ក្រុមNGOsលើកបញ្ហាសិទ្ធិមនុស្សប្រាប់តំណាង​អង្គការសហប្រជាជាតិនៅថ្ងៃ​នេះ​

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត

ក្រុមអង្គការសង្គមស៊ីវិលទៅជួបអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅរសៀលថ្ងៃចន្ទនេះ ដោយថាដើម្បីលើកអំពីបញ្ហាសិទ្ធិមនុស្សនិងបញ្ហាផ្សេងទៀតនៅកម្ពុជា។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២០ ខែតុលានេះ ដើម្បីពិនិត្យមើលស្ថានភាពនយោបាយទូទៅ និងទិដ្ឋភាពផ្សេងៗ នៃការរើសអើង។

ប្រធានផ្នែកស្ត្រី កុមារ និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់សមាគមអាដហុកលោកស្រី ឆន សុគន្ធា បានប្រាប់VODមុនជំនួបនោះថា អង្គការសង្គមស៊ីវិលមួយចំនួនជួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺលោកស្រី រ៉ូណា ស្មីត នៅម៉ោង៤រសៀលនេះ។ លោកស្រីបន្តថា ជំនួបនោះសមាគមអាដហុកលើកពីបញ្ហាសិទ្ធិមនុស្ស ជាពិសេសការចាប់មន្ត្រីអាហុក៤រូប និងមន្ត្រី គ.ជ.ប លោក នី ចរិយា ដាក់ពន្ធនាគារដោយអយុត្តិធម៌ ប្រាប់លោកស្រី រ៉ូណា ស្មីត ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដោះលែងពួកគេឲ្យមានសេរីភាពវិញ៖ “យើងស្នើសុំឲ្យលោកស្រីលើកអំពីបញ្ហាជូនទៅថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល សុំឲ្យតុលាការទម្លាក់ចោលនូវបទចោទចំពោះមន្ត្រីអាដហុកទំាង៤រូប រួមទំាងអគ្គលេខាធិការរង គ.ជ.ប ផងដែរគឺលោក នី ចរិយា“។

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ ដែលត្រូវជួបអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែរនោះ មានប្រសាសន៍ថាបច្ចុប្បន្ននេះ មន្ត្រីអង្គការសិទ្ធិលំនៅឋានមួយចំនួនត្រូវបានអាជ្ញាធរតាមគំរាមកំហែង ខណៈពួកគេចុះអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍។ លោកថា លើកបញ្ហានេះប្រាប់ទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត ដោយថាដើម្បីឲ្យលោកស្រីជួយដាក់សម្ពាធឲ្យរដ្ឋាភិបាកម្ពុជាគោរពតាមកិច្ចព្រមព្រៀងឬសន្ធិសញ្ញាអន្តរជាតិមួយចំនួន ដែលរដ្ឋាភិបាលបានចុះហត្ថលេខាជាមួយ។

លើសពីនេះទៀតលោក សៀ ភារម្យ ថា បើរដ្ឋាភិបាលមិនគោរពតាមកិច្ចព្រមព្រៀងឬសន្ធិសញ្ញាអន្តរជាតិនោះទេ លោកថារដ្ឋាភិបាលនឹងបាក់មុខលើឆាកអន្តរជាតិ៖ “បើសិនជារបាយការណ៍លើកតែពីរឿងពីក្តីបារម្ភខ្លំាងទៅលើការគាប់សង្កត់សិទ្ធិមនុស្ស លើការអភិវឌ្ឍន៍មួយដែលមិនមានតម្លាភាព វាធ្វើឲ្យប្រទេសយើងខាតទំាងមុខមាត់ ខាតទំាងកិត្តិយសរបស់រដ្ឋាភិបាលដែលខិតខំបំរើប្រជាពលរដ្ឋ ហើយមិនត្រូវបានផ្តល់តម្លៃពីអង្គការសហប្រជាជាតិ ហើយត្រូវបានគេស្តីបន្ទោសនៅក្នុងកិច្ចប្រជុំ វាធ្វើឲ្យសេដ្ឋកិច្ចនៅកម្ពុជាយើងរីកចំរើនបានទាន់សភាពការរបស់សកលភាវូបនីយកម្មទេ“។

ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃម្សិលមិញ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានខ្លឹមសារថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី Rhona Smith រយៈពេល ១០ថ្ងៃនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ គ្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល និងអ្នកកាទូតនានាផងដែរ។ ក្រៅពីនេះ អ្នកស្រី Rhona Smith ក៏គ្រោងធ្វើដំណើរទៅកាន់បណ្ដាខេត្តនានា ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា មិនចាប់អារម្មណ៍និងមន្ត្រីអង្គការសង្គមស៊ីវិលដែលគ្រោងលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាប្រាប់ទៅតំណាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនោះទេ តែលោកស្នើឲ្យសង្គមស៊ីវិលដែលរាយការណ៍ទៅត្រូវតែធ្វើឡើងដោយមានភស្តុតាងជាក់លាក់ ដោយថាជាជាងលើកឡើងបំភ្ល័យខុសពីការពិត៖ “បើករណីតែមួយមិនដូចគ្នា អង្គការសិទ្ធិមនុស្សវាយតម្លៃផ្សេងទៅ រដ្ឋាភិបាលវាយតម្លៃផ្សេងទៅ គេថាមិនឯកភាពគ្នាហើយ ព្រោះកាលណាមិនឯកភាពគ្នា គេត្រូវរកមូលហេតុ បានចង់ឲ្យការវាយតម្លៃវាប្រាកដប្រជា ត្រូវផ្អែកទៅលើការពិតជាក់ស្តែង កុំឲ្យលម្អៀងទៅម្ខាងៗវាអត់បញ្ហាទេ“។

ដោយឡែក លោក សុខ ឥសាន បញ្ជាក់ថា ករណីសង្គមស៊ីវិលគ្រោងស្នើឲ្យអ្នកស្រី រ៉ូណា ស្មីត ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដោះលែងមន្ត្រីសង្គមស៊ីវិអាដហុក៤រូបនិងមន្ត្រី គ.ជ.ប រួមទំាងអ្នកទោសនយោបាយមិនអាចទៅរួចនោះទេ ដោយលោកថាកម្ពុជាធ្វើការស្របតាមនីតិរដ្ឋ។

ចាប់តាំងពីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០១៥កន្លងមក អ្នកស្រី Rhona Smith បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន ២លើករួចមកហើយ កាលពីខែកញ្ញាឆ្នាំ២០១៥ និងខែមីនាឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ