មហាជន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី​

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (រូបថត៖ស៊ុន ណារិន)

លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងសង្គមឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់នៅក្នុងម៉ាត នៅម្ដុំស្តុបបូកគោ នៅប្រហែលម៉ោង ៩ព្រឹកថ្ងៃអាទិត្យនេះ។

ឃាតកម្មទៅលើលោក កែម ឡី ត្រូវបានមហាជនប្រតិកម្មជាបន្តបន្ទាប់រហូតមកដល់រសៀលថ្ងៃទី១០ ខែកក្កដានេះ។

គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបង្ហាញក្ដីរន្ធត់ និងក្ដីសោកស្ដាយយ៉ាងខ្លាំង ចំពោះឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី។

គណបក្សប្រឆាំងក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឃាតកម្មនេះ ហើយបានអំពាវនាវឲ្យសមត្ថិកច្ចធ្វើការស៊ើបអង្កេតប្រកបដោយឯករាជ្យ និងចាប់ខ្លួនឃាតករពិតមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ។

ខណៈពេលនេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ក៏បានថ្កោលទោសចំពោះអំពើឃាតកម្មនេះផងដែរ ហើយបានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់។

ក្រៅពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ក៏បានបង្ហាញផងដែរ នូវភាពតក់ស្លុតរបស់ពួកគេ និងថ្កោលទោសជាបន្តបន្ទាប់ ចំពោះឃាតកម្មទៅលើអ្នកវិភាគព្រឹត្តិការណ៍សង្គមរូបនេះ នៅចំកណ្ដាលរាជធានីភ្នំពេញ។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា វាគឺជាការបាត់បង់ដ៏ធំនូវក្បាលម៉ាស៊ីនដឹកនាំខាងបញ្ចេញមតិនៅក្នុងសហគមន៍សង្គមស៊ីវិលកម្ពុជា។

ចំណែកលោកបណ្ឌិត សុខ ទូច ដែលជាអ្នកវិភាគនយោបាយកម្ពុជាមួយរូបផងដែរ បានបង្ហាញសារនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរថា លោកតក់ស្លុតយ៉ាងក្រៃលែងចំពោះឃាតកម្មលើលោក កែម ឡី ដែលលោក សុខ ទូច ចាត់ទុកជាការបាត់បង់បញ្ញាវន្តមួយរូប និងកញ្ចក់សង្គមដ៏សំខាន់របស់ប្រទេសកម្ពុជា។

ក្នុងនាមជាអ្នកវិភាគនយោបាយ និងសង្គមដូចគ្នា លោក សុខ ទូច បានបញ្ជាក់ថា លោក កែម ឡី គឺជាបញ្ហាវន្តមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញាវន្តជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅផងដែរ។

ចំណែកអ្នកវិភាគសង្គមនយោបាយម្នាក់ទៀត លោក អ៊ូ វីរៈ ក៏បានបង្ហាញផងដែរនូវភាពតក់ស្លុតរបស់លោកចំពោះការបាត់បង់លោក កែម ឡី ដែលលោក វីរៈ ចាត់ទុកជាមិត្តភក្តិ និងជាសហការី។ លោក វីរៈ ដែលកំពុងតែស្ថិតនៅឯសហរដ្ឋអាមេរិកនោះ បានចាត់ទុកឃាតកម្មនេះជាអំពើយង់ឃ្នង់ និងកំសាក ដែលជះឥទ្ធិពលទៅលើការបញ្ចេញមតិដោយសេរីនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីអង្គការសង្គមស៊ីវិល និងក្រុមអ្នកវិភាគព្រឹត្តិការណ៍សង្គមខាងលើ មហាជនទូទៅ ក៏បានបង្ហាញភាពតក់ស្លុតចំពោះឃាតកម្មទៅលើ លោក កែម ឡី ដោយអ្នកខ្លះបានបង្ហាញការកាន់ទុក្ខ និងផ្ញើសាររំលែកទុក្ខទៅដល់ក្រុមគ្រួសារជនរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ