បក្ស​កាន់​អំណាច​ថ្កោលទោស​ការបាញ់ប្រហា​រលើ​លោក កែម ឡី​

សពរបស់លោក កែម ឡី(រូបថត៖ កាន់​ វិច្ឆិកា)

គណបក្សកាន់អំណាច បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហារទៅលើលោកបណ្ឌិត កែម ឡី នៅក្នុងម៉ាតស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច នៅព្រឹកថ្ងៃអាទិត្យនេះ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយនៅរសៀលថ្ងៃនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការសោកស្ដាយយ៉ាងក្រៀមក្រំបំផុតចំពោះឃាតកម្មទៅលើអ្នកវិភាគសង្គមរូបនេះ។

គណបក្សកាន់អំណាចក៏បានអំពាវនាវឲ្យសមត្ថកិច្ចបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់តាមនីតិវិធីច្បាប់ ដើម្បីចាប់បញ្ជូនជនល្មើស និងអ្នកផ្សំគំនិត ទៅតុលាការធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយអ្នកនាំពាក្យគណបក្សនេះបញ្ជាក់ថា ជាវិធានការក្នុងការពង្រឹងសន្តិសុខសង្គម ដើម្បីការពារសុវត្ថិភាពជូនប្រជាជនទូទាំងប្រទេស។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានចាត់ទុកឃាតកម្មដ៏ព្រៃផ្សៃនេះទៅលើលោក កែម ឡី ជាការគំរាមកំហែងដល់សិទ្ធិសេរីភាពបុគ្គល ក៏ដូចជាប្រជាពលរដ្ឋទាំងមូល ដែលរស់នៅក្នុងសេរីភាព និងសន្តិភាព។

យោងតាមការអះអាងពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកបណ្ឌិត កែម ឡី អាយុ ៤៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន ២គ្រាប់ និងស្លាប់នៅនឹងកន្លែងកើតហេតុ។

ទោះជាយ៉ាងណា មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ ពុំបានបញ្ជាក់ពីមូលហេតុដែលខ្មាន់កាំភ្លើងបាញ់ប្រហារទៅអ្នកវិភាគបញ្ហាសង្គមរូបនេះនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ