នៅម៉ោងប្រហែល៥ល្ងាច នៅមុខសាលសន្និសីទចតុមុខ អ្នកចូលរួមជាច្រើនអ្នក មកពីស្ថាប័នខុសៗគ្នាចាប់ផ្តើមមកដល់បណ្តាក់ៗគ្នាជាបន្តបន្ទាប់។ ភ្ញៀវផ្សេងៗ ចាប់ផ្តើមមកដល់ ខណៈកម្មវីធីកំពុងតែចាប់ផ្តើម។ នៅទីលានមុខសាល អ្នកខ្លះផ្តុំគ្នាជាក្រុមនិយាយគ្នាពីនេះពីនោះ សើចផង ធ្វើមុខស្ងួតផង ទៅតាមរឿងដែលគេនិយាយ អ្នកខ្លះក៏នាំគ្នាទៅថតរូបនៅលើឆាកតូចមួយនៅមុខនោះ ហើយអ្នកខ្លះទៀតក៏ត្រូវបានអ្នកកាសែតសុំសម្ភាសន៍។ សម្លេងអ៊ូអរ បានបាត់ទៅ មួយរំពេចដែលម៉ោង៦បានឈានចូលមកដល់ ប្រាប់អ្នកចូលរួមទាំងអស់ថា កម្មវិធីដល់ពេលត្រូវចាប់ផ្តើមហើយ តម្រូវឲ្យគេចូលក្នុងសាលធំទាំងអស់គ្នា។
កម្មវិធី មួយម៉ឺនអាល័យ គឺជាកម្មវិធីដែលរៀបចំឡើងដោយក្រុមព្រះសូរិយា សហការជាមួយក្រសួងរប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងដាក់បង្ហាញសំលៀកបំពាក់ខ្មែរ និងខ្សែភាពយន្តខ្មែរ នាទសវត្សឆ្នាំ៦០និង៧០ មក បង្ហាញនិងចាក់បញ្ចាំង ដែលត្រូវបានប្រារព្ធបើកកម្មវិធីនៅកាលពីចុងសប្តាហ៍មុន នៅសាលសន្និសីទចតុមុខ។
ក្នុងរយៈពេលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ សីហា កម្មវិធីមានចាក់បញ្ចាំងភាពយន្តខ្មែរសម័យទសវត្សឆ្នាំ៦០និង៧០ ចំនួន៦រឿង ដែលត្រូវបានស្រាវជ្រាវមកជាបន្តបន្ទាប់ដោយក្រុមព្រះសុរិយា មានដូចជា រឿង «គូកម្មទេបង» រឿង «ចន្ទគ្រឿហ្វា» រឿង «បុប្ផាអង្គរ» រឿង «មួយម៉ឺនអាល័យ» រឿង «បំណុល» និងរឿង «បិសាចតណ្ហា» ជាដើម។
លោក យាង វណ្ឌី ប្រធានក្រុមព្រះសូរិយា និង ជាអ្នករៀបចំកម្មវិធីនេះ ឡើងបាននិយាយថា កម្មវិធីនេះគឺធ្វើឡើងដើម្បីលើកយកវប្បធម៌សម័យទសវត្សឆ្នាំ៦០ និង៧០ ដែលស្ទើរតែរលុបបាត់នោះ មកបង្ហាញ និង លើកកម្ពស់សារជាថ្មី ក្នុងគោលបំណងឲ្យយុវជន ឬ សិល្បករសម័យក្រោយធ្វើការគាំទ្រ ហើយថែរក្សា អភិវឌ្ឍន៍វិស័យភាពយន្តនេះទាំងអស់គ្នា។
លោកថា៖ «គោលបំណងទី១ ផ្សព្វផ្សាយអំពី ឯកសារភាពយន្តដែលពួកខ្ញុំ រកឃើញនៅតាមបណ្តាខេត្តនិងនៅតាមប្រទេសមួយចំនួន ដែលធ្លាប់បានបញ្ចាំងភាពយន្តខ្មែរយើង ហើយមួយទៀត គឺដើម្បីប្រមូលថវិកាជួយសិល្បករចាស់ៗ ហើយមួយកិច្ចការស្រាវជ្រាវ។ គាត់ថែរក្សាទាំងអស់គ្នា បើសិនជាយើងមិនថែរក្សា យើងនឹងបាត់បង់ថ្ងៃណាមួយ ហើយភាពយន្តទាំងអស់ វានឹងកប់ចោល[…]»។
កំពុងតែថតរូបឲ្យមិត្តភក្តិ កញ្ញា រតនា ជានិសិត្សឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា នាងសប្បាយចិត្តណាស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ ព្រោះថានាងជាអ្នកចូលចិត្តវប្បធម៌បុរាណ សិល្បៈបុរាណមករហូតមក។ នាងថា កម្មវិធីនេះ នឹងបានចូលរួមមួយចំណែកក្នុងការលើកកម្ពស់ភាពយន្តខ្មែរសម័យមុន ព្រមទាំងធ្វើឲ្យយុវជនខ្មែរងាកមកគាំទ្រនិងស្គាល់ពីតម្លៃវប្បធម៌សម័យមុនកាន់តែច្រើន។
នាងថា៖ «ខ្ញុំមើលទៅឃើញថា រឿងពីមុនហ្នឹង អត្ថន័យនៃការសំដែង អត្ថន័យរឿង មើលទៅវាថាល្អ អីចឹងម្យ៉ាងយើងចង់ថែរក្សាអ្វី ដែលជារបស់យើងធ្លាប់មាន យើងមានអាចាស់ ចឹងទៅយើងថែរក្សាកុំឲ្យវាបាត់បង់។ …ដើម្បីកុំឲ្យវប្បធម៌ទាំងអស់បាត់បង់ យើងថែរក្សា យើងនាំគ្នារំលឹកម្តងម្កាល ពេលមានកម្មវិធី…»។
កំពុងឈរញញឹមញញែម ដើម្បីឲ្យអ្នកកាសែតបានថតរូប ព្រមទាំងងាកនិយាយជាមួយតារាផ្សេងទៀត តារាសំដែងជើងចាស់ អ្នកស្រី ស៊ុនណារី ម៉ូនីកា បានលើកឡើងដែរថា អ្នកស្រីមានការគាំទ្រខ្លាំងចំពោះវិស័យភាពយន្តខ្មែរពីសម័យមុន ហើយថា អ្នកស្រីរីករាយ ដែលមានកម្មវិធិបែបនេះ ត្រូវបានរៀបចំឡើង ដើម្បីកុំឲ្យវប្បធម៌សម័យមុនត្រូវបានកប់ចោល។
អ្នកស្រីថា៖ «បងឧស្សាហ៍ប្រាប់ប្អូនៗ អ្នកសិល្បៈជំនាន់ក្រោយ យើងត្រូវធ្វើម៉េច កុំភ្លេចពីជំនាន់ដើមអញ្ចឹង យើងត្រូវយកមកបង្ហាញឡើងវិញ។…ចង់ឲ្យបងប្អូនជំនាន់ក្រោយ ឲ្យរំលឹកឡើងវិញ ហើយកុំឲ្យភ្លើតភ្លើននឹងការឥឡូវនេះ ដូចថាវា នេះពេក ដល់ចឹងហើយចង់ឲ្យបងប្អូនកម្ពុជា រំលឹកឡើងវិញ ងាកមកលើកស្ទួយខ្មែរយើងពីជំនាន់ដើមវិញ ដើម្បីកុំឲ្យភ្លេច»។
នៅក្នុងសាលដែលកៅអីភាគច្រើនត្រូវបានគេអង្គុយហើយនោះ សម្លេងអ៊ូអរដោយមនុស្សនិយាយគ្នាក៏បាត់ ហើយសម្លេងតែមួយដែលមាន គឺចេញពីពិធីករ ឬអ្នកថ្លែងសុទ្ទរកថា ឬជាសម្លេងភ្លេងទៅវិញ។ នៅក្នុងកម្មវិធីបើក កម្មវិធីមានតាំងពីការថ្លែងសុទ្ទរកថាពីអ្នករៀបចំ មានការបង្ហាញខ្លួនសិល្បករពីសម័យទសវត្ស៦០ និង៧០ មានការច្រៀងចម្រៀងសម័យដើម រហូតដល់ការចាក់ផ្សាយកុនរឿង «មួយម៉ឺនអាល័យ» ផងដែរ។
ថ្លែងនៅក្នុងពីធីនោះ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក សោម សុគន្ធ ក៏បានទទួលស្គាល់ដែរថា ដោយសារតែសម័យសង្គ្រាម វិស័យកុន និង វប្បធម៌ចំណាស់ភាគច្រើនត្រូវបានបាត់បង់។ លោកថា លោកមានមោទនភាព និងសប្បាយចិត្តដែលកម្មវិធីនេះ បានធ្វើឲ្យវិស័យកុនខ្មែរសម័យដើមមានជីវិតឡើងវិញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ស្នាដៃទាំងនេះ នឹងក្លាយជាមេរៀន និងបទពិសោធន៍សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីរួមគ្នាជម្រុញការអភិវឌ្ឍ និងលើកកម្ពស់គុណភាពផលិតផលភាពយន្តជាតិ ធានាការផ្គត់ផ្គង់ទីផ្សារភាពយន្តក្នុងស្រុក ប្រកបដោយចីរភាព កាត់បន្ថយការហូរចូលនៃផលិតផលនៃភាពយន្តបរទេស»។
ថវិកាដែលប្រមូលបានមកពីការលក់សំបុត្រ ត្រូវបានក្រុមព្រះសុរិយា ឱ្យដឹងថា មួយចំណែកជួយដល់សិល្បករដែលចូលនិវត្តន៍ ហើយមានជីវភាពខ្សត់ខ្សោយ និងមួយចំណែកទៀត សម្រាប់កិច្ចការស្រាវជ្រាវរបស់ក្រុមផ្ទាល់តែម្តង។
គួរបញ្ជាក់ផងដែរថា សម័យសង្គមរាស្ត្រនិយម ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៧០ ត្រូវបានប្រជាជនកម្ពុជា និង បរទេសមួយចំនួនចាត់ទុកថាជាសម័យមានការអភិវឌ្ឍទាំងវិស័យសង្គមនិងវប្បធម៌។ ការសិក្សា សំណង់អគារ សិល្បៈចាប់ផ្តើមកើនឡើងនិងមានការអភិវឌ្ឍជាលំដាប់។ ដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់នៅសម័យនោះ យុគសម័យសង្គមរាស្ត្រនិយមត្រូវបានដួលរលំ ហើយបន្តមកដោយសង្គ្រាមស៊ីវិលមកជាច្រើនឆ្នាំ៕
រាយការណ៍បន្ថែមដោយ កញ្ញា ថាញ់ ចន្ទសុធារី