោក កែម ឡី បានធ្វើជាវាគ្មិនក្នុងកម្មវិធីតុមូលអាស៊ីសេរី កាលពីថ្ងៃសុក្រលើប្រធានបទ”តើសែស្រឡាយមេដឹកនាំមានសិទ្ធិធ្វើជំនួញឬទេ”? ចំណែកវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA)បានសម្ភាសន៍រូបលោកពីរបាយការណ៍នេះផងដែរ។ VOAបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា៖ “អ្នកស្រាវជ្រាវសង្គមគឺលោកកែម ឡី បានថ្លែងថាការសិក្សារបស់លោករកឃើញថារបាយការណ៍នោះនឹងជួយឲ្យក្រុមអ្នកបោះឆ្នោត ក្រុមអ្នកជំនួញនិង ក្រុមមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតមានព័ត៌មានដើម្បីសម្រេចចិត្តនិងពិចារណា។ VOAបន្ថែមថា៖ “លោកកែម ឡីបានអះអាងថា បញ្ហាសំខាន់មិនមែនប្រតិកម្មតបទេគឺការបកស្រាយឲ្យពលរដ្ឋបានយល់ច្បាស់និងផ្តល់ព័ត៌មានពិត។ លោកថ្លែងថាប្រសិនបើរដ្ឋាភិបាលចង់ប្តឹងអង្គការGlobal Witness លោកលើកទឹកចិត្តហើយបើចង់ស្រាវជ្រាវរកការណ៍ពិត លោកក៏រីករាយនឹងចូលរួមដែរ។ លោកបានអះអាងថារបាយការណ៍នេះជាភស្តុតាងប្រវត្តិសាស្ត្រ ហើយរដ្ឋាភិបាលក្រោយៗអាចសើរើថារឿងក្តោបក្តាប់សេដ្ឋកិច្ចរបស់គ្រួសារនាយករដ្ឋមន្ត្រីវាសមស្របឬមិនសមស្រប។ តែលោកថា ប្រទេសខ្លះ ក៏មានការសម្របសម្រួលបែបនយោបាយដែរ”។

បើពិនិត្យទៅលើប្រព័ន្ធសង្គមវិញ លោក កែម ឡី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ពីរឿងកំប្លែងទី១៩“សួនសត្វសាហាវ”។ នៅចុងក្រោយនៃសំណេរនោះ លោក កែម ឡី បានបញ្ជាក់ថា៖ “មនុស្សមានប្រាជ្ញាបានរៀនសូត្រច្រើន និងមានការគិតស៊ីជម្រៅ មិនត្រូវដឹកនាំបែបសាច់រឿងខាងលើឡើយ”។

ខាងក្រោមនេះជាសាររបស់លោក កែម ឡី៖

“នៅក្នុងសួនមួយឈ្មោះថាសួននយោបាយសត្វ មានសត្វចម្រុះដែលរស់នៅលាយឡំគ្នា រួមទាំង សត្វតោ ខ្លា គោ ក្របី សេះ មាន់ ទា ចាប លលកនិងសត្វជាច្រើនទៀត។ នៅជ្រុងមួយនៃសួន មានដើមឈើជាច្រើនដែលមានផ្លែច្រើននិងមានចំណីជាច្រើនក្រៃលេងនៅទីនោះ តែកន្លែងផ្សេងៗទៀតមិនសូវមានអាហារហូបទេ។

សត្វសាហាវៗដូចជា ពស់វែក ខ្លា តោ ។ល។ បានជួបជុំគ្នា និង រកល្បិចបំភ័យ សម្លុត គំរាមសត្វទាំងឡាយនៅក្នុងសួនជាមួយគ្នាកុំឲ្យទៅទីនោះ ព្រោះបារម្ភសត្វដទៃនាំគ្នាទៅទីនោះច្រើនកុះករដែលបណ្តាលឲ្យអស់ចំណី។ ក្រោយពីប្រជុំគ្នារួច សត្វខ្លាបានប្រកាសថា ពពួកសត្វទាំងឡាយអើយ កុំទៅជ្រុងមួយនៃសួនឲ្យសោះព្រោះមានបីសាចសាហាវនិងតែងតែស៊ីយើងទាំងរស់ ។ ចំណែកសត្វតោបានប្រកាសថា នៅទីនោះមានទ្រុងពួកព្រានដែលតែងតែចាប់យើងយកធ្វើជាម្ហូបអាហារ និងមិនងាយរួចខ្លួនទេ។ លើសពីនេះ សត្វពស់វែកបានបញ្ចេញយោបល់ថា ជ្រុងនោះជាជ្រុងមានជ្រោះសែនជ្រៅដែលអាចឲ្យយើងធ្លាក់ចូលដោយពុំដឹងខ្លួនរហូតស្លាប់គ្មានថ្ងៃកើតមកវិញទេ។

ពពួកសត្វជាពិសេសសត្វស្លូតៗ សត្វល្អៗ និងសត្វស្រុកដែលមានប្រយោជន៍ដល់សង្គមបានឭដំណឹងដូចនេះ ក៏ចាប់ផ្តើមភ័យខ្លាច និងមិនហ៊ានទៅទីនោះទេ និងថែមទាំងបានព្យាយាមរស់ នៅនិងសម្ងំក្នុងព្រៃធម្មតា។ សត្វមាន់បានឆ្លើយថា សុខចិត្តរស់នៅក្នុងព្រៃតូចមួយដែលមានសេរីភាព ប្រសើរជាងរស់នៅក្នុងព្រៃធំសម្បូរដោយសត្វខ្លា និងសត្វសាហាវនានា ។

មានសត្វស្លូតៗដូចជា គោ សេះ ពពែ សាកល្បងទៅទីនោះ តែត្រូវសត្វសាហាវលួចខាំសុីដោយគ្មានមេត្តា ដែលបន្សល់នូវព័ត៌មានប្រកបដោយការភ័យខ្លាច ។ សម្លាប់មួយបន្លាចមួយពាន់ ។ ដោយស្ថានភាពបែបនោះ ធ្វើឲ្យសត្វនានាដែលជាសត្វមានគុណតម្លៃខ្ពស់មិនហ៊ានទៅទីនោះរហូតមកដល់បច្ចុប្បន្ននេះ ។

សត្វគោបានស្រែកថា សុខចិត្តនៅបម្រើមនុស្សស្លូតៗ ប្រសើរជាងទៅទីនោះដែលមានវាសនាអាក្រក់ បើមិនជាប់ទ្រុង ឬរត់ចោលទ្រុង ក៏ត្រូវសត្វសាហាវសម្លាប់ដែរ ។

រីឯសត្វសាហាវៗ ដូចជា ខ្លា តោ ពស់ ។ល។ បាននាំគ្នាទៅទីនោះ និងទទួលបានចំណីឆ្ងាញ់ៗ ព្រមទាំងព្យាយាមកាន់កាប់ គ្រប់គ្រងតំបន់នោះទៅតាមកម្លាំង និងសមត្ថភាព ។

តោដែលមានកម្លាំងខ្លាំងជាងគេបានប្រាប់ពួកសត្វសាហាវថា យើងខ្លាំងជាងគេ ត្រូវគ្រប់គ្រងសួននេះទាំងមូល និងតំបន់មានចំណីច្រើន យើងគ្រប់គ្រងទាំងស្រុង បើអ្នកចង់បានចំណី ចាំយើងចែកឲ្យសុី ។

មួយឆ្នាំក្រោយមក តោនោះចាស់ បញ្ជាលែងមានអ្នកស្តាប់ សត្វខ្លាបានឡើងកាន់កាប់ម្តង និងចេញបទបញ្ជាដោយខ្លួនឯងថា មិនអាចនរណាមកបំផ្លាញយើងបានទេ ។ ករណីសត្វណាព្យាយាមប្រឆាំងយើង ត្រូវតែចាប់ ចោទ ឃុំ និង សម្លាប់ ។

ក្រោយពីសត្វខ្លាអស់ចង្កូមមក សត្វពស់វែករឹតតែសាហាវបានមកកាន់កាប់ និងគ្រប់គ្រងសួននេះម្តង ។ ជាបន្តបន្ទាប់មក សួននេះ ត្រូវបានគ្រប់គ្រង និង ត្រួតត្រាដោយសត្វសាហាវៗមិនចេះចប់ ។

សត្វស្លូតៗដែលទទួលរងការកាប់សម្លាប់ឥតឈប់ឈរបានប្រជុំគ្នានិងលើកឡើងថា បងប្អូនយើងស្លាប់អស់ច្រើនណាស់ ករណីដែលសត្វល្អៗ សត្វស្លូតៗ សត្វដែលមានប្រយោជន៏ដូចពួកយើងនេះមិនរួមគ្នា មិនហ៊ានប្រឈម និងមិនចូលរួមប្រកួតប្រជែងនៅតំបន់នោះទេ និង នាំគ្នាចេះតែភ័យខ្លាចដូចសព្វថ្ងៃនេះ ចំណីទាំងឡាយ ភាពភ័យខ្លាច ភាពខ្វល់ខ្វាយ បញ្ហាទាំងឡាយ នៅតែគ្រប់គ្រង ត្រួតត្រា និង ចាត់ចែងដោយពពួកសត្វសាហាវទាំងនោះជារៀងរហូត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ